ជាតិ
២៥ខេត្ត/រាជធានី
និស្សិត​ក្រីក្រ ញឹក សំ​អូន​៖«​ការសិក្សា​ធ្វើ​ឲ្យ​ជីវិត​ភ្លឺស្វាង​និង​ជា​ស្ពាន​ចម្លង​ខ្ញុំ​ឲ្យ​ក្លាយជា​អ្នកកាសែត​អាជីព​»
18, Oct 2019 , 11:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កើត​នៅក្នុង​គ្រួសារ​ក្រីក្រ តែ​កញ្ញា ញឹក សំ​អូន មិន​បណ្តោយ​ឲ្យ​ខ្លួន​កាន់តែ​ក្រ​និង​គ្មាន​ចំណេះដឹង​នោះទេ​។ កូនស្រី​អ្នកស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ជម្នះ​នឹង​ភាពក្រីក្រ​ដោយ​ប្រឹង​ធ្វើ​ការងារ​រហូតដល់​ទៅ​៣​កន្លែង ដើម្បី​បាន​ប្រាក់​មក​ផ្គត់​ផ្គង់​ការសិក្សាថ្នាក់​បរិញ្ញាបត្រ​នៅ​ភ្នំពេញ និង​ឆ្លៀត​ផ្ញើ​ប្រាក់​ជួយ​ផ្គត់ផ្គង់​ជីវភាព​ឪពុកម្តាយ​ចាស់ជរា នៅ​ស្រុកកំណើត​ទៀត​ដែរ​។ ព្រោះតែ​ចង់​ឲ្យ​ក្តី​ស្រមៃ​ដែល​ចង់​ក្លាយជា​អ្នកសារព័ត៌មាន​អាជីព​ម្នាក់ តើ សំ​អូន បាន​ឆ្លងកាត់​រឿងរ៉ាវ​ជូរ​ចត់ និង​ជម្នះ​ឧបសគ្គ​អ្វីខ្លះ​? តើ​ក្តី​ស្រមៃ​តាំងពី​កុមារភាព​របស់​និស្សិត​ក្រីក្រ​រូបនេះ ក្លាយជា​ការពិត​ឬ​យ៉ាងណា​?

 
​ស្ថិតនៅក្នុង​បន្ទប់រៀន​ដែលមាន​ភ្លើង​ភ្លឺ​ល្មម អាច​មើលឃើញ​ទឹកមុខ​ស្មើ​របស់​នារី​មាឌ​ស្តើង​ម្នាក់ ហាក់ដូចជា​កំពុងមាន​កង្វល់​ជាច្រើន​នៅក្នុង​ចិត្ត​។ នារី​ម្នាក់​នោះ​ឈ្មោះ ញឹក សំ​អូន​។ យុវតី​វ័យ​២៤​ឆ្នាំ​កញ្ញា សំ​អូន ជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​៦​នាក់ ដែលមាន​ឪពុកម្តាយ​ជា​កសិករ​ក្រីក្រ រស់នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ មានឱកាស​បានមក​ប​ន្ត​ជីវិត​ជា​និស្សិត​បរិញ្ញាបត្រ នៅ​រាជធានី​ភ្នំពេញ​។ សំ​អូន ជា​និស្សិត​ដែល​ប្រឡង​ជាប់​អាហារូបករណ៍​១០០​ភាគរយ ផ្នែក​សិល្បៈ​និង​ការសិក្សា​អំពី​ព័ត៌មាន នៃ​សាកលវិទ្យាល័យ​កម្ពុជា​។​


