ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បករសង្ឃឹមថា ថ្ងៃមួយទម្រង់សិល្បៈបុរាណ ស្គាល់ការគាំទ្រលែងរង្គោះរង្គើពីទស្សនិកជនខ្មែរ
19, Oct 2019 ,
8:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ភ្ជាប់ជាមួយមហោស្រពអក្សរសិល្ប៍ខ្មែរ ការសម្ដែងល្ខោនយីកេដុំកង់ ទទួលបានអ្នកទស្សនាពេញរោង នាថ្ងៃអាទិត្យ ទី១៣ ខែតុលាកន្លងទៅ។ តែទោះជាយ៉ាងណា ភាពអ៊ូអរនេះ មិនមានរៀងរាល់ពេលសម្ដែងសិល្បៈបុរាណឡើយ ហើយទាំងនេះ ជាដើមហេតុនាំឱ្យប្រធានសមាគមសិល្បករគោកធ្លក និងសិល្បករទាំងអស់ ក្នុងក្រុមកំពុងព្រួយបារម្ភរាល់ថ្ងៃ។ ទោះជាយ៉ាងនេះក្តី ទាំងប្រធានសមាគមសិល្បករគោកធ្លក និងសិល្បករ នៅតែសង្ឃឹមថា នឹងមានថ្ងៃមួយដែលទស្សនិកជនខ្មែរ ស្រឡាញ់ និងថែរក្សាទម្រង់សិល្បៈបុរាណខ្មែរ ព្រមទាំងធ្វើសិល្បៈបុរាណ ស្គាល់ភាពឋិតឋេរ។
ដើម្បីជ្រាបច្បាស់ពីស្ថានភាពការសម្ដែងសិល្បៈបុរាណ របស់សមាគមសិល្បករគោកធ្លកនាពេលបច្ចុប្បន្ន សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
នេះជាការសម្ដែងល្ខោនយីកេដុំកង់ របស់សមាគមសិល្បករគោកធ្លោក រឿង«មាយើង» ដកស្រង់ត្រង់ឈុតដូរប្រពន្ធ។ លោក ភឿង កុម្ភៈ ប្រធានសមាគមសិល្បករគោកធ្លក បានពន្យល់ពីភាពខុសប្លែកគ្នារវាងល្ខោនយីកេធម្មតា និងល្ខោនយីកេដុំកង់។ «យីកេធម្មតា មានកាត់ឆាក មានរូតវាំងនន ហើយតួសម្ដែងឈរនៅខាងក្រោយឆាក ដល់ពេលសម្ដែងទើបគេចេញ។ នៅពេលសម្ដែងចប់ គេក៏ចូលទៅក្នុងវិញ។ ប៉ុន្តែយីកេដុំកង់វិញ សិល្បករអង្គុយជារង្វង់ដូចជាកង់រទេះអ៊ីចឹង ប៉ុន្តែគេអង្គុយតែពាក់កណ្ដាលរង្វង់ទេ ដើម្បីឱ្យមានកន្លែងសម្ដែង។
បើតួណាស្លាប់តួហ្នឹងក្រោកដើរមកអង្គុយជាដុំកង់ មើលតួផ្សេងទៀតសម្ដែងធម្មតា។ បើតួណាចេះលេងភ្លេង គាត់ជួយលេងភ្លេងគេទៅ។ នេះជាចំណុចពិសេស របស់យីកេដុំកង់។ យីកេដុំកង់នេះ ចាស់ ជាងយីកេសព្វថ្ងៃ»។
