ជាតិ
៩ខែ កម្ពុជា ដេញចិនជាង៧០០នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗ រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
× ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩ ជនជាតិចិន៧៤៤នាក់ (ស្រី១០៩នាក់) ត្រូវបានបណ្ដេញចេញពីកម្ពុជា ទៅប្រទេសចិនវិញ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថង ប្រាប់សារព័ត៌មានថ្មីៗតាម Telegram នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះថា ជនជាតិចិនទាំង៧៤៤នាក់នោះ គឺពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដូចជា បទល្មើសសេដ្ឋកិច្ច ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ VOIP និង ល្បែងស៊ីសងតាមអនឡាញ ជាដើម។
ទន្ទឹមនឹងនេះ នៅថ្ងៃទី១៧ ខែតុលា ស្ថានទូតចិនប្រចាំកម្ពុជា បានផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ជនជាតិលើសពី១០០០នាក់ត្រូវ បានបញ្ជូនចេញពីកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។ ការចាប់ខ្លួនជនជាតិចិនលើសពី១០០០នាក់នេះ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសពេស្យាចារ ល្បែងភ្នាល់គ្នាតាមប្រព័ន្ធអ៊ីនធឺណិត គ្រឿងញៀន សង្គមងងឹត និងបទល្មើសផ្សេងទៀត។
អគ្គនាយករងអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបានបណ្ដេញជនជាតិបរទេសចេញសរុប១៣៤៨នាក់ មាន៥២សញ្ជាតិ ដោយក្នុងនោះជនជាតិចិនមាន៩៥០នាក់ ដែលភាគច្រើនប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
លោក បទល្មើសល្បែងអនឡាញខុសច្បាប់នេះ មានការថយចុះ បន្ទាប់ពីរាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់និងបន្តសុពលភាពអាជ្ញាប័ណ្ណល្បែងអនឡាញមក រួមទាំងទីតាំងដែលមានអាជ្ញាប័ណ្ណអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួនរហូតដល់ដំណាច់ឆ្នាំ២០១៩។ រីឯ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងមិនបន្តសុពលភាពអាជ្ញាប័ណ្ណឲ្យបើកអាជីវកម្មល្បែងអនឡាញទៀតឡើយ៕
Tag:
ជនជាតិចិន
កម្ពុជា
ឆបោក
ល្បែងខុសច្បាប់
បទល្មើសសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com