ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់ តែ​ក្រុម​អ្នកស្ម័គ្រចិត្ត រីករាយ​ការពារ​ព្រៃ​សង្ឃ​រុក្ខា​វ័ន ដើម្បី​ក្មេងជំនាន់ក្រោយ
20, Oct 2019 , 7:59 am        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អ្នកស្ម័គ្រចិត្ត បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន លះបង់​កាតព្វកិច្ច​ជា​មេ​គ្រួសារ រួមទាំង​ប្រឈម​គ្រោះថ្នាក់​គ្រប់បែបយ៉ាង ពេល​ជួប​បទល្មើស​នានា ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ ក្នុង​ដែន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន​។ ការពារ​ព្រៃ​អភិរក្ស ក្នុង​បំណង​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ សម្រាប់​ប្រទេសជាតិ និង​សម្រាប់​ពិភពលោក​ទាំងមូល ក្រុម​អ្នកស្ម័គ្រចិត្ត​ដែលមាន​ព្រះសង្ឃ ប៊ុន សា​លួត ជា​ប្រធាន​នោះ បាន​បន្តធ្វើ​កិច្ចការ​នេះ​ដោយ​មោទកភាព​។



​តទៅ​នេះ​លោក​អ្នកនឹង​បានដឹង​ពី​ស្ថានភាព​រស់នៅ រួមទាំង​ការងារ​ស្ម័គ្រចិត្ត​ការពារ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន តាមរយៈ​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន​។ សូម​តាមដាន​ស្ដាប់​ដូចតទៅ​៖




​ខ្ញុំ​បានធ្វើ​ដំណើរ​ចេញពី​ទីស្នាក់ការ​កណ្ដាល នៃ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន ដែល​ស្ថិត​ក្នុងភូមិ​ឈូក​មាស ឃុំ​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ  ឆ្ពោះទៅ​ស្នាក់ការ​មួយទៀត ដែលមាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ តាម​ម៉ូតូ ជាមួយ​គណៈកម្មការ​នៃ​ព្រៃ​អភិរក្ស ដើម្បី​ទស្សនា​ព្រៃឈើ​។​

​មកដល់​ស្នាក់ការ​ស្ថិតក្នុង​ភូមិ​ចារ ពួកយើង​ដែលមាន​អ្នកសារព័ត៌មាន ក្រុម​សិល្បករ​តន្ត្រីបុរាណ រួមទាំង​អ្នកស្រាវជ្រាវ​តន្ត្រីបុរាណ​ខ្មែរ​ជា​ជនបរទេស​មួយរូប​ផង​នោះ បាន​បន្តដំណើរ​តាម​គោយន្ត ចូលទៅ​មើល​ដើមឈើ​កម្រៗ ក្នុងព្រៃ​អភិរក្ស​។ ដោយសារតែ​ពេលវេលា​មាន​តិច ហើយ​ព្រៃ​អភិរក្ស​មាន​រហូត​ទៅដល់​ជាង​៣​ម៉ឺន​ហិកតា ពួកយើង​មិនអាច​ចូលទៅ​ដល់​ព្រៃ​ជ្រៅៗ​បានឡើយ​។



នេះ​ជា​ដំណើរ​ឆ្ពោះទៅកាន់​ទីតាំង​ឡ​ស្លដែក ដែលមាន​ប្រវត្តិ​តាំងពី​សម័យ​បារាំង​។ មាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ទីស្នាក់ការ យើង​ត្រូវ​ចាយ​ពេល​ប្រហែល​ជាង​១​ម៉ោង ទើប​ទៅដល់​ទីតាំង​ឡ ព្រោះតែ​ផ្លូវ​ធ្វើដំណើរ​មានការ​លំបាក​។ ក្នុង​ដំណើរ​នេះ ខ្ញុំ​បានឃើញ​ដើមឈើ​ធំៗ​ល្មម សល់​ដោយរ​ង្វើ​យ ដុះ​លាយ​ជាមួយ​ឈើ​តូចៗ ដែល​មិនទាន់​អាច​យកទៅ​ប្រើការ​បាន​។

