អន្តរជាតិ
អាមេរិក ដំឡើងពន្ធបន្ថែមលើទំនិញអឺរ៉ុប ក្រោយ WTO បើកភ្លើងបៃតង
× អាមេរិក បានដំឡើងពន្ធបន្ថែមលើទំនិញរបស់អឺរ៉ុបប្រមាណជា ៧,៥ពាន់លានដុល្លារ។ ទំនិញទាំងនោះរួមមាន យន្តហោះ Airbus ស្រាទំពាំងបាយជូរបស់បារាំង និងស្រាវីស្គីជាដើម។ អាមេរិកទទួលភ្លើងបៃតងរួចហើយពីអង្គការពាណិជ្ជកម្មអន្តរជាតិ។ ការណ៍នេះ ត្រូវបានអឺរ៉ុបព្រមានថា នឹងចាត់វិធានការសងសឹកវិញ។
ចាប់ពីម៉ោង១២ ពាក់កណ្តាលអធ្រាត្រ នាថ្ងៃទី១៨ ខែតុលា ការដំឡើងពន្ធរបស់អាមេរិកទៅលើមុខទំនិញនាំចូលរបស់អឺរ៉ុប បានចូលជាធរមាន បន្ទាប់ពីកិច្ចចរចារវាងប្រតិភូអឺរ៉ុប និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក ទទួលបរាជ័យ។
រាល់យន្តហោះ Airbus ទាំងអស់ ដែលត្រូវបានផលិតនៅក្នុងប្រទេសអឺរ៉ុប ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញជាដើម ត្រូវរងដំឡើងពន្ធ១០ភាគរយ នៅពេលនាំចូលទៅអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ចំណែកផលិតផលផ្សេងទៀត ដូចជាស្រាទំពាំងបាយជូរបារាំង ប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថា អាមេរិកនឹងដំឡើងពន្ធ ២៥ភាគរយនៅពេលក្រោយ។
ជាការពិត ការដំឡើងពន្ធលើផលិតផលអឺរ៉ុបទាំងនេះ គឺធ្វើឡើងតែប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ បន្ទាប់ពីមានការផ្តល់ភ្លើងបៃតង ពីសំណាក់អង្គការពាណិជ្ជកម្មពិភពលោក។
មានវត្តមាននៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានម៉ោងមុនការដំឡើងពន្ធចូលជាធរមាន លោករដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង បានព្រមានថា សកម្មភាពរបស់អាមេរិកបែបនេះ គឺបង្កឲ្យស្ថានភាពអាក្រក់កាន់តែខ្លាំង។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានអះអាងទៀតថា អឺរ៉ុប នឹងចាត់វិធានការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់អាមេរិកវិញ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក។ ក្នុងន័យនេះ ផលវិបាកនឹងធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយរបស់អឺរ៉ុប និងអាមេរិក។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកត្រាំ បាននិយាយការពារទៅនឹងការដំឡើងពន្ធថា៖ «ទំនិញរបស់យើង គឺពិបាកក្នុងការនាំចូលទៅក្នុងទីផ្សារអឺរ៉ុបណាស់ ខណៈពេលអឺរ៉ុបនាំចូលរថយន្តរបស់ពួកគេចូលមកអាមេរិកយ៉ាងស្រួល»។ ក្រៅពីរឿងយន្តហោះAirbus ប្រធានាធិបតីអាមេរិករូបនេះ ក៏បានដំឡើងពន្ធលើដែកថែប អាលុយមីញ៉ូម មកពីអ៊ឺរ៉ុប និងប្រទេសសម្ពន្ធមិត្តផ្សេងទៀតផងដែរ។ លើសពីនេះ ដូណាល់ ត្រាំ កំពុងគំរាមដំឡើងពន្ធលើរថយន្តមកពីអ៊ឺរ៉ុបថែមទៀត។
សូមបញ្ជាក់ថា បញ្ហារឿងយន្តហោះនេះ អឺរ៉ុប និងអាមេរិកបានទាស់គ្នាតាំងពីឆ្នាំ ២០០៤មកម្លេះ។ កាលនោះ អាមេរិកបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ហើយបានចោទថា អង់គ្លេស បារាំង អាល្លឺម៉ង់ ផ្តល់ឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus ។ មួយឆ្នាំក្រោយមក អឺរ៉ុប បានចោទអាមេរិកវិញម្តងថា ក្រុមហ៊ុនយន្តហោះ Boeing បានទទួលលុយប្រមាណជាជាង ១៩ពាន់លានដុល្លារ ពីឆ្នាំ ១៩៨៩ ដល់ ឆ្នាំ ២០០៦ ពីគ្រប់សាខាផ្សេងៗគ្នារបស់រដ្ឋាភិបាលអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com