អន្តរជាតិ
យុវជនអាមេរិក២នាក់ត្រូវឃាត់ខ្លួនដោយសារចាប់កូនក្រពើបង្អកស្រាបៀរ
× នារសៀលមួយនៅក្រុង Palm City រដ្ឋ Florida សហរដ្ឋអាមេរិក បុរសពីរនាក់បាននាំគ្នាចាប់កូនក្រពើដោយផ្ទាល់។ ក្រោយមកពីគេត្រូវបានចាប់ខ្លួន បន្ទាប់ពីភ្នាក់ងារអភិរក្សសត្វព្រៃប្រចាំរដ្ឋ Florida បានរាយការណ៍ពីសកម្មភាពដែលពួកគេនាំចាប់កូនក្រពើនោះ បង្អកស្រាបៀរ។
Noah Osborne អាយុ២២ឆ្នាំ បានចាប់កូនក្រពើដោយផ្ទាល់ដៃ បន្ទាប់មកមិត្តរបស់គេឈ្មោះ Timothy Kepke អាយុ២៧ឆ្នាំ បានចាប់បន្ត ប៉ុន្តែក្រោយមកក្រពើនោះបានខាំដៃ។ តាមរូបភាពវីដេអូដែលផ្សាយដោយសារព័ត៌មាន TC Palm ក្រោយទាញក្រពើចេញពីដៃ Kepke បានយកស្រាបៀរចាក់ទៅក្នុងមាត់ក្រពើតែម្តង។
ភ្នាក់ងារអភិរក្សសត្វព្រៃ ចាត់ទុកសកម្មភាពរបស់យុវជនអាមេរិកទាំងពីរ ជាអំពើហិង្សា។ ក្រោយមក ពួកគេត្រូវបានប៉ូលិសមូលដ្ឋានចាប់ខ្លួន តែត្រូវបានដោះលែងវិញក្រោមលក្ខខណ្ឌ។ Kepke បានសារភាពប្រាប់ប៉ូលិសថា គេ ពិតជាបានផឹក មុនពេលយកស្រាបៀរទៅបង្អកកូនក្រពើ ប៉ុន្តែគេមិនស្ថិតក្នុងស្ថានភាពស្រវឹងនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ Osborne និង Kepke បានអះអាងប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានលែងកូនក្រពើចូលទៅក្នុងទឹកវិញ។ ស្ត្រីម្នាក់ដែលឃើញសកម្មភាពរបស់អ្នកទាំងពីរបានអះអាងថា កូនក្រពើបានខាំកដៃរបស់ Kepke ដោយសារតែទង្វើរបស់យុវជនរូបនោះផងដែរ។
Kepke និង Osborn ត្រូវបានឃាត់ខ្លួនរយៈពេលខ្លីប៉ុណ្ណោះ ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីមានការប្រាក់ធានា ៥០០០ដុល្លារអាមេរិក និង២៥០០ដុល្លារអាមេរិករៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com