​ខណៈពេល​ដើរ​ត្រឡប់​មកពី​ទីតាំង​ឡ​ស្លដែក​វិញ លោក តុ​ប ន​ន់ ដែលមាន​អាយុ ៤៧​ឆ្នាំ ក្នុង​ឯកសណ្ឋាន​ប្រជា​ការពារ​ពណ៌​ខ្មៅ បាន​ប្រាប់​ពី​ការ​ប្រឈម​របស់លោក ក្នុងពេល​ចុះ​ល្បាត​ព្រៃ​ដូច្នេះ​៖«​ប្រឈម​ជាមួយ​ជន​ទំនើង និង​ជនល្មើស​គ្រប់​ប្រភេទ​។ ជនល្មើស​ចង់​តដៃ​នឹង​យើង​ក៏មាន​។ ខាង​ជនល្មើស​មាន​អាវុធ តែ​ក្រុម​ល្បាត​មិនមាន​ទេ​។ ពួកយើង​គ្រាន់តែ​ប្រាប់​ពួកវា កុំឱ្យ​ធ្វើបែបនេះ​ទៅ​ថ្ងៃមុខ​។ ក្រុម​ប្រព្រឹត្ត​បទល្មើស​មាន​ទាំង​ដាវ មាន​ទាំង​ច្រវាក់​ម៉ាស៊ីន គឺមាន​សព្វគ្រប់​»​។



​ឈរ​កណ្ដាល​ព្រៃ ដែល​ហ៊ុមព័ទ្ធ​ដោយ​ស្មៅ​ព្រិច ក្រោម​កំដៅថ្ងៃ ម៉ោង​ប្រមាណ​១១ ហៀ​ប​ថ្ងៃត្រង់ លោក តុ​ប ន​ន់ ថា​ប្រជា​ការពារ​ទាំងអស់ ក្នុង​ដែន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន មិនមាន​អាវុធ​ការពារ​ខ្លួន តទល់​នឹង​ជនល្មើស​ឡើយ​។ មិន​ប្រើ​អាវុធ​ពេល​ចុះ​ល្បាត​ព្រៃ ក៏​ព្រោះតែ​ក្រុម​អ្នក​អភិរក្ស គោរព​តាមច្បាប់​។ នេះ​ជាការ​បញ្ជាក់​របស់លោក ន​ន់​។

Relate 78806

​តែ​ទោះជា​យ៉ាងណា ពេល​ប្រឈមមុខ​ខ្លាំង​ជាមួយ​ក្រុម​ប្រព្រឹត្ត​បទល្មើស សហគមន៍​អាចទាក់ទង​ទៅ​ក្រុម​អន្តរាគមន៍ ដែលមាន​ប៉ូលិស ទាហាន ប៉េអឹម បាន​២៤​ម៉ោង​ពេញ ដើម្បី​ជួយសង្គ្រោះ​។ «​បើសិនជា​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំង អាច​ហៅ​ទូរ​សព្ទ​ទៅ​កន្លែង​ប៉ុស្ដិ៍ ឱ្យគេ​មកជួយ ដើម្បី​ចាប់​ជនល្មើស​ហ្នឹង​។ ពួកយើង​មានតែ​ដំបង និង​របស់​ឆក់ ព្រោះ​ច្បាប់​មិន​អនុញ្ញាតឱ្យ​ពួកយើង​ប្រើ​អាវុធ​ទេ​»​។



​លោក ស៊ុត ប៊ុន​សឿន គឺជា​ប្រជា​ការពារ​ដែល​ស្ម័គ្រចិត្ត​ការពារ​ព្រៃ​អភិរក្ស​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​ការ​ល្បាត​ព្រៃ​ពេលយប់ ខណៈពេល​លោក​កំពុង​ស្ថិតនៅ​កណ្ដាល​ព្រៃ​ដូច្នេះ​៖«​មាន​ក្រុម​ដើរល្បាត​ពេលយប់​ដែរ​។ គេ​បែងចែក​តាម​តំបន់ ដូចជា​ក្រុម​ប្រជា​ការពារ គេ​ដើរ​មួយ​តំបន់ ហើយ​ក្រុម​សហគមន៍ គេ​ដើរ​មួយ​តំបន់​ទៀត​»​។



ការងារ​ការពារ​សត្វ និង​ព្រៃឈើ ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន​នេះ ក្រៅពី​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេលវេលា ក្រុម​អ្នកស្ម័គ្រចិត្ត​មិនមាន​ប្រាក់ខែ មិនមាន​ប្រាក់ឧបត្ថម្ភ ហើយ​ត្រូវ​ចំណាយធនធាន​ផ្ទាល់ខ្លួន​ថែមទៀត​ផង​។
​លោក ប៊ុន​សឿន ដែលមាន​អាយុ​៣៧​ឆ្នាំ បាន​ប្រាប់​ដូច្នេះ​៖«​អាហារ​យើងរ​កដោយ​ខ្លួនឯង​។ យើង​មិនមាន​ប្រាក់ខែ ឬ​ប្រាប់​ឧបត្ថម្ភ​ឡើយ​។ ពេល​មក​ព្រៃ ប្រពន្ធ​វេចបាយ​ឱ្យមក​មួយកញ្ចប់​ម្នាក់ ជួន​ដេក​១​យប់ ជួន​ដេក​២​យប់ ដើម្បី​តាមដាន​បទល្មើស ដែល​ចូលមក​លួច​កាប់​ឈើ​»​។

