កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao នឹង​ដើរតួ​ជា​វីរបុរស​ក្នុង​ខ្សែភាពយន្ត​ហូលីវូដ រឿង «Freedom Fighters»
18, Oct 2019 , 9:59 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao គ្រោង​នឹងចូលរួម​ដើរតួ​ជា​វីរបុរស​ក្នុង​ខ្សែភាពយន្ត​បែប​សង្គ្រាមលោក​របស់​ហូលីវូដ (Hollywood) ខណៈដែល​ទំនេរ​ពី​ការឡើង​សង្វៀន​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហ្វីលីពីន ABS-CBN​។​



​ស្រប​ពេលដែល ជំនួប​សងសឹក​ជាមួយ​អ្នក​ប្រដាល់​មិនដែល​ចាញ់​អាមេរិក Floyd Mayweather នៅ​មិនទាន់មាន​តម្រុយ​ច្បាស់លាស់​នៅឡើយ​នោះ Pacquiao អាច​នឹងចូលរួម​គម្រោង​មួយ​ក្នុង​វិស័យ​ភាពយន្ត ខណៈដែល​ស្តេច​ប្រដាល់​អាស៊ី​រូបនេះ​បានផ្តល់​ភ្លើង​បៃតង​ដើម្បី​សម្តែង​ក្នុង​រឿង​ស​ង្គ្រោ​ម​មួយ​របស់​ហូលីវូដ​ដែលមាន​ចំណងជើង​ថា «Freedom Fighters»​។​
​ខ្សែភាពយន្ត​នេះ​នឹងត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ Inspire Studios ដោយ​សហកា​ជាមួយ​ដៃគូ​ធំ​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​។ រឿង​ដែល Pacquiao ចូលរួម​សម្តែង​ជា​តួ​វីរបុរស​នេះ​បានប្រកាស​នៅ​ថ្ងៃទី​១៦ ខែតុលា ថា​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០ ខាងមុខ​តែម្តង​។​



​លោក Francis Ho នាយក​ប្រតិបត្តិ Inspire Studios និយាយថា​លោក​កំពុង​ពិភាក្សា​ថា​តើ​អ្នកណា​ដែល​សម​ដើរតួ​ជាមួយ​អ្នក​ប្រដាល់​និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​រូបនេះ​។ យ៉ាងណាក៏ដោយ​លោក​សន្យាថា ខ្សែភាពយន្ត​នឹង​ក្លាយជា​រឿង​ដ៏​អស្ចារ្យ​កម្រិត​ពិភពលោក​។​

« Freedom Fighters» ជា​ភាពយន្ត​ដែល​​លោក Louise Reid Spencer បាន​សរសេររៀប​រាប់​អនុស្សាវរីយ៍​របស់​បុរស​ម្នាក់​ដែល​រស់រានមានជីវិត​ពី​សង្គ្រាមលោកលើកទី​២ និង​រស់នៅ​ក្នុងប្រទេស​ហ្វីលីពីន អំឡុង​ការកាន់កាប់​របស់​ជប៉ុន​។​

Pacquiao ដែល​សព្វថ្ងៃ​មាន​វ័យ​៤០​ឆ្នាំ បាន​បង្ហាញខ្លួន​លើកចុងក្រោយ​លើស​ង្វៀន​ប្រដាល់​ដោយ​យកឈ្នះ​កីឡាករ​មេ​រិ​ក Keith Thurman ដោយ​ពិន្ទុ នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់ WBA Super Welterweight​។ Pacquiao ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ WBA Supr Welterweight ដែល Thurman បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០១៥ មក និង​ជា​ខ្សែក្រវាត់​ទី​១៣​លំដាប់​ពិភពលោក​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន​រូបនេះ​ផងដែរ​៕


Tag:
 Manny Pacquiao
  Freedom Fighters
© រក្សាសិទ្ធិដោយ thmeythmey.com