ជាតិ
២៥ខេត្ត/រាជធានី
កត្តា​អ្វីខ្លះ​ដែល​អាច​រក្សា​ទឹក​ក្នុង​ក​សិន្ធុ​អង្គរវត្ត​ខួបប្រាំងខួបវស្សា និង​អាច​ទ្រទ្រង់​លំនឹង​ប្រាសាទ​បាន​?
16, Apr 2020 , 9:29 am        
រូបភាព
​សៀមរាប​៖ នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត ហ៊ុមព័ទ្ធ​ទៅដោយ​ក​សិន្ធុ​ទឹក ដែលមាន​ទទឹង ២០០​ម៉ែត្រ និង​បណ្ដោយ ១៥០០​ម៉ែត្រ ពី​ទិស​ខាងលិច​ទៅខាង​កើត ហើយពី​ខាងត្បូង​ទៅខាង​ជើង​វិញ មាន​បណ្ដោយ ១៣០០ម៉ែត្រ​។ ទឹក​ក​សិន្ធុ​អង្គរវត្ត ដែលមាន​ខួបប្រាំងខួបវស្សា​នេះ អាច​ផ្ទុក​ទឹក​ប្រមាណ ១​លាន​ម៉ែត្រគូប និង​មាន​ជម្រៅ​ជិត ៣​ម៉ែត្រ​។ នេះ​បើតាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ប្រាប់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ក្នុង​បេសកកម្ម​លើក​ទី​៥ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩​។

 
 
​ទឹក​ក្នុង​បរិវេណ​ក​សិន្ធុ​អង្គរវត្ត ជា​ទឹក​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ទ្រទ្រង់​គ្រឹះ​ប្រាសាទអង្គរវត្ត​។ ទឹក​នា​បរិវេណ​ក​សិន្ធ​អង្គរវត្ត​នេះ មាន​ប្រភពទឹក​ហូរ​ចុះ​ពី​ភ្នំ​គូលែន ឆ្ពោះ​មក​ក្នុង​តំបន់​អង្គរ​។ បច្ចុប្បន្ន ទឹក​ក្នុង​ក​សិន្ធ​អង្គរវត្ត អាច​រក្សាបាន​ទាំង​រដូវប្រាំង​និង​រដូវវស្សា ដោយសារ​ការរកឃើញ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​នៅ​អំឡុង​ឆ្នាំ​២០១០-២០១១​។ 

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​ក្រុមការងារ​នៃ​កម្មវិធី Mercedes-Benz និង​កំណប់​អាថ៌កំបាំង ជាមួយ​លោក ឡុង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដូចតទៅ​៖ 
 
 
​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៥ នៃ​កម្មវិធី « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក ឡុង កុសល បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​ពាក់ព័ន្ធ​ជាមួយនឹង​ការកសាង​ប្រាសាទ ទឹកបាន​ដើរតួនាទី​សំខាន់​ក្នុង​កិច្ចការងារ​ទ្រទ្រង់​នៃ​លំនឹង​របស់​ប្រាង្គ​ប្រាសាទ​។ យើង​ដឹង​ហើយ​ថា តាមរយៈ​ការស្រាវជ្រាវ​ប្រាសាទ ថ្ម​ប្រាសាទ​មាន​ទម្ងន់​រាប់លាន​តោន​។ សួរថា តើ​ទម្ងន់​ប៉ុណ្ណឹង អាច​នឹង​ទ្រទ្រង់បាន​យ៉ាងដូចម្ដេច នេះ​គឺជា​ភាព​អច្ឆរិយ​របស់​បុព្វបុរស​ខ្មែរ​។ ប្រាង្គ​ប្រាសាទ​របស់​យើង​កសាង​នៅលើ​ផ្ទៃ​នៃ​ខ្សាច់ ហើយ​ទឹក​នេះ រក្សា​សំណើម​នៃ​ខ្សាច់​ដែលមាន​តួនាទី​ជា​គ្រឹះ​របស់​ប្រាសាទ​»​។​
 
​បើតាម​លោក ឡុង កុសល មុន​ឆ្នាំ​២០០៤ ទឹក​ក​សិន្ធុ​អង្គរវត្ត តែងតែ​មានការ​រីងស្ងួត​នៅ​រដូវប្រាំង ហើយ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​រីងស្ងួត​នេះ កើតឡើង​ដោយសារ​កត្តា​អាយុកាល និង​កត្តា​ខ្វះខាត​ក្នុងការ​ស្វែងរក​ប្រព័ន្ធ​ធនធានទឹក រួមទាំង​បណ្ដាញ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​។ លោក ឡុង កុសល ប្រាប់​ក្រុមការងារ « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បន្ថែមថា ក្រោយ​ឆ្នាំ​២០០៤ អាជ្ញាធរ​ជាតិ​អប្សរា បាន​សិក្សា​ពី​ការរក្សា​ទឹក​និង​បញ្ចូល​ទឹក​ចូលមក​ក​សិន្ធ​នៅ​រដូវប្រាំង ដោយ​ប្រមូលយក​ទឹក​ពី​ស្ទឹង​សៀមរាប និង​រក្សាទុក​ក្នុង​ក​សិន្ធុ​ទឹក​ទីក្រុង​អង្គរធំ ចូលមក​ត្រពាំង​សេះ និង​បញ្ចូល​ក្នុង​ក​សិន្ធុ​អង្គរវត្ត​។ 
 

(រូបភាពពីអាជ្ញាធរជាតិអប្សរា)

អ្នកនាំពាក្យ​រូបនេះ បន្តថា ក្រោយ​មាន​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​អំពី​វិធីសាស្ត្រ​បុរាណ​ក្នុងការ​បញ្ចូល​ទឹក  អ្នកជំនាញ​ក៏បាន​រកឃើញ​ប្រភពទឹក ដែលជា​ប្រឡាយ​សង់​តាំង​សម័យបុរាណ គឺ​«​ប្រឡាយ​សំពៅ​លូន​»​។ ប្រឡាយ​នេះ ជា​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​ហូរ​ពី​ភ្នំ​គូលែន កាត់​ទៅ​ក​សិន្ធុ​អង្គរធំ ម​កក​សិន្ធុ​អង្គរវត្ត តាម​ទិស​ខាងជើង ឆ្លងកាត់​មុខ​ភ្នំ​បាក់​ខែង​។ លោក ឡុង កុសល លើកឡើងថា បន្ទាប់ពី​រកឃើញ​ប្រឡាយ​បុរាណ អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ដារ​ប្រឡាយ​នោះ​នៅ​អំឡុង​ឆ្នាំ​២០១០-២០១១ ដែល​ធ្វើ​ឲ្យ​ទឹក​នៅ​ក​សិន្ធុ​អង្គរវត្ត មាន​ទាំង​ប្រាំង​និង​វស្សា​ជា​រៀងរាល់ឆ្នាំ​។ 


 
​សូមបញ្ជាក់ថា បេសកកម្ម​ចំនួន​៤​លើក​កន្លងមក ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​
 
​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com