អន្តរជាតិ
កន្ទុយបារី​ក៏​ជា​អ្នក​បំពុលបរិស្ថាន​មួយ​ខ្លាំង​ដែរ តែ​មនុស្ស​ភាគច្រើន​មិន​ចាប់អារម្មណ៍​
19, Oct 2019 , 10:59 am        
រូបភាព
​ទោះបីជា​ពួកវា​មាន​ទំហំ​តូច និង​មើលទៅ​ហាក់បីដូចជា​មិនអាច​បង្ក​ផលប៉ះពាល់​ធំធេង​មែន​ក្តី តែ​កន្ទុយបារី​ដែល​សល់​ពី​អ្នកពិសាបារី​ទាំងនោះ មាន​សមត្ថភាព​ក្នុងការ​បំផ្លាញ​បរិស្ថាន​ដែល​សត្វ​នានា និង​មនុស្ស​កំពុង​រស់នៅ​។ អង្គការក្រៅរដ្ឋាភិបាល​មួយ​របស់​សហរដ្ឋអាមេរិក​ក្រោម​ឈ្មោះថា Keep America Clean ឬ KAB បានបង្ហាញ​ពី​បញ្ហា​ចំនួន​ពីរ​ដែល​បាន​កើតឡើង​។ ទីមួយ គឺ​ការមិន​យកចិត្តទុកដាក់​ពី​អ្នកពិសាបារី ក្នុងការ​ចោល​កន្ទុយបារី​ឲ្យ​បានល្អ និង​ទី​ពីរ គឺ​ការមិន​ផ្តល់​កន្លែង​ចោល​បារី​ត្រឹមត្រូវ​នៅតាម​ទីសាធារណៈ​នានា​។ នេះ​ជាការ​ចុះផ្សាយ​ដោយ​គេហទំព័រ Very Well Mind ។ ទិន្នន័យ​នៃ​ការស្ទង់មតិ​របស់ KAB បាន​បង្ហាញថា ប្រជាជន​ជាង​៧៧​ភាគរយ មិនបាន​ដឹងថា​កន្ទុយ​បារី​អាចមាន​សមត្ថភាព​ក្នុងការ​បំផ្លាញ​បរិស្ថាន​នោះទេ​។



​កន្ទុយបារី​ដែល​អ្នក​មើលទៅ​ហាក់បីដូចជា​កំណាត់​កប្បាស គឺជា​បណ្តុំ​នៃ​ប្លា​ស្ទិ​ច​ទៅវិញ​ទេ​។ គេ​ហៅ​ប្រភេទ​នៃ​ប្លា​ស្ទិ​ចនេះ​ថា Cellulose Acetate ។ ដោយ​អាស្រ័យទៅលើ​តំបន់​នីមួយៗ កន្ទុយបារី​ត្រូវការ​ពេល​ប្រមាណ​ពី​១៨​ខែ ទៅ​១០​ឆ្នាំ​ក្នុង​ការរំលាយ​ទៅក្នុង​ធម្មជាតិ​វិញ​។ ក្រៅពីនេះ កន្ទុយបារី​ក៏​សម្បូរ​ទៅដោយ​សារធាតុពុល​នានា​ផងដែរ ដែល​ចេញពី​ផ្សែង​បារី​ទាំងនោះ ដូចជា នីកូទីន​។ វា​មាន​ជ្រាបចូល​ទៅក្នុង​ប្រភពទឹក​លើដី និង​ក្រោម​ដី នៅពេលដែល​វា​មិនបាន​បោះចោល​ដោយ​ត្រឹមត្រូវ​។ នេះ​គឺ​ដោយសារតែ​កន្ទុយបារី​មាន​នាទី​ក្នុងការ​ស្រង់​យក​សារធាតុ​មិនល្អ​ពី​ផ្សែង​បារី នៅពេលដែល​មនុស្ស​ពិសា​។ កន្ទុយបារី​មួយ​អាចមាន​កម្ទេច​នៃ​ខ្សែ​ប្លា​ស្ទិ​ច​ទាំងនេះ​រហូត​ទៅដល់​ជាង​១២​ពាន់​ខ្សែ តូច​ជាង​សរសៃអំបោះ​ទៅទៀត​។ កន្ទុយបារី​អាច​ទៅ​បំពុល​សត្វល្អិត​មាន​ប្រយោជន៍​តូចៗ​នៅក្នុង​ទឹក ឬ​អាច​ចូលទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​សត្វ​ធំៗ​មួយចំនួនទៀត​។

​កន្ទុយបារី​ក៏​ជា​ហេតុផល​ចម្បង​មួយ​នៅក្នុង​ការបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​។ នៅក្នុង​សហរដ្ឋអាមេរិក តាម​ការបកស្រាយ​ដោយ ភ្នាក់ងារ​ជាតិ​ការពារ​ភ្លើង​ឆេះ (National Fire Protection Agency) ភ្លើង​ឆេះ​ប្រមាណ​ជា​៩​ម៉ឺន​ករណី​ក្នុង​មួយឆ្នាំៗ​នៅក្នុង​សហរដ្ឋអាមេរិក កើតឡើង​ដោយសារ​កន្ទុយបារី​នានា​ដែល​ត្រូវបាន​ចោល​ដោយ​គ្មាន​សណ្តាប់ធ្នាប់​។

​នៅក្នុង​ពិភពលោក មនុស្ស​ជាង​១​ពាន់​លាន​នាក់​ពិសា​បារី​ជា​រៀងរាល់ថ្ងៃ​។ ប្រទេស​ចិន មាន​អ្នក​ពិសារ​បារី​ប្រមាណ​ជា​៣០០​លាន​នាក់ មួយ​ភាគបី​នៃ​អ្នកពិសាបារី​សរុប ដោយ​ក្នុង​មួយឆ្នាំៗ​ពួកគេ​ពិសា​បារី​ប្រមាណ ២៣០០​ពាន់​លាន​ដើម (2.3 trillion) ។ ក្នុង​មួយ​នាទី បារី​ចំនួន​១០​លាន​ដើម​ត្រូវបាន​គេ​ទិញ​មកប្រើប្រាស់​។ បារី​៥០០០​ពាន់​លាន​ដើម មាន​ទម្ងន់​ប្រមាណ​ជាង​៩០០០​លាន​គីឡូក្រាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com