កីឡាជាតិ
ជាតិ
ស្វាយរៀងនឹងគ្រងជើងឯកទាំងនៅសល់២ប្រកួត បើយកឈ្នះទ័ពនៅល្ងាចនេះ
× ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី២៤ នៅថ្ងៃអាទិត្យទី២០ តុលា នេះ មានការប្រកួតចំនួន៤គូនៅទីលានផ្សេងៗគ្នា។ ក្រុមមិនទាន់ស្គាល់ចាញ់ព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ភ្ញៀវក្រសួងការពារជាតិ(ទ័ព)នៅម៉ោង៦ល្ងាច រីឯម្ចាស់ផ្ទះអាស៊ីអឺរ៉ុបស្វាគមន៍វិសាខានៅម៉ោង៣:៣០នាទីរសៀល។ នៅថ្ងៃនេះ ក៏មានការប្រកួត២គូទៀតនៅម៉ោង៣:៣០នាទីរសៀលផងដែរ។
ក្រុមព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះក្រសួងការពារជាតិ នាជំនួបលើទឹកដីខ្លួននៅល្ងាចនេះ ដើម្បីជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៩។ ដ្បិតបច្ចុប្បន្នក្រុមមិនទាន់ស្គាល់ចាញ់មួយនេះ កំពុងគ្រងកំពូលតារាងដោយមាន៥៩ពិន្ទុ ខណៈវិសាខាឈរលេខ៣មាន៥១ពិន្ទុស្មើណាហ្គាវើល។
សម្រាប់២៣ប្រកួតកន្លងមកព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់បរាជ័យនោះទេ ក្នុងនោះយកឈ្នះគូប្រកួត១៨លើក និងស្មើ៥លើក។ នៅជើងទី១ដែលធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់ ស្វាយរៀងបានយកឈ្នះទ័ពក្នុងលទ្ធផល ២-១។ ដូច្នេះការជួបគ្នាលើកនេះ វាជាឱកាសសម្រាប់ទ័ព ដើម្បីជម្រះបញ្ជីចាស់ផងដែរ។ បច្ចុប្បន្នទ័ពស្ថិតនៅលេខរៀងទី៧មាន៣៥ពិន្ទុ។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន A.E.U Sport Park ម៉ោង៣:៣០នាទីរសៀលនេះ វិសាខាត្រូវការឈ្នះម្ចាស់ផ្ទះអាស៊ីអឺរ៉ុបជាដាច់ខាត បើពុំនោះទេឱកាសប្រជែងដណ្តើមជើងឯករបស់ពួកគេអាចនឹងបាត់បង់ជាក់ជាមិនខាន។ បើពួកគេអាចយកឈ្នះមែននោះមានន័យថា វិសាខាក៏អាចសងសឹកអាស៊ីអឺរ៉ុប ដែលបានធ្វើឲ្យខ្លួនខកចិត្តជាមួយបរាជ័យ ៣-១ នៅជើងទី១លើទឹកដីខ្លួន។ ដូច្នេះការជួបគ្នារវាងក្រុមទាំងពីរលើកនេះ នឹងក្លាយជាការប្រកួតដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់ទស្សនិកជន។
ក្រៅពីការប្រកួតដ៏ជក់ចិត្តទាំងពីរខាងលើ នៅថ្ងៃអាទិត្យនេះ ក៏មានការប្រកួតពីរគូផ្សេងទៀតផងដែរ។ ក្នុងនោះក្រុមបឹងកេតត្រូវបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍អគ្គស្នងការដ្ឋាននគរបាលជាតិ រីឯសូលទីឡូអង្គរប៉ះកំពង់ចាមនៅកីឡដានខេត្តសៀមរាប។ ការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀលដូចគ្នា។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី១៩ តុលា ណាហ្គាវើលបានយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៥-០ ដើម្បីឡើងទៅឈរលេខ២បណ្តោះអាសន្នដោយមាន៥១ពិន្ទុ។ ចំណែកក្រុមក្រោមការដឹកនាំបណ្តោះអាសន្នរបស់ លោក ស៊ុំ វណ្ណា ដែលទើបបញ្ចប់វគ្គគ្រូបង្វឹកកម្រិត A-License ភ្នំពេញក្រោន យកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៧-០ ខណៈអង្គរថាយហ្គឺរបន្តយកឈ្នះគីរីវង់សុខសែនជ័យ ២-១៕
Tag:
Cambodian League 2019
ព្រះខ័នរាជស្វាយរៀង
វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com