ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ការយក​ប្រពន្ធ​ជា​បន្ទុក​សម្រាប់​បុរស​មែន​ទេ​?
20, Oct 2019 , 11:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន មាន​បុរស​ខ្មែរ​មួយចំនួន យល់ថា ការយក​ប្រពន្ធ គឺជា​បន្ទុក​សម្រាប់​ពួកគេ​។ ប៉ុន្តែ អ្នកជំនាញ បាន​អះអាងថា ការយក​ប្រពន្ធ​មិនមែនជា​បន្ទុក​នោះឡើយ​។ ផ្ទុយទៅវិញ បុរស​ដែលមាន​ប្រពន្ធ​ក្នុង​វ័យ​សមល្មម នឹងធ្វើ​ឲ្យ​ជីវិត​ពួកគេ​កាន់តែ​ប្រសើរ ខណៈ​បុរស​ដែល​នៅ​លីវ​យូរពេក អាច​នឹងមាន​ជំងឺផ្លូវចិត្ត និង​ប្រឈម​នឹង​បញ្ហា​មួយចំនួនទៀត​។



​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖  




​នៅក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ក្រុងភ្នំពេញ មាន​មនុស្ស​ជាច្រើន​ជួបជុំគ្នា​ពិភាក្សា​លើ​ប្រធាន​ផ្សេងៗ​គ្នា ដូចជា​ការរកស៊ី និង​ការសិក្សា​ជាដើម​។ ប៉ុន្តែ មាន​កំលោះ​មួយក្រុម បែរជាយក​ប្រធានបទ​ការរៀប​ការ​មក​ជជែក​គ្នា​យ៉ាង​ផុសផុល​ទៅវិញ​។ «​បើសិន​តិច​ទៀត ខ្ញុំ​មាន​ប្រពន្ធ ខ្ញុំ​មាន​បន្ទុក​ច្រើន​មែនហើយ ព្រោះ​យើង​មាន​ប្រពន្ធ យើង​ត្រូវ​រក​ចំណូល​រាល់ថ្ងៃ​។ បើ​មានកូន​ទៀត ត្រូវ​ចិញ្ចឹម​កូន​ទៀត ខោ​ទឹកនោម ទឹកដោះគោ​កូន ហើយ​ឪពុកម្តាយ​សុទ្ធតែ​ធ្វើការ​ឲ្យ​គេ បើក​លុយ​មក​មិនបាន​ច្រើន​។ ណាមួយ យើង​រវល់​ចំណាយ​លើ​កូន​ផង ពេល​មាន​បុណ្យទាន​ត្រូវ​ជូន​លុយ​ឪពុកម្តាយ​ទាំងសងខាង​ទៀត​។ និយាយ​រួម​នៅ​លីវ​ស្រួល​ជាង ហើយ​អត់​សូវ​គិត​ច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់ យុវជន ឡូត យ៉ា​ឌី​។

​ក្នុង​វ័យ​២២​ឆ្នាំ យ៉ា​ឌី ដែលមាន​សក់រួញ និង​សម្បុរ​សណ្តែកបាយ បាន​អះអាងថា បច្ចុប្បន្ន​លោក​មាន​ការងារ​ដែលមាន​ចំណូល​គ្រាន់តែ​ចំណាយ​សម្រាប់​ការសិក្សា និង​ជីវភាព​ផ្ទាល់​ខ្លួនឯង​ប៉ុណ្ណោះ ចំណែក​រឿង​យកប្រពន្ធ​នោះ លោក​មិនទាន់​គិតគូរ​នៅឡើយ​ទេ​។ ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់ ពាក់អាវ​ក្រណាត់ កំលោះ​ប៉ិន​វោហារ​រូបនេះ បាន​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារតែ​វ័យ​នៅ​ក្មេង​ពេក ហើយ​ចង់​ដើរលេង​ឲ្យ​បាន​ច្រើន​។ ណាមួយ ការងារ​មានតែ​ប្រាក់ខែ​ប៉ុណ្ណឹង បើ​យើង​ទៅយក​ប្រពន្ធ​ទៀត យើង​ចិញ្ចឹម​គេ​មិន​រស់​ទេ​។ ខ្ញុំ​គិតថា ចាំ​ដល់​វ័យ​២៨ ឬ​២៩ រកលុយ​បាន​ច្រើន​សិន ចាំ​គិតគូរ​តាម​ក្រោយ​»​។​

​ផ្ទុយ​ពី​យ៉ា​ឌី លោក កប សុជាតិ ដែល​អង្គុយ​នៅក្បែរ​នោះដែរ បែរជា​គិតថា ការយក​ប្រពន្ធ​នឹង​ក្លាយជា​បន្ទុក បើសិនជា​មានតែ​ភាគី​ម្ខាង ជា​អ្នករ៉ាប់រង​បន្ទុកគ្រួសា​រទាំង​មូល តែបើ​ភាគី​ទាំងពីរ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក នោះ​នឹងធ្វើ​ឲ្យ​បុរស​ដែលមាន​ប្រពន្ធ​លែង​គិតថា ប្រពន្ធ​ជា​បន្ទុក​ទៀតហើយ​។