 
ថ្វីបើ សំ​អូន មិនត្រូវ​ចំណាយ​ប្រាក់​សម្រាប់​បង់​សាលាក្តី ប៉ុន្តែ នាង ត្រូវ​រ៉ាប់រង​ផ្គត់​ផ្គង់​ការសិក្សា ថ្លៃ​ម្អូ​ប​អាហារ និង​ថ្លៃបង់​បន្ទប់​ស្នាក់នៅ​ទៀតផង ព្រោះ​ឪពុកម្តាយ​ពុំមាន​លទ្ធភាព​ជួយ សំ​អូន បានឡើយ ខណៈដែល​ពួកគាត់​មាន​វ័យ​កាន់តែ​ចាស់​ទៅហើយ​។ និយាយ​ដល់​ត្រង់ចំណុច​នេះ និស្សិត​ឆ្នាំ​ទី​៣ ញឹក សំ​អូន ចាប់ផ្តើម​ប្រែ​ទឹកមុខ​ទៅជា​ស្រពោន ព្រោះ​រម្លឹក​ដល់​ជីវិត​ដែល​ប្រឹង​តស៊ូ​រកប្រាក់​យ៉ាង​លំបាក មក​ចិញ្ចឹមជីវិត​និង​ការសិក្សា​របស់ខ្លួន​។ និស្សិត​ស្រី​សក់​ប្រាស់​ស្មា រូបនេះ ចាប់ផ្តើម​និយាយ​ពី​ជីវិត​ខំតស៊ូ​របស់ខ្លួន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពេល​មក​ភ្នំពេញ​ដំបូង​នៅ​ឆ្នាំ​២០១៥ យ៉ាង​ដូច្នេះ​៖«​ពេល​មក​ភ្នំពេញ​ដំបូង​ខ្ញុំ​មាន​កង់​មួយ​និង​មាន​ប្រាក់​តែ ៦​ម៉ឺន​រៀល ដែល​ម្តាយ​ឪពុក​ខ្ញុំ​ឲ្យ​មក​។ ខ្ញុំ​បានសម្រេច​ចិត្ត​ទៅ​ស្នាក់​នៅក្នុង​បន្ទប់​ជួល​ជាមួយ​មិត្តភក្តិ​ដែលមាន​គ្នា​៣​នាក់ ហើយ​ខ្ញុំ​ចាប់ផ្តើម​ជិះ​កង់​ទៅធ្វើ​ការងារ ជា​អ្នក​ចាប់​ទឹកកក​តាម​រោងការ​។ ពេលនោះ​ការងារ​អ្វី​ក៏​ខ្ញុំ​ធ្វើ​ដែរ ឲ្យ​តែ​បាន​ប្រាក់​»​។​
 
​ការងារ​ដំបូង​របស់ សំ​អូន គឺជា​អ្នករត់​ទឹកកក​តាម​រោងការ​។ ការងារ​នេះ មិនមែន​អាច​ផ្តល់ប្រាក់​ចំណូល​ឲ្យ សំ​អូន ផ្គត់ផ្គង់​ការសិក្សា​បានឡើយ​។ ព្រោះតែ​ចង់​រៀន​ឲ្យ​ចប់​ថ្នាក់​បរិញ្ញាបត្រ សំ​អូន ក៏បាន​ប្តូរ​ពី​ការធ្វើការងារ​នៅ​កន្លែង​មួយ​ផ្សេងទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​ការងារ​ចុងក្រោយ​ដែល សំ​អូន អាចធ្វើ​បាន​ជិត​៣​ឆ្នាំ ដើម្បី​អាចមាន​លទ្ធភាព​រៀន​ដល់​ចប់​បរិញ្ញាបត្រ គឺ​ធ្វើជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​ផ្នែក​ភាសា​អង់គ្លេស​ដល់​កុមារ​តូចៗ នៅ​សាលា​ឯកជន​មួយ​។​
 

(និស្សិត ញឹក សំអូន រូបភាពហ្វេសប៊ុកក្រុមតំណាងយុវវ័យ និងយុវជន)

​រយៈពេល​៣​ឆ្នាំ​ដែល សំ​អូន មក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ភ្នំពេញ គឺមាន​បងស្រី​បង្កើតជា​អ្នកទទួលបន្ទុក​ផ្គត់ផ្គង់​ឪពុកម្តាយ រួមទាំង​ការសិក្សា​របស់​ប្អូន​ពីរ​នាក់​ផងដែរ​។ ក្រោយ​បងស្រី​របស់ សំ​អូន រៀបការ​បង្កើត​គ្រួសារ​ថ្មី បន្ទុក​ទាំងអស់​ត្រូវ​ធ្លាក់​មកលើ សំ​អូន វិញ ខណៈដែល​ការងារ​របស់​នាង បានត្រឹមតែ​ផ្គត់ផ្គង់​ការរស់នៅ​និង​ការសិក្សា​របស់ខ្លួន​យ៉ាង​ផិតផើយ​បំផុត​។ អ្វីដែល សំ​អូន នឹកស្មាន​មិន​ដល់​នោះ គឺ​ត្រូវបាន​បងប្អូន​និង​ឪពុកម្តាយ​បង្ខំ​ឲ្យ​ឈប់រៀន​ទៀតផង​។ និស្សិត​ផ្នែក​សិល្បៈ​និង​ការសិក្សា​អំពី​ព័ត៌មាន នៃ​សាកលវិទ្យាល័យ​កម្ពុជា រៀបរាប់​ពី​បញ្ហា​ប្រឈម​នេះ​ទាំង​អួលដើមក​យ៉ាង​ដូច្នេះ​៖«​ពេលនោះ​ខ្ញុំ​ពិតជា​ពុំមាន​ផ្លូវ​ដើរ​ពិតមែន ជ​ម្រើស​តែមួយ​គឺ​ឈប់រៀន ហើយ​ខ្ញុំ​បាន​ទៅសុំ​ឈប់​នៅ​សាលា លោកគ្រូ​អ្នកគ្រូ មិត្តភក្តិ មិន​ព្រម​ឡើយ ហើយ​សួរថា​ផ្ទៈ​ខ្ញុំ​មានរឿង​អ្វី​»​។​
 
