ជាតិ
សង្គមជាតិ
ក្រុមយុវជន​សំរាម នឹង​អនុវត្ត​យុទ្ធនាការ​ប្រមូល​សំរាម «​ធ្វើ​ឲ្យ​ចម្ការមន​ក្លាយជា​ខណ្ឌ​គំរូ​»
19, Oct 2019 , 2:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមយុវជន​សំរាម​ដែល​ដឹកនាំ​ដោយ​លោក សាន ដា​រ៉ា​វីត នឹង​អនុវត្ត​យុទ្ធនាការ «​ធ្វើ​ឲ្យ​ខណ្ឌចម្ការមន​ក្លាយជា​ខណ្ឌ​គំរូ​» នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ខែមករា ឆ្នាំ​២០២០​។ បើតាម​យុវជន ដា​រ៉ា​វីត យុទ្ធនាការ​នេះ មាន​រយៈពេល​៣​ខែ ដែលមាន​កិច្ចសហការ​ពី​អាជ្ញាធរ​ខណ្ឌ​ផ្ទាល់ និង​ទទួលបាន​ការគាំទ្រ​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​



​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ នា​ថ្ងៃទី​១៧​តុលា ប្រធាន​ក្រុមយុវជន​សំរាម​រូបនេះ លោក ដា​រ៉ា​វីត បាន​លើកឡើងថា យុទ្ធនា​ការធ្វើ​ឲ្យ​ខណ្ឌចម្ការមន​ក្លាយជា​ខណ្ឌ​គំរូ​នេះ ក្រៅពី​ការប្រមូល​ឬ​សម្អាត​សំរាម​ឲ្យ​អស់​ពិសេស​សំរាម​ប្រភេទ​ប្លា​ស្ទិ​ក និង​នាំគ្នា​បោសសម្អាត​កុំ​ឲ្យ​មាន​ដី​ហ៊ុយ​នៅក្នុង​តំបន់​គោលដៅ​នោះ យុទ្ធនាការ​នេះ​ក៏​អនុវត្ត​នៅតាម ខណ្ឌ សាលារៀន និង​សា​លក​វិទ្យាល័យ​នានា​នៅ​ភ្នំពេញ​ផងដែរ​។ លោក​បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​រួមគ្នា​អនុវត្ត​ក្នុងការ​ប្រែក្លាយ​ភ្នំពេញ​ឲ្យ​ទៅ​រាជធានី​ដ៏​ស្អាត​ពិតប្រាកដ ឬ​ជាទី​ក្រុង​គជ់​។



«​រាជធានី​ភ្នំពេញ ដែលជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​សម្រាប់​ជនបរទេស សម្រាប់​ខ្ញុំ​ក្រៅពី​គ្មាន​សំរាម គ្មាន​ដី​ហុយ​ហើយ​នោះ យើង​ដាំ​ផ្កា​លម្អ ឬ​គូរគំនូរ​នៅលើ​ជញ្ជាំង​ផ្សេងៗ ឬក៏​មាន​រៀបចំ​បដា​ផ្សេងៗ ដែល​និយាយ​អំពី​បរិស្ថាន​ជាដើម​...»​។ នេះ​ជាការ​លើកឡើង​របស់​យុវជន ដា​រ៉ា​វីត ដោយបាន​បន្ថែមថា ចំពោះ​យុទ្ធនា​ការធ្វើ​ឲ្យ​ខណ្ឌចម្ការមន​ក្លាយជា​ខណ្ឌ​គំរូ​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ផងដែរ​។ ហើយ​ការគាំទ្រ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំពោះ​ក្រុមយុវជន​សំរាម ក្រៅពី​គាំទ្រ​ផ្នែក​ច្បាប់ ក៏មាន​ការផ្តល់​អង្ករ​ផងដែរ​។


លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម (សាំ) ជាមួយ ពូឈីវ  ឈរថតរូប នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ  បន្ទាប់ពីបានជួបជាមួយ លោក ឃួង ស្រេង កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០១៩

​លើសពីនេះ លោក ដា​រ៉ា​វីត កំពុង​រៀបចំ​សំណើ​ដាក់ជូន​លោក ឃួ​ង ស្រេង ដើម្បី​ទទួលបាន​ប្រាក់​គាំទ្រ សម្រាប់​យុទ្ធនាការ​ដែលមាន​រយៈ​ពេល​បី​ខែ​នេះ​។ លោក ដា​រ៉ា​វីត ស្នើសុំ​ថវិការ​គាំទ្រ​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ ចំនួន​៥​ពាន់​ដុល្លារ​ក្នុង​មួយខែ​។​

​សូម​រម្លឹកថា ក្រុមយុវជន​សំរាម បានធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅតាម​តំបន់​នានា ពិសេស​នៅក្នុង​លូទឹកស្អុយ​បឹងត្របែក  ក្នុង​ខណ្ឌចម្ការមន  កាលពីដើម​ខែមីនា ឆ្នាំ​២០១៩ មកទល់​បច្ចុប្បន្ននេះ​៕

អត្ថបទទាក់ទង



Tag:
 យុវជន​
  សំរាម​
  បា្ល​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com