ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​គាល់​ព្រះមហាក្សត្រ ទូត​អាមេរិក​ថា រង់ចាំ​ជួប​មន្ត្រី​កម្ពុជា ជជែក​ពី​ការពង្រឹង​មិត្តភាព​
19, Oct 2019 , 9:29 pm        
រូបភាព
លោក Murphy ស្ថិតក្នុងរថយន្ត ពេលធ្វើដំណើរទៅចូលគាល់ព្រះមហាក្សត្រ
លោក Murphy ស្ថិតក្នុងរថយន្ត ពេលធ្វើដំណើរទៅចូលគាល់ព្រះមហាក្សត្រ
ដោយ: ថ្មីៗ
​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី បានបង្ហាញ​ក្តី​រីករាយ និង​ចាត់ទុកថា​ជា​កិត្តិយស​សម្រាប់​លោក ដែល​បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ព្រះបរមរាជវាំង នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២0១៩​នេះ​។​



​តាមរយៈ​សារ​លើ​បណ្តាញ​សង្គម Twitter លោក Murphy បាន​សរសេរ​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ចូល​បង្ហាញខ្លួន​ក្នុងនាម​ជា​ទូត​អាមេរិក​ថ្មី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​រួច ខ្ញុំ កំពុង​រង់ចាំ​ជួប​សមាជិក​នានា​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​»​។

​ចាប់តាំងពី​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២0១៩ លោក Murphy ពុំទាន់​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាណា​ម្នាក់​ជា​ផ្លូវការ​នោះទេ​។ លោក គ្រាន់តែ​ចុះទៅ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ដូចជា រត់​ហាត់ប្រាណ​តាម​មាត់ទន្លេ ចូល​ផ្សារ​កាត់​សម្លៀកបំពាក់ និង ស្វែងរក​កន្លែង​ពិសា​អាហារ​ដែលជា​ម្ហូប​ខ្មែរ ជាដើម​។

​ជុំវិញ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ហាក់​ល្អក់កករ​តិចតួច ជាពិសេស​នៅពេល​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​អាមេរិក ព្រមាន​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។ ដោយសារ​មិនសូវ​សប្បាយ​ចិត្តនឹង​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម បាននាំគ្នា​ធ្វើ​ច្បាប់​មួយ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP នៅ​កម្ពុជា​។ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ច្បាប់​នេះ មិនទាន់​ចូល​ជា​ធរមាន​នោះទេ​។

​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា គំរាម​ពី​ទណ្ឌ​កម្មនេះ ស្រប​ជាមួយនឹង​សហភាព​អឺរ៉ុប ដែល​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​ជា​ញឹកញាប់​រួចមកហើយ ថា មិន​បារម្ភ​ចំពោះ​ទណ្ឌកម្ម​អស់ទាំង​នេះ​ទេ​។ រដ្ឋាភិបាល​កម្ពុជា ប្រកាសថា កម្ពុជា អាច​រស់​ដោយ​ខ្លួនឯងបាន ទោះ​គ្មាន​ការអនុគ្រោះ​ពន្ធ GSP និង EBA ក៏ដោយ​៕ 



Tag:
 ព្រះមហាក្សត្រ​
  Murphy
  ទំនាក់ទំនង​កម្ពុជា​-​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com