ជាតិ
ត្រីកំបុតច្រមុះ រស់នៅតាមដងទន្លេ ប៉ុន្តែកូនរបស់វា ជួនកាលចូលទៅតាមតំបន់វាលភក់ និងតាមវាលទំនាបលិចទឹកផងដែរ ត្រីកំបុតច្រមុះ។ រូបភាព៖ Dinh D. Tran / ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅតាមដងទន្លេ ដោយកូនរបស់វា ជួនកាលចូលទៅតាមតំបន់វាលភក់ និងតាមវាលទំនាបលិចទឹកផងដែរ។
ត្រីកំបុតច្រមុះ មានឈ្មោះវិទ្យាសាស្ត្រ (Amblyrhynchichthys micracanthus) វាមានប្រវែងដងខ្លួនអតិបរមា ១៩.៧ ស.ម។ ត្រីកំបុតច្រមុះ ស៊ីស្លែ ប្លង់តុងរុក្ខជាតិ ប្លង់តុងសត្វ ព្រមទាំងសត្វល្អិត និងកាកសំណល់ផ្សេងៗ ជាអាហារ។
លក្ខណៈសម្គាល់៖ មានព្រុយទ្រនង់ខ្នងរឹងចំនួន១ រាងរឆេងរឆូងដូចធ្មេញរណារ។ ព្រុយពោះ មានទ្រនង់ទន់ចំនួន៩។ ក្តោងច្រមុះខ្លីកំបុត។ ភ្នែកធំមានត្របកភ្នែក។ មានពុកមាត់។ មានស្រកា៣ជូរនៅចន្លោះព្រុយគូទ និងរន្ធភេទ។ ចុងព្រុយខ្នង និងព្រុយកន្ទុយមានពណ៌ខ្មៅ។ ត្រីកំបុតច្រមុះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ។
សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិឲ្យបានគង់វង្ស និងជួយលប់បំបាត់នូវរាល់ការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទ ដែលត្រូវហាមឃាត់ដោយច្បាប់ជលផល ប្រយោជន៍ដើម្បីឲ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយ។
© រក្សាសិទ្ធិដោយ thmeythmey.com