កីឡាជាតិ
កីឡាករ​មិនតិចជាង​៨​ប្រទេស នឹងចូលរួម​ប្រកួតប្រណាំង​ម៉ូតូ​អន្តរជាតិ​នៅ​កម្ពុជា​
20, Oct 2019 , 10:59 am        
រូបភាព
ដោយ:
​កម្ពុជា​នឹង​រៀបចំ​ការប្រកួតប្រណាំង​ម៉ូតូ​អន្តរជាតិ Motorrad Angkor Festival លើកដំបូង​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​៦-៨ ខែធ្នូ ឆ្នាំ​២០១៩​។ អ្នកជំនាញ​ជិះ​ម៉ូតូ​មិនតិចជាង​៨​ប្រទេស នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ ដែល​ធ្វើឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ប្រមូល​មូលនិធិ​សប្បុរសធម៌​មួយ​នេះ​។ វា ក៏​ជា​ឱកាស ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​កីឡាករ​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ដទៃ ឲ្យ​កាន់តែ​ជិតស្និទ្ធ​ផងដែរ​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ជឿជាក់ថា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​យានយន្ត ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។



​កីឡាករ​ជាតិ និង​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន​និង​អាស៊ី​មិនតិចជាង​៨​ប្រទេស នឹង​មកជួប​គ្នា​នៅ​ខេត្តសៀមរាប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​អន្តរជាតិ Motorrad Angkor Festival 2019 ជា​លើកដំបូង​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក អ៊ុំ ប៊ុន​រ៉េត ប្រធាន​ក្លិប BMW Motorcycle និង​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​។ លោក​បាន​បន្ថែមថា កីឡាករ​ជាង​១​ពាន់​នាក់​មកពី​កម្ពុជា វៀតណាម ឡាវ ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ចិន និង​ប្រទេស​ដទៃ​បាន​ចុះ​ឈ្មោ​ចូលរួម​រួចហើយ​។​



​ព្រឹត្តិការណ៍​ដែល​គ្រោង​ធ្វើ​ឡើងលើ​ផ្ទៃដី​៨​ហិកតា​មួយ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា ក៏ដូចជា​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​។ ជាពិសេស ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ការងារ​មនុស្សធម៌ ហើយ​វា​ក៏​ជា​ឱកាស​រឹតចំណង​សាមគ្គីភាព​ក្នុង​រង្វង់​គ្រួសារ​កីឡា​យានយន្ត និង​បណ្តា​ប្រទេសជិតខាង​ផងដែរ​។ 

«​គោលដៅ​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​យានយន្ត ជាពិសេស​ម៉ូតូ​គ្រប់​ប្រភេទ ដែល​បាន​បង្កើតជា​ក្រុម ទាំង​បាន​ចុះបញ្ជី​និង​មិនបាន​ចុះបញ្ជី​ជាមួយ​សហព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ពី​សុវត្ថិ​ចរាចរណ៍ សីលធម៌​ប្រើប្រាស់​ផ្លូវថ្នល់ និង​ចែករំលែក​បទពិសោធន៍​បច្ចេកទេស​រវាង​អ្នក​ចូលចិត្ត​ម៉ូតូ​ធំ​ជាដើម​។ ខ្ញុំ​រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ទៅកាន់​ប្រទេស​នានា​ក្នុង​តំបន់ និង​សកលលោក​»​។ លោក អ៊ុំ ប៊ុន​រ៉េត លើកឡើង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​


លោក សូឃុន វីរក្ស អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា

​អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​លោក សូ​ឃុន វីរ​ក្ស គាំទ្រ​យ៉ាង​ពេញទំហឹង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​នេះ​ក្នុង​រួមចំណែក​លើកកម្ពស់​វិស័យ​យានយន្ត​នៅ​កម្ពុជា​។ លោក​សង្ឃឹមថា តាមរយៈ​ព្រឹត្តិការណ៍​នេះ នឹង​ជួយ​អភិវឌ្ឍន៍​កីឡា​យានយន្ត​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ជាពិសេស​ជួយ​ទាក់ទាញ​យុវជន យុវនារី ឲ្យ​ចូលរួម​លេង​កីឡា​នេះ​កាន់តែច្រើន​។

​ជាមួយគ្នានេះ លោក អ៊ុំ ប៊ុន​រ៉េត ក៏​រំពឹង​កីឡាករ​កម្ពុជា​ទទួលបាន​បទពិសោធ​ល្អៗ​ពី​កីឡាករ​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ជាពិសេស​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​កាន់តែច្រើន​។ ប្រធាន​ក្លិប BMW Motorcycle រូបនេះ​អះអាងថា កម្ពុជា​នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​មាន​ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។ ក្រៅពី​ការប្រកួត ក៏មាន​ការតាំងពិព័រណ៍​ម៉ូតូ និង​ផលិតផល​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​យានយន្ត​ជាង​៣៥០​ស្តង់​ទៀតផង​៕

 

 


Tag:
 យានយន្ត​
  អ៊ុំ ប៊ុន​រ៉េត​
  Motorrad Angkor Festival
© រក្សាសិទ្ធិដោយ thmeythmey.com