​ក្នុង​វ័យ​២២​ឆ្នាំ សុជាតិ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​គិតថា ការយក​ប្រពន្ធ​ជា​បន្ទុក វា​ទស្សនៈ​មួយ​ម្យ៉ាង​ម្នាក់​ទេ​។ បើ​យើង​យកមក យើង​អត់​ចេះ​ជួយ​គ្នា ពឹង​តែ​ម្ខាងៗ​។ ឧទាហរណ៍ ប្រពន្ធ​ពឹង​តែ​ប្តី ប្រពន្ធ​នៅតែ​ផ្ទះ អត់​ជួយ​ការងារ​ប្តី ប្តី​ធ្វើ​ការងារ​ពេលទៅដល់​ផ្ទះ ប្រពន្ធ​មិនសូវ​ចេះ​លើកទឹកចិត្ត ចឹ​ង​មាន​អារម្មណ៍​ថា​ជា​បន្ទុក​ហើយ​។ ផ្ទុយទៅវិញ បើ​ភាគី​ទាំងសងខាង​ចេះ​ជួយ​យកអាសា​គ្នា ពេល​ប្តី​ទៅដល់​ផ្ទះ​ប្រពន្ធ​ចេះ​រៀបចំ​បាយទឹក ពេលចេញ​ផ្ទះ​ឃើញតែ​ស្នាមញញឹម​ប្រពន្ធ​ក៏​ប្តី​អស់ចិត្ត​ហើយ​»​។

​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​៥​នាក់ សុជាតិ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពត មិនទាន់មាន​គម្រោង​យកប្រពន្ធ​នៅឡើយ​ទេ ស្រប​ពេលដែល​មិត្តភក្តិ​ស្រករ​គ្នា​ជាច្រើន បាន​រៀបការ​រួចហើយ​។ លោក​អះអាងថា លោក​នឹង​យកប្រពន្ធ​នៅពេល​រៀន​ចប់ និង​ពេល​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​។ បើតាម​បុរស​សម្បុរ​ស្រអែម​រូបនេះ បុរស​ដែល​នៅ​លីវ​យូរពេក​មិនល្អ​នោះទេ ព្រោះ​ពួកគេ​មិនមាន​គោលដៅ​ច្បាស់លាស់ ខណៈដែល​អ្នកមាន​ប្រពន្ធ ពួកគេ​បានរៀបចំ​គ្រួសារ​បានល្អ និង​មាន​ជីវភាព​ធូរធារ​។

​ពាក់អាវ​ស ទឺ​នុយ​ជាមួយ​ខោ​ខ្មៅ សុជាតិ បាន​រៀបរាប់​លាយឡំ​នឹង​សំណើច​តិចៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ឃើញថា ភាគច្រើន មនុស្ស​ដែល​មិនទាន់មាន​ប្រពន្ធ ពួកគាត់​ដូចជា​តែលតោល តែ​អ្នកមាន​ប្រពន្ធ ពួកគាត់​មាន​ជីវភាព​ធូរធារ មាន​ឡាន​ជិះ​អ៊ីចឹងទៅ​។ ដូច​បង​ខ្ញុំ​ជាដើម ពេល​គាត់​អត់​ទាន់​មាន​ប្រពន្ធ គាត់​មិនឃើញ​មាន​អ្វី​ទេ​។ តែ​ពេល​បាន​ប្រពន្ធ គាត់​ចាប់ផ្តើម​ធូរធារ ។ ដូចជា​ខ្ញុំ​ផ្ទាល់ ធ្វើការ​ដូច​មិន​សល់​លុយ​ទេ តែ​មិត្តភក្តិ​ដែល​គេ​មាន​ប្រពន្ធ ឃើញ​គេ​គ្រាន់​ធូរធារ​។ តែ​ខ្ញុំ​វិញ អត់​សូវ​យល់​ដែរ នៅ​កំលោះ​បាន​លុយ​មក ចាយ​អស់ៗ​»​។

​ច្បាប់​ស្តីពី​៖«​អាពាហ៍ពិពាហ៍ និង​គ្រួសារ​» ត្រង់​ជំពូក​ទី​២ មាត្រា​៥ បាន​ចែងថា អាច​រៀប​អាពាហ៍ពិពាហ៍​បាន បុរស​មាន​អាយុ​ចាប់ពី​២០​ឆ្នាំ​ឡើងទៅ ហើយ​នារី​ត្រូវមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ​។  ក្នុងករណី​ពិសេស បុរស​ដែលមាន​អាយុ​មិនទាន់​ដល់​២០​ឆ្នាំ និង​នារី​ដេ​ល​មាន​អាយុ​មិនទាន់​ដល់​១៨​ឆ្នាំ អាច​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់​បាន ប្រសិនបើ​នារី​មាន​ផ្ទៃពោះ ហើយ​មានការ​អនុញ្ញាត​ពី​ឪពុកម្តាយ ឬ​អាណាព្យាបាល​។ 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក លេង ណៃ​គីម សាស្ត្រាចារ្យ​ទស្សនវិជ្ជា បាន​អះអាងថា បុរស​នៅ​លីវ​យូរពេក មិនល្អ​ឡើយ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ព្រោះ​អាច​នឹង​ប្រឈម​បញ្ហា​ជាច្រើន​។