ទស្សនិកជនហាក់ចាប់អារម្មណ៍ខ្លាំង ទៅតួអង្គនាងមាយា ដែលជាស្រីកញ្ជើធ្លុះ ព្រោះតែទេពកោល្យសម្ដែង ដែលមានភាពម្ញ៉ិកម្ញ៉ក់នោះ។ ដោយសារតែពេលវេលាមានកំណត់ ការសម្ដែងត្រូវកាត់យកតែឈុតដូរប្រពន្ធរបស់សេដ្ឋី និងមាណព ក្នុងរឿងមាយើងមកសម្ដែងតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ឈុតនេះបានផ្ដល់ជាគតិអប់រំយ៉ាងជ្រាលជ្រៅ សម្រាប់នារីខ្មែរគ្រប់រូប រួមទាំងបុរសផងដែរ ក្នុងការជ្រើសរើសគូស្រករ។
នៅទស្សនាការសម្ដែងតាំងពីដើមរហូតដល់ចប់ ដែលមានល្ខោនស្រមោលស្បែកតូច ហើយនៅចុងកម្មវិធី គឺការសម្ដែងល្ខោនយីកេដុំកង់នេះ អ្នកនាង ទាវ បណ្ដូល ដែលជាអ្នកគាំទ្រសិល្បៈបុរាណមួយរូប បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗទាំងញញឹមរួសរាយថា នេះជាលើកទី១ដែលអ្នកនាងបានមើលល្ខោនយីកេដុំកង់។ អ្នកនាងបញ្ជាក់៖«ខ្ញុំធ្លាប់មើលល្ខោនយីកេ តែមិនធ្លាប់មើលល្ខោនយីកេដុំកង់ទេ។ ពេលមើលយីកេនេះ ខ្ញុំមានអារម្មណ៍ថា ដូចជាបានត្រឡប់ទៅសម័យដើមវិញអ៊ីចឹង។ ល្ខោនអាន ក៏ខ្ញុំទើបតែបានមើលដែរ។ ខ្ញុំចង់មើលល្ខោនឱ្យបានច្រើនទម្រង់។ ដូច្នេះបន្តិចទៀត ខ្ញុំនឹងទិញប័ណ្ណសមាជិកដែលមានតម្លៃ៣០ដុល្លារ សម្រាប់មកមើលមួយគ្រួសារ និងពេញ១ឆ្នាំ។ ខ្ញុំចង់នាំកូនៗរបស់ខ្ញុំ មកមើលការសម្ដែងនេះ។ ខ្ញុំកោតសរសើរសមាគមគោកធ្លកណាស់ ដែលបានរៀបចំឱ្យមានការសម្ដែងជាទៀតទាត់»។
មានវ័យ៣៨ឆ្នាំ ស្ត្រីដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ គាំទ្រការរៀបចំឱ្យមានការសម្ដែងសិល្បៈបុរាណគ្រប់ទម្រង់ ជាទៀតទាត់ក្នុងបរិវេណបណ្ណាល័យជាតិ ដែលសមាគមសិល្បករគោកធ្លកបានធ្វើ។ «បើយើងចង់គាំទ្រ និងថែរក្សា តែមិនមានកន្លែងយើងមិនអាចទៅបានទេ។ ប៉ុន្តែពេលនេះ គាត់បានបង្កើតបែបនេះ យើងអាចមកមើលបាន។ ហើយខ្ញុំមានមិត្តភ័ក្ដិច្រើន។ បរទេសក៏មាន។ ខ្ញុំនឹងជួយផ្សព្វផ្សាយបន្តទៀត ពីការសម្ដែងនេះ ឱ្យគាត់បាននាំកូនចៅគាត់មកមើលផង ជាពិសេសគឺក្មេងៗ»។
