អន្តរជាតិ
អឺរ៉ុប យល់ព្រម​កិច្ចព្រមព្រៀង Brexit ថ្មី តែ​ខាង​អង់គ្លេស​នៅ​ស្រពេចស្រពិល​
18, Oct 2019 , 10:33 am        
រូបភាព
​មេដឹកនាំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៧ ខែតុលា បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជុំវិញ​ការបញ្ចប់​សមាជិកភាព​របស់​អង់គ្លេស ដែល​ទើប​ត្រូវបាន​ក្រុម​ចរចា​របស់​ភាគី​ទាំងពីរ​យល់ព្រម​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ត្រូវ​ឆ្លងកាត់​សភា​អង់គ្លេស​មួយ​ដំណាក់កាល​ទៀត ទើប​យកជាការបាន​។ ការរាំងស្ទះ អាច​កើតឡើង​នៅ​ទីក្រុង​ឡុង​ដ៏ ដ្បិត​រដ្ឋាភិបាល​អង់គ្លេស ទំនង​ពិបាក​ប្រមូល​សំឡេង​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ភ្លើង​បៃតង​។



​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ បានប្រកាស​នៅ​ថ្ងៃទី​១៧ ខែតុលា ពី​ការយល់ព្រម​រវាង​ក្រុមការងារ​ចរចា​លើ​កិច្ចព្រមព្រៀង​ចាកចេញ​របស់​អង់គ្លេស (Brexit)​។ នៅ​ថ្ងៃ​ដដែល មេដឹកនាំ​ប្រទេស​ទាំង​២៧ ដែលជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​ដែល​ចែង​ពី​ទំនាក់ទំនង និង​លក្ខខណ្ឌ​នានា​ក្រោយ​អង់គ្លេស​ចាក​ចេញពី​អឺរ៉ុប​។

​ក្រោយ​ចរចា​អស់​ពេល​ច្រើន​សប្ដាហ៍ ភាគី​ទាំង​ពីរបាន​មូលមតិ​គ្នា​លើ​បញ្ហាសំខាន់ៗ​មួយចំនួន ពិសេស​ការកំណត់​ព្រំដែន​រវាង​សាធារណរដ្ឋ​អៀរ​ឡង់​ដែលជា​សមាជិក​អឺរ៉ុប និង​អៀរ​ឡង់​ខាងជើង​ដែល​ទឹកដី​របស់​ចក្រភព​អង់គ្លេស​។ ត្រង់ចំណុច ភាគី​ទាំងពីរ​យល់ស្រប​គ្នា​ថា អង់គ្លេស​ដែល​លែង​ជា​សមាជិក​អឺរ៉ុប អាចមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​ឯទៀត តែ​ត្រូវ​បន្ធូរ​ការយកពន្ធ​លើ​ទំនិញ​ជាក់លាក់​មួយចំនួន​រប​ស់​អឺរ៉ុប​ដែល​ឆ្លងកាត់​អៀរ​ឡង់​ខាងជើង​។​

​លើសពីនោះ អៀរ​ឡង់​ខាងជើង អាចអនុវត្ត​តាម​បញ្ញត្តិ​របស់​អឺរ៉ុប​លើ​វិស័យ​កសិកម្ម  ចំណីអាហារ និង​ទំនិញ​ឧស្សាហកម្ម​។ ត្រង់​រឿងនេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ អះអាងថា សម្រាប់​ទឹកដី​លើ​កោះ​អៀរ​ឡង់​ទាំងមូល នឹង​មិនមាន​ព្រំដែន​ឡើយ ហើយ​ទីផ្សារ​តែមួយ​របស់​អឺរ៉ុប នៅតែ​ទទួលបាន​ការការពារ​ដដែល​។ ប៉ុន្តែ​កិច្ចព្រមព្រៀង Brexit ថ្មី ក៏​បើកផ្លូវ​ឲ្យ​មានការ​ឆែកឆេរ​ពន្ធគយ​ខ្លះ​ផងដែរ​។ ចំណុច​នេះ អាច​រង​ការជំទាស់​ពី​បក្ស​សហភាព​ប្រជាធិបតេយ្យ​ដែល​តំណាង​ឲ្យ​អៀរ​ឡង់​ខាងជើង​ក្នុង​សភា​អង់គ្លេស​។​

​ប្រធាន​ក្រុម​ប្រឹក្ស​អឺរ៉ុប ដូ​ណា​ល់ ទូ​ស ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា យើង​កាន់តែ​ជិត​ដំណាក់កាល​ចុងក្រោយ​ហើយ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បាន​សរសេរ​លើ Twitter មុន​ជំនួប​ជាមួយ​មេដឹកនាំ​អឺរ៉ុប​ថា យើង​មាន​កិច្ចព្រមព្រៀង​ថ្មី ហើយ​ដល់ពេល​សភា​ត្រូវ​បញ្ចប់​ការងារ​នេះ​នៅ​ថ្ងៃទី​១៩ ខែតុលា ដើម្បី​បន្តដំណើរ​ទៅមុខ​លើ​បញ្ហា​អាទិភាព​ឯទៀត​ដូចជា​សុខាភិបាល ឧក្រិដ្ឋកម្ម​ហិង្សា និង​បរិស្ថាន​ជាដើម​។​

​យ៉ាងណាមិញ បញ្ហា​នៅតែ​ស្ថិត​ខាង​អង់គ្លេស​ដដែល​។ ទោះជា​លោក ច​ន​សុន មាន​ជំហរ​វិជ្ជមាន​ច្រើនក្ដី សមាជិកសភា​បក្សប្រឆាំង និង​សម្ព័ន្ធមិត្ត​ខ្លះទៀត បាន​ព្រមាន​ទុក​មុន​ថា ពួកគេ​អាច​មិន​គាំទ្រ​កិច្ចព្រមព្រៀង​នេះឡើយ​ក្នុង​កិច្ចប្រជុំ​ពិសេស​នៅ​ចុង​សប្ដាហ៍​នេះ​។ កិច្ចប្រជុំ​ថ្ងៃទី​១៩ ខែតុលា ជា​កិច្ចប្រជុំ​ថ្ងៃ​សៅរ៍​លើកដំបូង​របស់​ស​ភា​អង់គ្លេស​ចាប់តាំងពី​ឆ្នាំ​១៩៨២ មក​ដែល​សមាជិកសភា​ត្រូវ​ជជែក​សេចក្ដីស្នើច្បាប់​ណាមួយ​នោះ​។​

​ប្រសិនបើ​សភា​អង់គ្លេស​ផ្ដល់​ភ្លើង​បៃតង ដំណើរការ​បន្ទាប់ នឹងមិន​លំបាក​ឡើយ​។ ប៉ុន្តែ​បើ​សមាជិកសភា​អង់គ្លេស​បដិសេធ​ម្ដងទៀត លោក ច​ន​សុន ត្រូវតែ​ស្នើសុំ​ពន្យារពេល​ចាកចេញ​ម្ដងទៀត ខណៈ​កាលបរិច្ឆេទ​ចាកចេញ​ចុងក្រោយ គឺ​ថ្ងៃទី​៣១ ខែតុលា​ខាងមុខ​។ លោក ច​ន​សុន បាន​ប្រាប់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ថា លោក​អាច​នឹង​បញ្ចុះបញ្ចូល​សភា​ឲ្យ​យល់ព្រម​បាន​។ ជំហរ​លោក ច​ន​សុន គឺ​អូស​អង់គ្លេស​ចេញ​ឲ្យ​បាន​ត្រឹម​ថ្ងៃទី​៣១ ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង​៕

Tag:
 Brexit
  អឺរ៉ុប​
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com