ជាតិ
សាលាក្រុង​ភ្នំពេញ​គ្រោង​បង្កើត​ផ្លូវ​ក្រោម​ដី​ចំនួន​២​ខ្សែ​ទៀត​
19, Oct 2019 , 1:59 pm        
រូបភាព
រូបពីសាលារាជធានីភ្នំពេញ
រូបពីសាលារាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ កំពុងតែ​សិក្សា​លើ​គម្រោង​បង្កើត​ផ្លូវ​ក្រោម​ដី​ចំនូ​ន​២​ខ្សែ ដែល​ខ្សែ​ទី​១ ត្រង់ចំណុច​ផ្លូវ​សហព័ន្ធ​រុស្សី ម្តុំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ខ្សែ​ទី​២ ត្រង់ចំណុច​ក្តាន់​២ ដែលជា​គោលដៅ​ប្រឈម​នឹង​ការកកស្ទះ​ខ្លាំង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​។ គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​ចំនួន​២​ខ្សែ​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​ថ្ងៃទី​១៧ ខែតុលា​។​



​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន បាន​លើកឡើងថា គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​នេះ​កំពុងតែ​ស្ថិតនៅក្រោម​ការសិក្សា​ពី​អ្នកជំនាញ​លើ​តំបន់​ណា​ដែល​ប្រឈម​នឹង​ការកកស្ទះ​ខ្លាំង និង​ផលប៉ះពាល់​នៃ​គម្រោង ជាពិសេស​តំបន់​ដែលមាន​គ្រឹះស្ថានសិក្សា មាន​សិស្ស និស្សិត​។ លោក សាំ ពិសិដ្ឋ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​សិក្សា​មើល​លទ្ធភាព​លើ​តំបន់​និស្សិត​នា​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ យើង​បាន​សិក្សា​លើ​ចំណុច​ណា​ដែល​កកស្ទះ​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​»​។

​ក្រសួង​ព័ត៌មាន​បាន​ដកស្រង់​សំដី​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដូច្នេះ​ថា ការសាងសង់​ផ្លូវ​ក្រោម​ដី​នេះ គឺ​សម្រាប់​ផ្តល់​ផលប្រយោជន៍​ដល់​និស្សិត និង​ពលរដ្ឋ​។
ទន្ទឹមនឹង​បង្កើត​គម្រោង​នេះ លោក​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ ក៏​គ្រោង​រៀបចំ​ចិញ្ចើមផ្លូវ​ឲ្យ​មាន​សណ្តាប់ធ្នាប់​រៀបរយ ទាំង​ការធ្វើដំណើរ និង​ការចត​យានយន្ត​នៅតាម​ដងផ្លូវ​។

​សូមបញ្ជាក់ថា ផ្លូវ​ក្រោម​ដី​នៅ​ភ្នំពេញ​ដែល​កំពុង​ចរាចរ​សព្វថ្ងៃនេះ រួមមាន​ផ្លូវ​ក្រោម​ដី​ត្រង់ចំណុច​សាលា​តិច​ណូ ផ្លូវ​ក្រោម​ដីស្ទឹង​មានជ័យ​។ សាលាក្រុង​ភ្នំពេញ​ក៏​កំពុងតែ​សាងសង់​ផ្លូវ​ក្រោម​ដី​នៅត្រង់ចំណុច​រង្វង់​មូល​ចោមចៅ​ផងដែរ​៕



Tag:
 រដ្ឋបាល​រាជធានី​ភ្នំពេញ​
 ​ផ្លូវ​ក្រោម​ដី
© រក្សាសិទ្ធិដោយ thmeythmey.com