​អ្វីៗ​ក៏បាន​ប្រ​សើរ​ឡើងវិញ ក្រោយ សំ​អូន ទទួលបាន​ការលើកទឹកចិត្ត​មួយផ្នែក​ពី​លោកគ្រូ​-​អ្នកគ្រូ និង​មិត្ត​រួម​ថ្នាក់​របស់​នាង​។ អ្វីដែល​សំខាន់​មួយទៀត គឺ សំ​អូន គិត​ឃើញថា​ខ្លួនឯង ខំតស៊ូ​រកប្រាក់​រៀនសូត្រ​យ៉ាង​លំបាក​អស់​រយៈពេល​៣​ឆ្នាំ​មក ហើយ​បើ​ឈប់រៀន​តើ​រំ​ពឹ​កលើ​អ្វី​ទៀត​? គិត​ឃើញ​ដូច្នេះហើយ ទើប សំ​អូន បានសម្រេច​ចិត្ត​រៀន​បន្ត​ឲ្យ​ចប់​ថ្នាក់​បរិញ្ញាបត្រ ដែល​នៅសល់តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ សំ​អូន ពោល​យ៉ាង​ដូច្នេះ​ថា​៖«​ជម្រើស​នេះ​មិន​ស្រួល​ឡើយ ខ្ញុំ​ត្រូវ​រៀន​ផង ផ្គត់ផ្គង់​គ្រួសារ​ផង ខ្ញុំ​ត្រូវ​ធ្វើការ​៣​កន្លែង ដើម្បី​រកលុយ​។ ការងារ​ទី​១ ចាប់​ម៉ោង​៥​ដល់​ម៉ោង​៨​ព្រឹក ខ្ញុំ​ធ្វើជា​អ្នក​បោសសំអាត​នៅ​ហាង​បាយ​មួយកន្លែង​។ ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​១០​យប់ ខ្ញុំ​ធ្វើការ​នៅ​ហាង​នំ​បុ័ង និង​ធ្វើការ​ជា​អ្នក​ចាប់​ទឹកកក​តាម​កម្មវិធី​ផ្សេងៗ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​»​។​


 
​ធ្វើ​ការងារ​៣​កន្លែង​ក៏ពិតមែន ប៉ុន្តែ សំ​អូន មិន​ទទួលបាន​ប្រាក់កម្រៃ​គ្រប់គ្រាន់​សម្រាប់​ផ្ត​ត់​ផ្គង់​ការសិក្សា​ឡើយ ព្រោះ​ត្រូវ​ឆ្លៀត​រំលែក​ផ្ញើ​ទៅ​ឲ្យ​ឪពុកម្តាយ ​នៅឯ​ស្រុកកំណើត​ទៀតផង​។ ការងារ​៣​កន្លែង​និង​រៀន​ផង​នោះ ធ្វើឱ្យ​សំ​អូន​ធ្លាក់ខ្លួន​ឈឺ​សម្រាក​នៅ​មន្ទីរពេទ្យ​។ ក្រោយមក សំ​អូន បាន​បោះបង់​ការងារ​ខ្លះ ដើម្បី​ថែរក្សា​សុខភាព ហើយក៏​បាន​បន្ត​ធ្វើជា​គ្រូបង្រៀន​ម្តងទៀត​។ ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​ផ្នែក​ភាសា​អង់គ្លេស​ដល់​ក្មេងៗ ពិតជា​អាច​រកប្រាក់​បាន​សមរ​ម្យ​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា និង​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ​មែន ប៉ុន្តែ ជា​ចំណេះដឹង​មិន​ឆ្លើយតប​នឹង​មុខជំនាញ​ដែល សំ​អូន កំពុង​សិក្សា​ឆ្នាំ​ទី​៣ ផ្នែក​សិល្បៈ​និង​ការសិក្សា​អំពី​ព័ត៌មាន​ឡើយ​។ សំ​អូន ក៏បាន​បោះបង់​ការងារ​ទាំងអស់ ហើយ​ងាក​មក​ផ្តើម​ជីវិត​ជា​និស្សិត​ស្ម័គ្រចិត្ត​នៅ​វិទ្យុ​ស្រី្ត ផ្នែក​ព័ត៌មាន វិញ​ម្តង ដើម្បី​ទទួលបាន​បទពិសោធ​ថ្មី​ត្រូវ​នឹង​ជំនាញ ដែល​ខ្លួន​កំពុង​សិក្សា និង​ជាការ​ងារ​ដែល សំ​អូន មាន​ក្តី​ស្រមៃ​តាំងពី​កុមារភាព​មកម្ល៉េះ​។​
 
