អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
កូរ៉េខាងត្បូងនៅតែសង្ឃឹមថា លោក គីម ជុងអ៊ុន អាចចូលរួមជំនួបកំពូលអាស៊ាន-កូរ៉េខែក្រោយ
17, Oct 2019 , 9:13 am        
រូបភាព
លោក លីម ស៊ុងណាម ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំអាស៊ាន (ឆ្វេងដៃ) និង លោក អូ កេវដុន អភិបាលក្រុងប៊ូសាន
លោក លីម ស៊ុងណាម ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំអាស៊ាន (ឆ្វេងដៃ) និង លោក អូ កេវដុន អភិបាលក្រុងប៊ូសាន
ប៊ូសាន-កូរ៉េខាងត្បូង៖ សាធារណរដ្ឋកូរ៉េ នឹងរៀបចំកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍៣០ឆ្នាំនៃកិច្ចសន្ទនាអាស៊ានកូរ៉េ នៅថ្ងៃទី២៥ និង២៧ខែវិច្ឆិកាខាងមុខនេះនៅក្នុងទីក្រុងប៊ូសាន។ ជាជំនួបកំពូលដែលនឹងប្រព្រឹត្តទៅក្រោមពាក្យគន្លឹះបីរបស់លោកប្រធានាធិបតី មូន ជេអ៊ីន គឺប្រជាជន វិបុលភាព និងសន្តិភាព។ កូរ៉េខាងត្បូងនៅតែរំពឹងថា លោកប្រមុខ គីម ជុងអ៊ុន នៃកូរ៉េខាងជើងនឹងអាចសម្រេចចិត្តនានាទីចុងក្រោយ ដើម្បីចូលរួមក្នុងជំនួបកំពូលនេះនោះ។



គឺចេញពីសន្និសីទសារព័ត៌មានពីក្រុងប៊ូសាននាល្ងាចថ្ងៃទី១៦ខែតុលាស្តីពី ព្រឹត្តិការណ៍រថភ្លើងអាស៊ាន-កូរ៉េ ដែលព័ត៌មានស្តីពីលោកប្រមុខ គីម ជុងអ៊ុន នៃកូរ៉េខាងជើងត្រូវបានលើកឡើង។ នោះគឺក្តីសង្ឃឹមថា លោកប្រមុខ គីម ជុងអ៊ុន នៃកូរ៉េខាងជើងអាចសម្រេចចិត្តចូលរួមក្នុងជំនួបកំពូលកូរ៉េអាស៊ានលើកទី៣០នៅក្នុងទីក្រុងប៊ូសាន។

ថ្លែងនៅក្នុងសន្និសីទកាសែតនាទីក្រុងប៊ូសានក្នុងព្រឹត្តិការណ៍រថភ្លើងអាស៊ាន-កូរ៉េ លោក លីម ស៊ុងណាម (Lim Sung-nam) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំអាស៊ានបានអះអាងថា លោកនៅតែជឿជាក់ថា លោកប្រមុខ គីម ជុងអ៊ុន នឹងចូលរួមក្នុងជំនួបកំពូលក្នុងខែវិច្ឆិកាខាងមុខនេះ ហើយថា «វត្តមាននោះនឹងបង្ហាញអំពីរូបភាពវិជ្ជមានសម្រាប់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។



ទន្ទឹមគ្នានោះដែរ អភិបាលក្រុងប៊ូសាន លោក អូ កេវដុន (Oh Keo-don) បានអះអាងនៅចំពោះមុខអ្នកសារព័ត៌មានកូរ៉េ និងអ្នកកាសែតមកពីប្រទេសអាស៊ានថា ប្រជាជនប៊ូសានទាំង៣លាន៥សែននាក់ ចង់ឃើញលោកប្រមុខ គីម ទស្សនកិច្ចក្រុងប៊ូសាន។ លោកអភិបាលក្រុងបានបន្តយ៉ាងដូច្នេះ៖«យើងនៅតែមានអារម្មណ៍រីករាយ និងនឹកឃើញពេលវេលាដែលយើងបានស្វាគមន៍ និងបានជួបកីឡាករ កីឡាការិនី ព្រមទាំងមន្ត្រីកូរ៉េខាងជើងកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០០២។ ខ្ញុំគិតថា ពួកគេក៏បានស្រឡាញ់ក្រុងប៊ូសានដែរ»។

អត្ថបទទាក់ទង
 

ព្រឹត្តិការណ៍«រថភ្លើងអាស៊ានកូរ៉េ៖ រីកចម្រើនទាំងអស់គ្នា» ត្រូវបានរៀបចំឡើងនៅក្នុងសប្តាហ៍នេះដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ដើម្បីអបអរខួប៣០ឆ្នាំនៃភាពជាដៃគូសន្ទនារវាងកូរ៉េ និងអាស៊ានក្នុងខែវិច្ឆិកាខាងមុខនេះ និងដើម្បីពង្រឹងទំនាក់ទំនាក់នៃភាគីទាំងពីរឱ្យកាន់តែរុងរឿងក្នុងរយៈពេល៣០ឆ្នាំទៀត។ ការប្រារព្ធខួប៣០ឆ្នាំនេះជំនួបកំពូលនៃដៃគូសន្ទនាអាស៊ាន-កូរ៉េ ក៏បានកើតឡើងចំពេលនៃការអនុវត្តគោលនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូង (New Southern Policy) ដែលត្រូវបានប្រកាសឡើងដោយលោកប្រធានាធិបតី មូន ជេអ៊ីន ក្នុងឆ្នាំ២០១៧។ គោលនយោបាយនេះ មានគោលដៅបង្កើនភាពជាដៃគូរវាងអាស៊ាន និងកូរ៉េ ក្រោមមូលដ្ឋានគន្លឹះបី (3Ps: People, Prosperity and Peace) គឺ ប្រជាជន វិបុលភាព និងសន្តិភាព។

យោងតាមឯកសារដែលផ្តល់ឱ្យដោយមជ្ឈមណ្ឌលអាស៊ានកូរ៉េ ភាគីទាំងពីរបានសម្រេចលទ្ធផលជា វិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ។​ គ្រាន់តែក្នុងឆ្នាំ២០១៨ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បានកើនលើស១១លាននាក់។

នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងសេដ្ឋកិច្ចវិញ បើតាមឯកសារដដែល អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់កូរ៉េ ដោយមានតម្លៃទំហំពាណិជ្ជកម្មប្រមាណ ១៦០ ប៊ីលានដុល្លារ។ ទន្ទឹមគ្នានេះផងដែរ អាស៊ានក៏បានក្លាយជាគោលដៅវិនិយោគធំជាងគេទី៤របស់ក្រុមហ៊ុនកូរ៉េផងដែរ៕

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  គីម ជុងអ៊ុន
  កិច្ចប្រជុំអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com