អន្តរជាតិ
ក្រុមហ៊ុន​ចិន ជួល​កោះ​នៅ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន ក្រោយ​ការភ្ជាប់​ចំណង​ការទូត​បាន​មួយថ្ងៃ​
18, Oct 2019 , 7:19 pm        
រូបភាព
ប្រមុខការទូតចិន និងសមភាគីប្រទេសកោះសូលូម៉ុន។ រូបភាព AFP
ប្រមុខការទូតចិន និងសមភាគីប្រទេសកោះសូលូម៉ុន។ រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ក្រុមហ៊ុន​មួយ​របស់​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជួល​ដី​កោះ​មួយ​របស់​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន ដែលជា​សម្ព័ន្ធមិត្ត​ថ្មីថ្មោង​។ ការចុះហត្ថលេខា​នេះ កើតឡើង​តែមួយ​ថ្ងៃ​បន្ទាប់​ចិន និង​កោះ​សូ​លូ​ម៉ុ​ន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​។ នេះ​បើតាម​របាយការណ៍​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១៧ តុលា​។



​បើតាម​ឯកសារ កោះ​សូ​លូ​ម៉ុ​ន​បានធ្វើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​នៅលើ​កោះ Tulagi ជា​កន្លែង​មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​ខាង​យោធា​ចង់បាន ជាមួយ​ក្រុមហ៊ុន​រដ្ឋរ​បស់ China Sam Group កាលពី​ថ្ងៃទី​២២ កញ្ញា​។ ពោល គឺ​មួយថ្ងៃ​ក្រោយ​ចិន និង​កោះ​សូ​លូ​ម៉ុ​ន​ប្រកាស​បង្កើត​ទំនាក់ទំនង​ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែកញ្ញា​។

Tulagi គឺជា​កូន​កោះ​ដែលមាន​ផ្ទៃដី​ប្រហែល ២​គីឡូម៉ែត្រ​ការ៉េ ជាមួយ​ចំនួន​ប្រជាជន​មួយ​ពាន់​ពីរ​រយ​នាក់​។ ជាទី​តាំង​នៃ​អតីត​មូលដ្ឋាន​កងទ័ពជើងទឹក​ជប៉ុន និង​ជា​កន្លែង​នៃ​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ក្នុង​សង្គ្រាមលោកលើកទី ២ កោះ​មួយ​នេះ អាច​អភិវឌ្ឍ​ទៅជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ល្អ ពិសេស​វិស័យ​យោធា​តែម្ដង​។

​យ៉ាងណាមិញ បើតាម​កិច្ចព្រមព្រៀង គោលដៅ​នៃ​ការជួល​នេះ គឺ​សម្រាប់​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​។ កិច្ចព្រមព្រៀង​នេះ​ក៏បាន​រាប់​ប​ញ្ជូ​ល​អំពី​ការបង្កើត​ឧស្សាហកម្ម​ផ្សេងទៀត​ដែល​សមស្រប​នឹង​ការអភិវឌ្ឍ ដែល​រួមទាំង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​ផងដែរ​។​

​ក្រុមហ៊ុន China Sam បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៧ ខែតុលា ថា ខ្លួន​ប្តេជ្ញា​សហការ​ជាមួយ​កោះ​សូ​លូ​ម៉ុ​ន​ក្នុង​វិស័យ​មួយចំនួន​រួមមាន ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជលផល និង​ទេសចរណ៍​។​

​លោក Jonathan Pryke នាយក​កម្មវិធី​អ្នកវិភាគ​គោលនយោបាយ​ការបរទេស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដនី បាន​និយាយថា វា​មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការសន្យា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បែបនេះ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ដែល​កំពុង​ចង់បាន​ការវិនិយោគ​។ សម្រាប់​អ្នកជំនាញ​រូបនេះ ការភ័យខ្លាច គឺថា​តំបន់​ទាំងនេះ​អាចបង្កើត​ជា​ប្រតិបត្តិការ​ព័ទ្ធជុំវិញរ​បស់​ចិន​ដែល​បន្ទាប់មក​អាច​រីកចម្រើន​ទៅជា​ប្រភេទ​នៃ​កន្លែង​យុទ្ធសាស្ត្រ​អចិន្ត្រៃយ៍​មួយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com