​ស្លៀកខោ​ជើងវែង ពាក់អាវ​ក្រណាត់ស​ដៃខ្លី បុរស​មាឌ​ដំបង និង​សម្បុរ​សណ្តែកបាយ​រូបនេះ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​បុរស​ដែល​នៅ​លីវ​យូរពេក ជួនកាល​អត់​ល្អ​ទេ ព្រោះ​វា​ជះឥទ្ធិពល​ដល់​ផ្លូវចិត្ត​។ អត់​ប្រពន្ធ​មិន​ស្រួល​ទេ​។ ខ្ញុំ​គិតថា វា​ជា​ចិត្តសាស្ត្រ និង​ជា​បទពិសោធ​របស់ខ្ញុំ​ជាក់ស្តែង​។ អ្វីដែល​រស់នៅ​ម្នាក់ឯង​មិនល្អ​ទេ ព្រោះ​ធម្មជាតិ​បង្កើត​មនុស្ស​ចង់​ឲ្យ​មនុស្ស​ខិត​រកគ្នា តែបើ​យើង​ចង់​ផ្ទុយ​ពី​ទស្សនៈ​ហ្នឹង អត់​បានទេ​»​។  

​លោក លេង ណៃ​គីម ដែល​បាន​រៀបការ​នៅ​អាយុ​៣៤​ឆ្នាំ បាន​អះអាងថា ដំបូង​ឡើយ លោក​ក៏មាន​ទស្សនៈ​ដូច​បុរស​ដទៃ​ដែរ​។ លោក​គិតថា ចាំ​មាន​អ្វីៗ​គ្រប់យ៉ាង​ជាមុនសិន ទើប​រៀបការ តែ​ការគិត​បែបនេះ គឺជា​ការគិត​ខុសឆ្គង​មួយ​។

​អង្គុយ​ក្នុង​ការិយាល័យ​របស់ខ្លួន ក្នុង​រាជបណ្ឌិត្យសភាកម្ពុជា លោក លេង ណៃ​គីម បាន​ពន្យល់ថា​៖ «​មនុស្ស​តែឯង ជួនកាល គាត់​គិត គាត់​យល់ឃើញ​តែម្នាក់ឯង​។ គាត់​ចាំ​ឲ្យ​គាត់​មាន​សម្បូរ​សប្បាយ​បាន​គាត់​ទៅ​រៀប​អាពាហ៍ពិពាហ៍ អត់​ទេ ព្រោះ​យើង​ត្រូវ​ចាប់ដៃគ្នា​បន្តដំណើរ​ទៅមុខ​។ មនុស្ស​ខ្លះ គាត់​រអា ថា បើ​មាន​ប្រពន្ធ​ទៅ គាត់​រ៉ាប់រង​តែម្នាក់ឯង​។ តាមពិត​ជាក់ស្តែង ពេល​បាន​ប្រពន្ធ​ទៅ ត្រូវ​រួមចំណែក​គិត​ទាំងអស់គ្នា​។ ខ្មែរ​យើង​មាន​សុភាសិត​ខ្មែរ​មួយ​លើកឡើងថា សំណាប​យោង​ដី ស្រី​យោង​ប្រុស​»​។ 

​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​រូបនេះ បាន​ជំរុញ​ឲ្យ​យុវជន​យុវនារី​ខ្មែរ រៀបការ​ក្នុង​វ័យ​មួយ​សមស្រប ពោល គឺ​ស្ត្រី​គួរតែមាន​អាយុ​ចន្លោះ​ពី​២០ ទៅ​២៥​។ ឯ​បុរស​គួរ​រៀបការ​ក្នុង​អាយុ​ចន្លោះ​ពី​២៥ ទៅ​៣០​ឆ្នាំ​។ លោក​ពន្យល់ថា ក្នុង​វ័យ​នេះ មនុស្ស​មាន​លក្ខខណ្ឌ​ល្អ ទាំង​ផ្នែក​សេដ្ឋកិច្ច សម្បូរ​បទពិសោធន៍​ស​ង្គ​ម និង​កត្តា​ជីវសាស្ត្រ​មាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់         កសាង​គ្រួសារ​មួយ​ប្រកបដោយ​សុភមង្គល និង​សុខដុមរមនា​៕        
 
 



Tag:
 ​ប្តី​ប្រពន្ធ​
 ​អ្នក​នៅ​លីវ
© រក្សាសិទ្ធិដោយ thmeythmey.com