ជាតិ
គម្រោង​«GirlTakeover»​ផ្តល់ឱកាស​មួយថ្ងៃ​ឲ្យ​ក្មេងស្រី​ជនបទ​ម្នាក់ ធ្វើជា​ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​
19, Oct 2019 , 4:20 pm        
រូបភាព
រូបភាពពី​អង្គ​ការភ្លែនអន្តរជាតិកម្ពុជា​
រូបភាពពី​អង្គ​ការភ្លែនអន្តរជាតិកម្ពុជា​
ដោយ:
​ភ្នំពេញ​៖ គម្រោង​«​ក្មេងស្រី​កាន់​តួនាទី​ជំនួស​» ឬ «GirlTakeover» ដែល​បង្កើតឡើង​ដោយ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ជ្រើសរើស​ក្មេងស្រី​នៅ​តំបន់​ដាច់ស្រយាល មកកាន់​តំណែង​ជំនួស​អ្នកដឹកនាំ​។ តួនាទី​ដែល​ក្មេងស្រី​កាន់តំណែង​រួមមាន ជា​រដ្ឋ  មន្ត្រី​ក្រសួង​អប់រំ អ្នកគ្រប់គ្រង​ក្រុមហ៊ុន អង្គការ ព្រឹទ្ធបុរស​នៃ​សាកលវិទ្យាល័យ និង​ឯកអគ្គរាជទូត​ផ្សេងៗ​។ តាមរយៈ​គម្រោង​នេះ បាន​ជួយ​ឲ្យ​ក្មេងស្រី មាន​ភាពក្លាហាន និង​បង្ហាញ​ពីស​ក្កា​នុព​ល និង​ភាពជា​អ្នកដឹកនាំ​។



​នៅ​ថ្ងៃ​ទិវា​ក្មេងស្រី​អន្តរជាតិ ១១ តុលា​ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា លោក Samuel Hurtig បាន​ផ្ទេរ​តួនាទី​របស់ខ្លួន​រយៈពេល​មួយថ្ងៃ ទៅ​ក្មេងស្រី​កម្ពុជា​មកពី​តំបន់​ជនបទ ក្នុង​ខេត្តស្ទឹងត្រែង ឈ្មោះ ស្រី​ភា ដើម្បី​ឲ្យ​នាង​តួ​ជា​ឯកអគ្គរាជទូត​ជំនួស​។ ផ្ទេរ​តួនាទី គឺជា​ផ្នែក​មួយ​នៃ​គម្រោង ក្មេងស្រី​កាន់​តួនាទី​ជំនួស​» ឬ «GirlTakeover» ដែល​បង្កើតឡើង​ដោយ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដើម្បី​ឲ្យ​គម្រោង​នេះ​មាន​ភាពជោគជ័យ​សម្រាប់​ឲ្យ​ស្រី្ត និង​ក្មេងស្រី ទទួលបាន​សិទ្ធិអំណាច និង​បានបង្ហាញ​សក្កា​នុព​ល​ខ្លួន​។

​លោក Samuel Hurtig ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយ​អ៊ែត​ថា ការផ្ទេរ​តំណែង និង​តួនាទី​ឲ្យ​ទៅ​ញ្ញា ស្រី​ភា រយៈពេល​មួយថ្ងៃ​នេះ គឺជា​ឱកាស​មួយ​ដែល​នាង​អាច​លើកឡើង​ពី​បញ្ហា​របស់​ក្មេងស្រី នៅក្នុង​សហគមន៍​ខ្លួន​។ លោក Samuel Hurtig បន្ថែមថា​៖«​នៅពេលដែល​ស្រី​ភា ទទួលបាន​ឱកាស​ស្មើភាព​នឹង​ជីវិត​អ្នកដទៃ នោះ​នាង​នឹង​អាច​ផ្លាស់​ប្តូរជីវិត និង​សហគមន៍​របស់​នាង តាមរយៈ​ការចូលរួម​បង្កើត​ពិភពលោក​មួយ​ដែល​កាន់​តែមាន​ភាពល្អប្រសើរ​សម្រាប់​មនុស្ស​គ្រប់រូប​»​។

​ស្រី​ភា ដែល​បានទទួល​ឱកាស​ដ៏​កម្រ​ដើរតួ​ជា​ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​រយៈពេល​មួយថ្ងៃ បាន​បញ្ជាក់ថា នាង​បាន​លើកយក​បញ្ហា​ជាច្រើន​ដែល​ខ្លួន​ធ្លាប់​ជួបប្រទះ នៅក្នុង​សហគមន៍​របស់​នាង​។  ស្រី​ភា ក៏បាន​ពិភាក្សា​ពី​បញ្ហា​ការ​រៀបការ​វ័យក្មេង ជាមួយនឹង​ស្ថានទូត​ស៊ុយអែត និង​ការ​ស្វែង​យក​ដំណោះស្រាយ ធ្វើយ៉ាងណា​បញ្ឈប់​ការ​រៀបការ​វ័យក្មេង និង​ជំរុញ​ឲ្យ​ស្ត្រី​វ័យក្មេង សម្រេច​មហិច្ឆតា​របស់​ខ្លួន​។ ស្រី​ភា​និយាយ​ដូច្នេះ​ថា​៖«​ក្នុង​សហគមន៍​របស់ខ្ញុំ ក្មេងស្រី​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា ការ​រៀបការ​វ័យក្មេង ការបោះបង់​ការសិក្សា ផ្នត់គំនិត​យេនឌ័រ​អវិជ្ជមាន និង​កង្វះ​បុគ្គល​គំរូ​សម្រាប់​ក្មេងស្រី​។ ការ​រៀបការ​វ័យក្មេង​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ជាងគេ​ដែល​ខ្ញុំ​ចង់​ដោះស្រាយ​»​។



​ក្រៅពី​ស្រី​ភា នៅក្នុង​ថ្ងៃ​ទិវា​ក្មេងស្រី​អន្តរជាតិ​នេះ ក៏មាន​ក្មេងស្រី​ជនបទ​ដទៃទៀត​ក្នុង​ខេត្ត សៀមរាប ស្ទឹងត្រែង និង​រតនគិរី ត្រូវបាន​ផ្តល់ឱកាស​មួយថ្ងៃ​ដូចគ្នា ឲ្យ​ដើរតួនាទី​ជំនួស ក្នុង​តំណែង​ជា​អ្នកដឹកនាំ​ដែរ​។

​លោកស្រី គ្វី​ន​នេ​ត វ៉ង នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​បន្ថែមថា ក្មេងស្រី​នៅ​ទូទាំង​ពិភពលោក កំពុងតែ​ប្រឈម​នឹង​ឧបសគ្គ​ធំៗ​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​ខ្លួន និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​។ លោកស្រី​បាន​កត់សម្គាល់ថា ក្មេងស្រី និង​ស្រី្ត​វ័យក្មេង​នៅ​កម្ពុជា នៅតែ​ជាប់​បញ្ហា​វិសមភាព​យេនឌ័រ ទាំង​នៅក្នុង​ផ្ទះ សហគមន៍ និង​កន្លែងធ្វើការ ហើយ​ការចូលរួម​ដឹកនាំ​ពី​ស្ត្រី និង​ក្មេងស្រី ស្ថិតនៅ​កម្រិត​ទាប​នៅឡើយ​៕


Tag:
 ស្ថានទូត​ស៊ុយអែត​
  ក្មេងស្រី​
  អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​
  សៀមរាប​
  ស្ទឹងត្រែង​
 ​រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com