អន្តរជាតិ
លោក ត្រាំ រង​ការរិះគន់​ចាស់ដៃ ក្រោយ​គ្រោង​រៀបចំ​ជំនួប G7 នៅ​ទីលាន​វាយ​កូន​ហ្គោល​របស់ខ្លួន​
18, Oct 2019 , 8:19 pm        
រូបភាព
កន្លែងកម្សាន្តវាយកូនហ្គោល Trump National Doral របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅរដ្ឋ Florida, រូបភាព៖ Reuters
កន្លែងកម្សាន្តវាយកូនហ្គោល Trump National Doral របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅរដ្ឋ Florida, រូបភាព៖ Reuters
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គ្រោង​នឹង​ទទួល​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ឬ​G7 នៅ​កន្លែង​កម្សាន្ត​វាយ​កូន​ហ្គោ​របស់ខ្លួន នៅក្នុង​រដ្ឋ Florida នា​ឆ្នាំក្រោយ​។ ការ​បង្ហើប​ពី​ព័ត៌មាន​នេះ ត្រូវបាន​បក្ស​ប្រជាធិបតេយ្យ​រិះគន់​យ៉ាង​ចាស់ដៃ​ថា ជាការ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។



​តាម​ការរំពឹងទុក កន្លែង​កម្សាន្ត​វាយ​កូន​ហ្គោ Trump National Doral របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​រដ្ឋ Florida  នឹង​បើកទ្វារ​ចាំ​ទទួល​ក្រុម​ប្រទេស​ជឿន​ឡើង​ទាំង ៧ ឬ G7 ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២០​ខាងមុខ​។ នេះ​បើតាម​ការអះអាង​របស់​របស់ នាយក​ស្តីទី​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​អាមេរិក លោក Mick Mulvaney​។

​មិនទាន់​ចប់​បញ្ហា​មួយ​ផង ឥឡូវ​ចូលដល់​បញ្ហា​មួយទៀត​។ ពិតណាស់ សំណុំរឿង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​លោក​ចូ បៃ​ដិ​ន មិនទាន់​ចប់​ផង ស្រាប់តែ​ពេលនេះ វា​ចូលដល់​រឿង​លោក ត្រាំ ប្រើប្រាស់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទៀត​។ គម្រោង​យក​ទីលាន​វាយ​កូន​ហ្គោល​ដើម្បី​រៀបចំ​ជំនួប G7 ពិតជា​នាំ​ឲ្យ​ជម្លោះ​ផលប្រយោជន៍​មិន​ខាន​។ 

​រដ្ឋធម្មនុញ្ញ​អាមេរិក​ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយណា​ពី​ការទទួល​លុយ​ពី​រដ្ឋាភិបាល​បរទេស ឬ​រដ្ឋាភិបាល​ក្នុងស្រុក ដោយ​គ្មាន​ការយល់ព្រម​ពីស​ភា​។ ដូចនេះ​ទង្វើ​លោក ត្រាំ ពិតជា​រឿង​មិនអាច​ទទួល​បានឡើយ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ គណបក្ស​ប្រជាធិបតេយ្យ អះអាងថា ខ្លួន​នឹង​បើក​ការស៊ើបអង្កេត​មួយ​។ ប្រធានរដ្ឋសភា​មកពី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​សរសេរ​នៅលើ Twitter ថា​៖ «​រដ្ឋធម្មនុញ្ញ​អាមេរិក​ចែង​ច្បាស់​ណាស់​ថា ប្រធានាធិបតី​អាមេរិក មិនអាច​ទទួល​អំណោយ ឬ​ប្រាក់​ពី​រដ្ឋាភិបាល​បរទេស​ណា​ទេ​។ គ្មាន​នរណាម្នាក់​នៅ​ពីលើ​ច្បាប់​ឡើយ​»​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters មិន​ត្រឹមតែ​ប្រធានរដ្ឋសភា​ទេ ដែល​មិន​ពេញចិត្ត​ទៅនឹង​ការសម្រេចចិត្ត​របស់លោក ត្រាំ ឡើយ សូម្បីតែ​សមាជិក​គណបក្ស​សាធារណរដ្ឋ ក៏​រិះគន់​ប្រធានាធិបតី​អាមេរិក​វ័យ​៧៣​ឆ្នាំ​នេះដែរ​។ សមាជិក​ព្រឹទ្ធសភា និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​លោក Mitt Romney លើក​ឡោះ​ង​ថា ការជ្រើសរើស​ទីតាំង​ខុស​ប្រក្រតី​ខ្លាំងណាស់​។ 

​អស់ពី​សមាជិក​បក្ស​សាធារណរដ្ឋ ដល់​វេន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ហ្គា​ណា​វិញ​។ នា​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៅ​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ (IMF) និង​ធនាគា​ពិភពលោក (WB) លោក Kenneth Ofori-Atta បាន​និយាយថា​៖ «​ប្រសិនបើ​ប្រធានាធិបតី​ហ្គា​ណា​ធ្វើ​រឿង​ទាំងនេះ តើ​វា​នឹងមាន​អ្វី​កើតឡើង​? យ៉ាងណាក៏ដោយ ហ្គា​ណា មិនមាន​ប្រធានាធិបតី​ជា​អ្នកមាន​ឡើយ​។​»
​បន្ទាប់ពី​មានការ​រិះគន់​ផ្ទួនៗ​គ្នា​ទៅលើ​សេចក្តីសម្រេច​របស់​ប្រធានាធិបតី នាយខុទ្ទកាល័យ​ស្តីទី​របស់​ប្រធានាធិបតី​អាមេរិក បានចេញ​មុខការ​ពារ​អ្វីដែល​ជាការ​សម្រេចចិត្ត​របស់លោក​ត្រាំ​។ ទាក់ទិន​នឹង​បញ្ហា​នេះ លោក Mulvaney និយាយថា ការប្រើប្រាស់ Trump National Doral ទុក​សម្រាប់​ទទួល​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខរដ្ឋ​របស់​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ គឺ​លោក ត្រាំ មិន​ទទួលបាន​ប្រាក់ចំណេញ​ឡើយ​។ ម្យ៉ាងទៀត ប្រសិនបើ​អាមេរិក​ជ្រើស Trump National Doral គឹ​អាច​សន្សំ​លុយ បាន​រាប់លាន​ដុល្លារ ឬ​អាច​និយាយបានថា អាច​សន្សំ​បាន​ប្រមាណ​ជា ៥០​ភាគរយ បើ​ធៀប​ជាមួយនឹង​មជ្ឈមណ្ឌល​ផ្សេងទៀត​៕

Tag:
 អាមេរិក​
  G7
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com