«​អាជីព​ជា​អ្នកកាសែត ជា​ក្តី​ស្រ​ម៉ៃ​និង​ការស្រលាញ់ របស់ខ្ញុំ​តាំងពី​តូច​។ ការងារ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​នូវ​ព័ត៌មាន​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ និង​ព្រឹត្តិការណ៍​នៅក្នុង​សង្គម​។ មួយវិញទៀត ខ្ញុំ​អាច​ចែករំលែក​ព័ត៌មាន​ទៅកាន់​ប្រជាព​រដ្ឋ ជាពិសេស​អ្នករស់នៅ​ជនបទ​។​»


 
​បើទោះជា និស្សិត ញឹក សំ​អូន មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​ក៏ពិតមែន តែ សំ​អូន បាន​ឲ្យ​តម្លៃ​លើ​ការសិក្សា​យ៉ាង​ដូច្នេះ​៖«​ការសិក្សា​មានតម្លៃ​ខាំង​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​វា​ជា​របស់​ម្យ៉ាង​ដែល​មិនចេះ​បាត់បង់ ទោះ​ទៅដល់​ណា​ក៏ មិន​ចាញ់បោក​គេ ហើយ​គ្មាន​អ្នក​មើលងាយ​»​។ និស្សិត​ស្រី​វ័យ​២៤​ឆ្នាំ មកពី​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រូបនេះ បញ្ជាក់ថា «​ការសិក្សា​ធ្វើ​ឲ្យ​ជីវិត​ភ្លឺស្វាង និង​ជា​ស្ពាន​ចម្លង​ខ្ញុំ​ទៅរក​ភាពជោគជ័យ​»​។ ភាពជោគជ័យ​ដែល សំ​អូន ចង់បាន​គឺ​ក្លាយជា​អាន​ព័ត៌មាន និង​ជា​អ្នកកាសែត​អាជីព​។​
 
​សាស្ត្រាចារ្យ ប៊ុន សុផល ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​ព័ត៌មាន​និង​គមនាគមន៍ នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​មានប្រសាសន៍ថា និស្សិត ញឹក សំ​អូន គឺជា​សិស្ស​ដែលមាន​ការតស៊ូ ព្យាយាម​ក្នុងការ​សិក្សា​។ ជា​គ្រូ​ធ្លាប់បាន​បង្រៀន​នៅ​ថ្នាក់ សំ​អូន ផ្ទាល់ សាស្ត្រាចារ្យ សុផល ជំរុញ​ទឹកចិត្ត​ដល់​នាង​ឱ្យ​ខំ​សិក្សា​បន្ត ព្រមទាំង​ជូនពរ​ឱ្យ​សំ​អូន​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត​។ ជាមួយគ្នានេះ ក្នុងនាម​ជា​មិត្ត​រួម​ថ្នាក់ កញ្ញា ប៊ូ សៀវ​ម៉ាន់ បាន​ឲ្យ​ដឹងថា សំ​អូន ជា​មនុស្ស​ស្មោះត្រង់ ថែមទាំង​ប្រឹងរៀន ហើយ​ឆ្លៀត​ធ្វើការ​រកប្រាក់​ផ្គត់ផ្គង់​ការសិក្សា​ផងដែរ​។ ក្នុងនាម​ជា​មិត្តភក្តិ សៀវ​ម៉ាន់ បាន​ត្រឹម​លើកទឹកចិត្ត ជូនពរ សំ​អូន ឲ្យ​សម្រេច​តាម​ក្តី​ស្រមៃ និង​អាច ជួយ សំ​អូន តាម​អ្វីដែល​អាចធ្វើ​បាន​។​
 
​កូនស្រី​នៃ​គ្រួសារ​កសិករ​មកពី​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កញ្ញា ញឹក សំ​អូន ដែលជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​សិល្បៈ​និង​ការសិក្សា​អំពី​ព័ត៌មាន នៃ​សាកលវិទ្យាល័យ​កម្ពុជា កំពុង​បម្រើ​ការងារ​ស្ម័គ្រចិត្ត​នៅ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) ផ្នែក​សារព័ត៌មាន និយាយ​ដោយមាន​ទំនុកចិត្ត​លើ​ខ្លួន​ថា ចង់​ក្លាយជា​ពិធី​ការិនី​ព័ត៌មាន និង​ជា​អ្នកកាសែត​អាជីព​ម្នាក់ នៅ​ថ្ងៃ​អនាគត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com