ទោះបីជាមានការគាំទ្រខ្លះក៏ពិតមែន តែជាក់ស្ដែងរាល់ការសម្ដែងពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យនៅបរិវេណបណ្ណាល័យជាតិ នៅតែមិនសូវមានអ្នកចូលទស្សនា បើទោះបីជាតម្លៃសំបុត្រត្រឹមតែ ១២,០០០រៀលក្ដី។ នេះបើតាមការត្អូញត្អែររបស់ប្រធានសមាគមសិល្បករគោកធ្លក លោក ភឿង កុម្ភៈ។ «សម្ដែងមួយថ្ងៃ បើបានភ្ញៀវ១០នាក់នោះច្រើនហើយ។ តាំងពីសម្ដែងមក មិនមានថ្ងៃណា ដែលលក់សំបុត្របាន អាចចិញ្ចឹមសិល្បកររស់ទេសព្វថ្ងៃនេះ។ កាលពីមុនពេលដែលយើងមានម្ចាស់ជំនួយ យើងឱ្យសិល្បករ១ថ្ងៃ ៣០ដុល្លារ ប៉ុន្តែពេលនេះ យើងឱ្យសិល្បករមួយថ្ងៃតែ២ដុល្លារទេ។ យើងនៅតែចង់ដាច់ខ្យល់។ ថ្ងៃនេះ មានសិល្បករសម្ដែង៣០នាក់ ថ្ងៃខ្លះជាង៣០នាក់ ហើយបើប៉ះចំថ្ងៃលេងខោលទៀត ឡើង៣៧នាក់»។
ឈរនៅមុខឆាកសម្ដែង ដូចមិនមានកម្លាំងក្នុងខ្លួន ក្នុងសម្លៀកបំពាក់អាវខៀវឆ្នូតស ក្រោមទឹកមុខហាក់ទូលទុក្ខជាប់ជានិច្ចនោះ លោក កុម្ភៈ បង្ហាញពីភាពអស់សង្ឃឹម ជុំវិញការប្រឹងប្រែង ដែលមើលមិនឃើញកោះមិនឃើញត្រើយ។ «សំបុត្រ១ តម្លៃ១២,០០០រៀល ប៉ុន្តែបើគេទិញប័ណ្ណសមាជិកមួយ៣០ដុល្លារ គេអាចមើលបាន១ឆ្នាំ និង១គ្រួសារ។ ១ឆ្នាំ យើងលេង១៤រឿង ប្រហែល៦ ទៅ៧ទម្រង់។ ប័ណ្ណសមាជិកនេះ លក់៦ខែទៅហើយ ទើបតែបាន៥០សន្លឹក។ មួយថ្ងៃយើងត្រូវចំណាយប្រាក់យ៉ាងតិច ៦០០ ដុល្លារជាប្រចាំ ប៉ុន្តែប័ណ្ណសមាជិក គេទិញតិចពេក។ ដូច្នេះមិនដឹងថាថ្ងៃណារលំ»។
កំពុងតែស្ថិតក្នុងដំណាក់កាលអាប់អួខ្លាំង ក្នុងដំណើរការទ្រទ្រង់សិល្បៈបុរាណ លោក ភឿង កុម្ភៈថា លោកនឹងព្យាយាមទាក់ទងស្ថាប័នផ្សេងៗ ដើម្បីភ្ជាប់កិច្ចសហការ។ «ខ្ញុំមានគម្រោងទៅជួបខាងក្រសួងធំៗមួយចំនួន ទៅទាក់ទងតាមសាលាអន្តរជាតិ សាលាឯកជន និងសាលារដ្ឋ ដើម្បីសុំកិច្ចសហការ។ ដូចជាអង្គការផ្សេងៗដែលគេមានចិញ្ចឹមក្មេង យើងសហការជាមួយគេ មួយឆ្នាំគេអាចបញ្ជូនក្មេងៗឱ្យមកមើលម្ដង ទៅ២ដងអ៊ីចឹងទៅ»។
ងាកមកទស្សនិកជនវិញ។ នេះជាលើកទី១ សម្រាប់អ្នកស្រី រ៉ាំ ឌឿន ដែលបានមកមើលល្ខោនយីកេដុំកង់។ សម្រាប់សិល្បៈបុរាណផ្សេងៗទៀត ក៏អ្នកស្រីមិនសូវបានទស្សនាដែរ។ មិនសូវបានមកមើល ក៏ព្រោះតែស្ត្រីកូន២រូបនេះ មមាញឹកនឹងការងារ ហើយក៏មិនសូវទទួលបានព័ត៌មាន ទាក់ទងការសម្ដែងសិល្បៈបុរាណដែរ។
