ជាតិ
២៥ខេត្ត/រាជធានី
វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨ ‌​‌​ពិភាក្សា​ពី​ការជួយ​កសិករ​ឲ្យ​មានលទ្ធភាព​ទទួលបាន​ទឹក​,​ទុន និង​ទីផ្សារ
19, Oct 2019 , 9:59 pm        
រូបភាព
​ដោយ​៖ ផាត ដា​ណេ​

ភ្នំពេញ​៖ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) និង​អង្គការ​អុក​ស្វា​ម រួមទាំង​អង្គការ​ដៃគូ  បានរៀបចំ​វេទិកា​កសិករ​លើក​ទី​៨ នៅ​ថ្ងៃទី​១៦-១៧ តុលា ក្រោម​ប្រធានបទ​៖«​លើកកម្ពស់​ការចូលរួម​ដៃគូ​ពហុភាគី ដើម្បី​ឲ្យ​កសិករ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​»​។ វេទិកា​នេះ បាន​ពិភាក្សា​ពី​បញ្ហា​ដែល​កសិករ​ជួបប្រទះ​ដូចជា ទុន ទឹក និង​ទីផ្សារ ជាពិសេស​ពង្រឹង​កិច្ចសហការ និង​ភាពជា​ដៃគូ​រវាង​កសិករ សហគមន៍​កសិកម្ម វិស័យ​ឯកជន ស្ថាប័ន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​។​



​នេះ​ជា​លើក​ទី​៨​ហើយ ដែល​វេទិកា​កសិករ​ថ្នាក់ជាតិ​ត្រូវបាន​រៀបចំឡើង​។ បើតាម​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៨​នេះ រៀបចំឡើង ដើម្បី​លើកកម្ពស់​នូវ​បរិយាកាស​វិស័យ​ក​សិ​ធុរៈកិច្ច ដោយមាន​ការចូលរួម​ពហុភាគី និង​កិច្ចសហការ​ក្នុងការ​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​វិធីសាស្ត្រ​គាំទ្រ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ជូន​កសិករ និង​សហគមន៍​កសិករ​។

​ជាមួយគ្នានេះ វេទិកា​នេះ ក៏បាន​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ដែល​ពាក់ព័ន្ធ ក្នុងការ​គាំទ្រ​កសិករ សហគមន៍​កសិកម្ម ជាពិសេស​ស្ត្រី ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស​កាន់តែ​ច្រើនឡើង​ក្នុងការ​ទទួលបាន​ទឹក ទុន និង​ទីផ្សារ​។ ក្នុងនោះដែរ វេទិកា​នេះ​ក៏មាន​គោលបំណង​ពង្រឹង​កិច្ចសហការ និង​ភាពជា​ដៃគូ រវាង​កសិករ សហគមន៍​កសិកម្ម វិស័យ​ឯកជន ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​។​

​ថ្លែង​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី​៨ លោក តឹក វណ្ណា​រ៉ា បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ដើម្បី​ជំរុញ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ប្រកបដោយ​និរន្ត​ភាព និង​ទីផ្សារ​កសិកម្ម ព្រមទាំង​ខ្សែចង្វាក់​ផលិតកម្ម តម្រូវ​ឲ្យ​មាន​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដូចជា វិស័យ​ឯកជន អ្នក​ផលិត កសិករ និង​សហគមន៍​កសិកម្ម ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្ត​ច្បាប់​គោលនយោបាយ និង​ការកសាង​សមត្ថភាព​ស្ថាប័ន ឆ្ពោះទៅ​លើកកម្ពស់​ផលិតផល​កសិកម្ម សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ក្រៅប្រទេស ដែលជា​ប្រយោជន៍​ដល់​កសិករ និង​សហគមន៍​កសិកម្ម​»​។



​អ្នកស្រី យ៉ាន់ ស្រី​យ៉ា​ត តំណាង​កសិករ​ស្ត្រី​ឆ្នើម មកពី​ខេត្តបាត់ដំបង បាន​លើកឡើងថា វេទិកា​នេះ ជា​ព្រឹត្តិការណ៍​សំខាន់ ដែល​ផ្ដល់ឱកាស​ដល់​កសិករ និង​សហគមន៍​កសិកម្ម រដ្ឋាភិបាល និង​ដៃគូ ដើម្បី​ពិភាក្សា និង​ស្វែងរក​យុទ្ធសាស្ត្រ​រួមគ្នា សំដៅ​សម្រេច​ឲ្យ​បាន​ក្នុងការ​លើកកម្ពស់​ការ​ចូលរួម​ដៃគូ​ពហុភាគី ដើម្បី​ឲ្យ​កសិករ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​។​



​ក្នុង​វេទិកា​នេះ បាន​ជជែក​ពិភាក្សា​លើ​ប្រធានបទ​ដូចជា ការចូលរួម​របស់​ព​ហុ​ភាគី​ក្នុង​ក​សិ​ធុរៈកិច្ច ដើម្បី​ជួយ​កសិករ​មានលទ្ធភាព​ទទួលបាន​ទឹក​សម្រាប់​កសិកម្ម​, ទុន​សម្រាប់​កសិកម្ម និង​ចូល​ទីផ្សារ​កសិកម្ម​។​វេទិកា​នេះ មានការ​ចូល​ពី​តំណាង​រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​ឯកជន វិស័យ​ធនាគារ​តំណាង​កសិករ សហគមន៍​កសិកម្ម  និង​ស្ត្រី​ឆ្នើម ប្រមាណ ២៨៤​នាក់​។ សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ វិស័យ​កសិកម្ម​នៅ​កម្ពុជា បាន​ចូលរួមចំណែក ២៣,៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​៕


កសិករចូលរួមវេទិកាកសិករថ្នាក់ជាតិ


© រក្សាសិទ្ធិដោយ thmeythmey.com