​ប្រជា​ការពារ​ទាំងពីរ បាន​ប្រាប់​ពី​ការ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង នៅពេលដែល​ជួប​ជាមួយ​ក្រុម​ប្រព្រឹត្ត​បទល្មើស​៖ «​ធ្លាប់មាន​អ្នក​លួច​កាប់​ឈើ វា​មក​ហ៊ុមព័ទ្ធ​ជុំវិញ​យើង មាន​ទាំង​កាំបិត មករក​កាប់​ចាក់ ប៉ុន្តែ​ពួកវា​មិន​ហ៊ាន​ដោយសារតែ​ភូមិ​ជិតគ្នា​។ មាន​បញ្ហា​ក្នុង​គ្រួសារ​ខ្លះ​ដែរ ដោយសារតែ​យើង​មិនសូវមាន​ពេលវេលា​ជួយ​ធ្វើ​ការងារ​ផ្ទះ ឬ​រកប្រាក់​ចូល​គ្រួសារ​»​។


​វា​ជា​រឿង​លំបាក​មួយ​សម្រាប់​បុរស​ជា​មេ​គ្រួសារ ដែល​មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ឱ្យ​បានល្អ​នៅក្នុង​គ្រួសារ​។ បើទោះបី​ជាមាន​បញ្ហា​ក្នុង​គ្រួសារ​ខ្លះ​ក៏ពិតមែន ប៉ុន្តែ​ប្រពន្ធ និង​កូន​របស់​អ្នកស្ម័គ្រចិត្ត​ទាំងអស់ តែងតែ​ព្យាយាម​ជ្រោមជ្រែង​ប្ដី និង​ឪពុក​របស់ខ្លួន ឱ្យ​សកម្ម​នឹង​ការងារ​ដើម្បី​ប្រយោជន៍​ជាតិ​៖«​ប្រពន្ធ​កូន​អន់ចិត្ត​ខ្លះ​ដែរ ព្រោះតែ​យើង​ជា​អ្នករក​ប្រាក់​ជួយ​គ្រួសារ តែ​បែរជា​យើង​ចំណាយពេល​នៅទីនេះ​ច្រើន (​ក្នុងព្រៃ​) ហើយ​មិនមាន​ប្រាក់ខែ​។ សព្វថ្ងៃ​ប្រពន្ធ​ត្រូវ​រកស៊ី​ចិញ្ចឹម​គ្រួសារ ហើយ​ខ្ញុំ​មាន​ពេល​បន្តិច​ប​ន្ទួ​ច ក៏​ទៅ​ជួយ​ដាំដំឡូង​»​។ 
​ក្នុងពេល​បើក​គោយន្ត​ឆ្លងកាត់​ដើមឈើ​តូចធំ និង​ស្មៅ​ច្រើន​ប្រភេទ ត្រឡប់​ទៅ​ស្នាក់ការ​វិញ លោក ប៊ុន​សឿន ឆ្លៀត​ឆ្លើយ​សំណួរ​របស់ខ្ញុំ ទាក់ទង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង ដែល​មិនមាន​ប្រាក់ខែ​នេះ​៖«​ព្រោះតែ​ខ្ញុំ​ស្រឡាញ់​ព្រៃឈើ ហើយនឹង​ចង់​ជួយ​ជាតិ ទើប​ខ្ញុំ​មកជួយ​ការពារ​ព្រៃ​នេះ​»​។​
 Relate  78531

​ងាក​មក​ចាប់អារម្មណ៍​យុវជន ដែល​បាន​ទៅ​ទស្សនា​ព្រៃ​សង្ឃ​រុក្ខា​វ័ន​វិញ​ម្ដង​។ លោក ឆាយ សុភាព បាន​ប្រាប់​ពី​ហេតុផល ដែល​លោក​ចាប់អារម្មណ៍​ធនធានធម្មជាតិ​ដូច្នេះ​៖«​កាលពី​ឆ្នាំ​២០១១ និង​២០១២ ខ្ញុំ​បាន​ទៅ​រស់នៅ​ប្រទេស​ស៊ុយអែត ៦​ខែ ហើយ​ខ្ញុំ​ទៅ​ប្រទេស​ន័​រវេ​ស​។ ខ្ញុំ​បានឃើញ​ដំណើរ​ធម្មជាតិ​ដ៏​ស្រស់ស្អាត ភាព​អស្ចារ្យ​របស់​ប្រទេស​អភិវឌ្ឍន៍ ដែល​គេ​រក្សា​ធម្មជាតិ​ហ្នឹង​។ ពេល​ខ្ញុំ​ត្រឡប់មកវិញ ខ្ញុំ​មានគំនិត​ថា ធ្វើយ៉ាងណា​នាំ​មនុស្ស ឱ្យមក​គេង​ក្នុងព្រៃ​ឱ្យ​សប្បាយរីករាយ​ដែរ​។ ដូច្នេះ​ខ្ញុំ​ក៏​បង្កើត​កម្មវិធី​បោះតង់​។ រហូតមកដល់​បច្ចុប្បន្ន  យើង​ផ្តោត​សំខាន់ ទៅលើ​ការសិក្សា​ពី​ធម្មជាតិ​»​។