សើចបិទមាត់មិនជិត ហើយដៃចេះតែកេះមិត្តស្រីម្នាក់ទៀតដែលអង្គុយនៅក្បែរខ្លួន រាល់ពេលឃើញតួសម្ដែងប្រើកិរិយាម្ញ៉ិកម្ញ៉ក់ ពេលសម្ដែងលើឆាកនោះ អ្នកស្រី ឌឿន ប្រាប់ពីអារម្មណ៍របស់ខ្លួនពេលមើលល្ខោន។ «នេះជាលើកទី១ ដែលខ្ញុំបានមកមើលការសម្ដែងបែបនេះ។ ខ្ញុំមិនដែលដឹងថា ការសម្ដែងបែបនេះ មាននៅឯណាទេពីមុន។ ពេលបានមើល ខ្ញុំឃើញថាកូនខ្មែរយើង មានស្នាដៃល្អ។ ខ្ញុំយកកូនមកមើលដែរ ព្រោះចង់ឱ្យគាត់ស្គាល់ពីវប្បធម៌ខ្មែរយើងមានអ្វីខ្លះ កុំឱ្យគាត់ស្គាល់តែការសម្ដែងដែលចម្លងពីបរទេស របៀបហក់លោតៗនោះ។ ពេលយើងមើលទៅ យើងមិនគិតថាខ្មែរយើងអន់ទេ គិតថាខ្មែរយើងពូកែណាស់។ បើថាយំ គឺយំពិតៗ។ ខ្ញុំមើលហើយចង់មើលទៀត»។
មកមើលល្ខោនយីកេដុំកង់លើកទី១ ចំរឿង«មាយើង»ធ្វើឱ្យអ្នកស្រី រ៉ាំ ឌឿន ស្ងើចសរសើរចំពោះទឹកដៃនិពន្ធនេះ ដែលបានអប់រំដល់ស្ត្រីក្នុងសង្គម។ «បើស្រីចេះទុកដាក់ ទោះថ្ងៃនេះក្រ ថ្ងៃក្រោយមិនប្រាកដថាក្រទៀតទេ។ ប៉ុន្តែបើស្រីមិនចេះទុកដាក់ ទោះថ្ងៃនេះមានជាមហាសេដ្ឋី ដូចរឿងអម្បាញ់មិញអ៊ីចឹង ដល់ថ្ងៃណាមួយ ក៏គង់រលាយហិនហោចអស់ដែរ។ ស្រីគ្រប់លក្ខណ៍ជាប្រពន្ធសេដ្ឋី គាត់ឃើញកញ្ជើរបស់នាងកញ្ជើធ្លុះហ្នឹងរហែក ក៏ស្រែកប្រាប់ថា នាងកញ្ជើរហែកហើយ។ តែនាងនោះ មិនយកចិត្តទុកដាក់ចុកទេ នៅតែកញ្ឆក់កញ្ឆែងកំពប់ត្រី ប្ដីខំរកមកអស់»។
ចំណែកកញ្ញា ហេង ដាលីស គឺជាសិល្បការិនីដែលដើរតួជាស្ត្រីគ្រប់លក្ខណ៍ ក្នុងរឿង«មាយើង» ខាងលើ។ មានអាយុទើបតែ១៩ឆ្នាំ និងរៀនឆ្នាំទី២ ឯកទេសយីកេនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដាលីស សង្កេតឃើញថា ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលមហាជនស្គាល់ទម្រង់យីកេបានច្រើនបន្តិច។ «ដំបូងឡើយ ខ្ញុំស្រឡាញ់របាំបុរាណទេ ប៉ុន្ដែបើខ្ញុំចូលរៀនរបាំខ្ញុំ ត្រូវខាតថ្នាក់រហូតដល់ទៅ៣ ទៅ៤ឆ្នាំ។ ដូច្នេះ ខ្ញុំក៏ចូលរៀនខាងល្ខោនយីកេវិញ។ ដំបូងខ្ញុំមិនសូវស្រឡាញ់ទេ ប៉ុន្តែយូរទៅខ្ញុំក៏ស្រឡាញ់។ ល្ខោនយីកេភាគច្រើន មិនសូវមានអ្នកស្គាល់ទេ។ អ្នកខ្លះសូម្បីតែសាលាវិចិត្រសិល្បៈ ក៏គេមិនស្គាល់ផង។ ទើបតែប៉ុន្មានឆ្នាំនេះទេ ដែលមានគេស្គាល់ច្រើន ដោយសារមានការផ្សព្វផ្សាយ និងមានការគាំទ្រខ្លះ»។
