ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ក្រៅពីតំបន់មាត់ទន្លេ, ខ្ពង់រាបក៏អំណោយផលលើ«ដំណាំអំពៅ» និងត្រូវការកម្ដៅថ្ងៃខ្លាំងក្នុងការលូតលាស់
17, Oct 2019 , 7:39 pm        
រូបភាព
រូបភាព Capture ពីសៀវភៅស្ដីពីបច្ចេកទេសដាំដំណាំអំពៅ ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
រូបភាព Capture ពីសៀវភៅស្ដីពីបច្ចេកទេសដាំដំណាំអំពៅ ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ ប្រជាកសិករនិយមដាំដំណាំអំពៅតាមដងទន្លេ ដូចជា នៅខេត្តក្រចេះ, កំពង់ចាម, កណ្ដាល, ព្រៃវែងជាដើម ដែលនៅជាប់តំបន់ទន្លេ។ ក្រៅពីតំបន់ទន្លេ កសិករក៏អាចដាំដំណាំអំពៅ នៅតាមតំបន់ដីខ្ពង់រាប ដីកោះ តាមជម្រាលភ្នំ លើដីក្រហម ឬ ដីខ្មៅ ដូចជា នៅខេត្តបាត់ដំបង, ស្ទឹងត្រែង, មណ្ឌលគិរី និងរតនគិរី។ បច្ចុប្បន្ន កសិករបានដាំដុះនៅតាមស្រែទួលល្បាយខ្សាច់ ដូចជា ខេត្តស្វាយរៀង, តាកែវ និងកំពង់ស្ពឺ ហើយទទួលបានទិន្នផលល្អទៀតផង។

 
អំពៅជាដំណាំមួយប្រភេទមានដើមកំណើតពីប្រទេស‌‌‌‌‌‌‌‌ឥណ្ឌា ដែលប្រជាកសិករស្គាល់ស្ទើរទាំងអស់គ្នាហើយដំណាំនេះ បានដាំដុះលើផ្ទៃដីតូចស្ទើរពាសពេញនៃប្រទេសកម្ពុជាផងដែរ។ ប្រជាកសិករតែងនិយមយកទឹកអំពៅមកគៀបសម្រាប់បរិភោគ ជាភេសជ្ជៈធម្មតា ឬបរិភោគផ្ទាល់តែម្ដង។ សារៈសំខាន់នៃដំណាំនេះ ក្នុងពិភពលោក គេបានកែច្នៃទឹកអំពៅយកទៅធ្វើជាស្ករស ដែលមនុស្សត្រូវការរាល់ថ្ងៃជាចាំបាច់។ ទឹកអំពៅផ្ទុកទៅដោយវីតាមីន និងជាតិខនិជ ដែលជួយការពារជំងឺផ្ដាសាយ ក្អក និងឈឺកផងដែរ។
 
អំពៅជាដំណាំមួយប្រភេទ ដែលត្រូវការកម្ដៅថ្ងៃខ្លាំងសម្រាប់ការលូតលាស់។ ក្នុងរយៈពេលលូតលាស់ ដើម និងស្លឹកនៃដំណាំនេះ ទាមទារសីតុណ្ហភាពខ្ពស់ជាមធ្យមពី២៥ ទៅ ៣០អង្សាសេ រយៈពេល២៤ម៉ោង លើកលែងតែដល់ដំណាក់កាលកំណរកំណើតស្ករ គឺពី២ទៅ៣ខែមុនពេលកាប់ ទើបទាមទារសីតុណ្ហភាពទាបជាមធ្យមពី១៨ ទៅ២២អង្សាសេ ដើម្បីអាចបង្កើនជាតិស្ករច្រើន។ អំពៅជាដំណាំដែលចូលចិត្តពន្លឺថ្ងៃ បើពន្លឺថ្ងៃមិនគ្រប់គ្រាន់ នឹងធ្វើឲ្យការបែកគុម្ពរបស់វាចុះខ្សោយ។
 
ជាទូទៅនៅតំបន់មាត់ទន្លេកសិករ អាចចាប់ផ្ដើមដាំក្នុងអំឡុងពេលពីខែវិច្ឆិកា, ធ្នូ រហូតដល់ចុងខែមករា ហើយប្រមូលផលនៅអំឡុងខែសីហានិងកញ្ញា មុនពេលទឹកឡើងលិចចម្ការ។ ការប្រមូលផលនៅក្នុងអំឡុងខែនេះ ជាទូទៅ គេយកអំពៅសម្រាប់គៀបយកទឹកបរិភោគ។ ចំពោះការដាំដុះសម្រាប់ធ្វើស្ករត្រូវប្រមូលផលក្នុងអំឡុងខែវិច្ឆិកា, ធ្នូ ឬមករា គឺចំពេលដែលមានសីតុណ្ហភាពទាប។ ដូច្នេះ ដំណាំអាចមានអាយុ១១ខែ ឬ១២ខែ និងអាចដល់១៣ខែ។
 
ក្នុងនោះដែរ ក៏ដូចជានៅតំបន់ខ្ពង់រាប កសិករអាចចាប់ផ្ដើមដាំដំណាំអំពៅនេះ ក្នុងអំឡុងខែមេសានិងឧសភា ពេលដែលមានភ្លៀងធ្លាក់ដំបូង ហើយគេអាចប្រមូលផលក្នុងអំឡុងខែមករានិងកុម្ភៈ។ ដូច្នេះ ការប្រមូលផលក្នុងខែនេះ ដំណាំអាចមានអាយុប្រមាណជា១០ខែ៕
 
(សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅស្ដីពីបច្ចេកទេសដាំដំណាំអំពៅ ដែលរៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បោះពុម្ពផ្សាយដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០១៧)
 

© រក្សាសិទ្ធិដោយ thmeythmey.com