​លើក​នេះ លោក សុភាព បាន​នាំ​យុវជន​មួយចំនួន មក​ព្រៃ​ធម្មជាតិ​នេះ ដើម្បី​ដាំ​កូនឈើ​បន្ថែម​៖«​ព្រៃ​នេះ​ខ្ញុំ​មក​ប្រហែល ៣០​ដង​ហើយ​។ ខ្ញុំ​ដើរ​មិនទាន់​សព្វ​ទេ​។ ខ្ញុំ​តែងតែ​នាំគ្នា​មក​បោះតង់ មក​សិក្សា​ពី​ធម្មជាតិ មក​ធ្វើ​បង្គន់ មក​ធ្វើ​សាលា មាន​ទាំង​នាំ​សប្បុរសជន មកជួយ​ថ្លៃ​ប្រេង សម្រាប់​ត្រាក់ទ័រ​កាយ​ផ្លូវ​។ ពិសេស យើង​បាន​នាំ​យុវជន​មក​បោះតង់ និង​ដាំ​ដើមឈើ​១៥,០០០​ដើម​»​។
​ត្រឡប់​ទៅ​ប្រជា​ការពារ​លោក តុ​ប ន​ន់ វិញ លោក​បាន​សំណូមពរ​ថា​៖«​ខ្ញុំ​សំណូមពរ​ដល់​បងៗ​នៅតាម​បណ្ដា​ថ្នាក់លើ​ខ្ពស់ៗ ចង់​ឱ្យជួយ​ការពារ​ព្រៃ​សហគមន៍ ឱ្យបាន​រីកចម្រើន កុំឱ្យ​ក្រុម​បទល្មើស មក​លួច​កាប់​ឈើ​ទៀត​»​។​
​ក្នុង​ផ្ទៃដី​ជាង ៣​ម៉ឺន​ហិកតា នៃ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន មាន​គណៈកម្មការ​ចំនួន​៥១​រូប ដែល​ធ្វើការ​ទៅលើ​ការផ្សព្វផ្សាយ ពី​ព្រំដែន​អភិរក្ស និង​ដើរល្បាត​ព្រៃ​។ ក្រៅពីនោះ ក៏មាន​អ្នកស្ម័គ្រចិត្ត​ជា​ទាហាន ប៉ូលិស ប៉េអឹម អ្នកធ្វើការ​ខាង​បរិស្ថាន ប្រជាជន​ក្នុងភូមិ រួមទាំង​មន្ត្រីរាជការ​មួយចំនួនទៀត រួមគ្នា​ធ្វើ​កិច្ចការ​អភិរក្ស​នេះ​ផងដែរ​។ ជាងនេះទៅទៀត អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏​សកម្ម​ណាស់ដែរ ក្នុង​ការចុះ​ល្បាត​ព្រៃឈើ ជាមួយ​ក្រុម​អ្នកស្ម័គ្រចិត្ត​។ ក្នុងព្រៃ​អភិរក្ស​នេះ មាន​ដើមឈើ​កម្រ ប្រមាណ​៥០​ប្រភេទ និង​មាន​សត្វព្រៃ​ជាង ៤០​ប្រភេទ​។ នេះ​បើតាម​ព្រះសង្ឃ ប៊ុន សា​លួត ដែលជា​ប្រធាន​ដឹកនាំ​ការពារ​ដែន​ព្រៃ​សង្ឃ​រុក្ខា​វ័ន​។



​អ្វីដែល​ជាការ​ព្រួយបារម្ភ​របស់​ព្រះអង្គ ប៊ុន សា​លួត គឺ​បទល្មើស​ដាក់​អន្ទាក់​សត្វ ការនេសាទ​ខុសច្បាប់ និង​ការកាប់​ឈើ​ក្នុង​ដែន​អភិរក្ស នៅ​រដូវ​ទឹក​ឡើង​៕



Tag:
 ឧ​ត្ត​រ​មានជ័យ​
  ព្រៃឈើ​
  អភិរក្ស​
  ស្ម័គ្រចិត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com