មានសម្រស់ស្រស់សោភា និងមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង នារីរាងតូចស្ដើងរូបនេះ ចង់បោះបង់ចោលជំនាញរបស់ខ្លួនម្ដងៗដែរ។ ព្រោះតែការគាំទ្រ មិនស្របនឹងស្ថានភាពជីវភាពគ្រួសារ។ «ដោយសារតែមិនសូវមានអ្នកមកទស្សនា ខ្ញុំដូចមិនសូវមានកម្លាំងចិត្តសម្ដែង។ ប៉ុន្តែមេដឹកនាំគាត់ថា កុំឱ្យខ្វល់ពីរឿងហ្នឹងច្រើន។ សំខាន់យើងធ្វើទៅហើយ ថ្ងៃណាមួយគេនឹងមើលឃើញ។ ខ្ញុំសង្ឃឹមថ្ងៃណាមួយប្រជាជនខ្មែរទាំងអស់ គាត់ជួយលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ។ ខ្ញុំចង់ឱ្យខ្មែរស្គាល់វប្បធម៌ជាតិខ្លួនឱ្យច្រើន ជាងវប្បធម៌បរទេស។ បើយើងមិនខ្វល់ថ្ងៃណាមួយ សិល្បៈវប្បធម៌ទាំងនោះនឹងបាត់បង់»។
ឈរនៅចំពោះមុខសិល្បករ ប្រធានសមាគមសិល្បករគោកធ្លក ថាខ្មែរត្រូវតែប្រឹងប្រែងលើកស្ទួយសិល្បៈបុរាណរបស់ខ្លួនឱ្យបានទាន់ពេល មុនដល់ថ្ងៃបាត់បង់ទៅដោយមិនអាចត្រឡប់វិញ។ «ខ្ញុំសង្កេតឃើញថាស្រុកខ្មែរយើង ទាល់តែទឹកចូលច្រមុះ ទើបចាប់ផ្ដើមខ្នះខ្នែងលើកស្ទួយ ហើយទម្រាំដល់ថ្ងៃនោះ ប្រហែលជាសិល្បករ ស្លាប់អស់ហើយក៏មិនដឹង។ បើយើងចាំដល់ថ្ងៃមានប្រាក់ ទើបយើងធ្វើ ប្រហែលដល់ពេលនោះ មិនមានសិល្បករ យកមកប្រើទេ ហើយវាអត់ន័យដដែល»។
លោក ភឿង កុម្ភៈ ប្រាប់ពីវិធីជួយសិល្បៈវប្បធម៌ជាតិដូច្នេះ។ «ទម្លាប់ឱ្យកូនមកមើល១សប្ដាហ៍ ឬ១ខែ តែម្ដងក៏បាន ដើម្បីឱ្យកូនទម្លាប់ស្រឡាញ់សិល្បៈរបស់ខ្លួន។ ប៉ុន្តែបើគាត់មិនគិតបែបនេះទេ កុំឱ្យយំនៅពេលគេយកទៅធ្វើជារបស់គេ។ តែយើងត្រូវតែបន្ទោសខ្លួនឯងវិញ ថាសមមុខហើយ។ វាល្មមតែបែបនេះហើយ។ ខ្មែរយើងទម្លាប់នៅពេលដែលបេតិកភណ្ឌជាតិណាមួយ គេយកទៅធ្វើជារបស់គេ ក៏នាំគ្នាខឹង»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យីកេ
សិល្បៈ
សិល្បៈបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម