ជាតិ
ផ្លូវ​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ខូច​ស្ទើរ​ទាំងស្រុង​!
18, Oct 2019 , 10:14 am        
រូបភាព
​ខេត្ត​ព្រះសីហនុ​៖ ដោយសារតែ​ការអភិវឌ្ឍ​យ៉ាងគំហុក នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើឱ្យ​ផ្លូវ​ចំនួន​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ខូច​ស្ទើរ​ទាំងស្រុង​។ អាជ្ញាធរ ត្រៀម​ចំណាយ​ថវិកា​ជិត​២០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូច​នេះ​។​



​ផ្លូវថ្នល់​៣៤​ខ្សែ ដែលមាន​ប្រវែង​ជាង​៨៤​គីឡូម៉ែត្រ នៅក្នុង​ខេត្ត​ព្រះសីហនុ កំពុង​រង​ការខូចខាត​ទាំងស្រុង ដោយសារ​រថយន្ត និង​គ្រឿងចក្រ​ធំៗ បើកបរ​ឆ្លងកាត់ សម្រាប់​ការដឹកជញ្ជូន និង​ប្រើប្រាស់​ក្នុង​ការដ្ឋាន​សាង់សង់​។ ជាពិសេស​ផ្លូវ​ឆ្ពោះទៅកាន់​ឆ្នេរ​អូ​ឈើទាល និង​តំបន់​កម្សាន្ត​ផ្សេងទៀត ដែល​កំពុង​រង​ការខូចខាត​យ៉ាងខ្លាំង​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖



​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ត្រៀម​ចំណាយ​ថវិកា​ជិត​២០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូច​នេះ​។ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា អាជ្ញាធរ នឹង​ជួស​ជុស​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​ឡើងវិញ នៅក្នុង​រដូវប្រាំង​នេះ ក្រោយពី​ទទួលបាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​ពី​ក្រសួង​សេដ្ឋកិច្ច​។ បើតាម​លោក ឃាង ភារ​ម្យ អាជ្ញាធរ​ត្រូវការ​ពេលវេលា​៨​ខែ ទៅ​១​ឆ្នាំ ដើម្បី​ស្ថាបនា​ផ្លូវ​ជាង​៨៤​គីឡូម៉ែត្រ​នេះ ។​

​ក្រៅពី​បញ្ហា​ផ្លូវថ្នល់​នេះ អាជ្ញាធរខេត្ត ក៏​នឹង​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​។ ជាពិសេស​អាង​ចម្រោះ​ទឹកស្អាត រួមទាំង​ការរៀបចំ និង​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​អនាម័យ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ផងដែរ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​


Tag:
 ឃាង ភារ​ម្យ​
  ហេដ្ឋារចនាសម្ព័ន្ធ​
  ផ្លូវថ្នល់
© រក្សាសិទ្ធិដោយ thmeythmey.com