អន្តរជាតិ
សិង្ហ​បុរី​-​ចិន ចុះ​កិច្ចព្រមព្រៀង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា តែ​មិន​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​រវាង​អាមេរិក​-​ចិន​
20, Oct 2019 , 2:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សិង្ហ​បុរី និង​ចិន បាន​ចុះ​ព្រមព្រៀង​ថ្មី​មួយ​ស្តីពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ជាពិសេស​នោះ​លើ​ការធ្វើ​លំ​ហាត់​យោធា និង​ការបង្កើត​កិច្ចសន្ទនា​រវាង​កងទ័ព​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ភាគី​សិង្ហ​បុរី ថ្លែង​ការពារ​ទុកជាមុន​ថា មិនមាន​ពាក់ព័ន្ធ​នឹង​ទំនោរ​ចុងក្រោយ​រវាង​មហាអំណាច​ឡើយ ពោលគឺ​សិង្ហ​បុរី ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​ប្រទេស ។



​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី លោក Ng Eng Hen និង​សម​ភាគី​ចិន លោក Wei Fenghe នៅ​ថ្ងៃ​២០ តុលា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តីពី​ការផ្លាស់ប្តូរ​ការ​ការការពា​រ និង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​ប្រទេស​ទាំងពីរ​។ កិច្ចព្រមព្រៀង​នេះ មាន​គោលដៅ​ពង្រីក​វិសាលភាព​នៃ​ការធ្វើ​លំ​ហាត់​យោធា​ទ្វេភាគី ការគាំទ្រ​គ្នា​ផ្នែក​ភស្តុភារ និង​បង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​ជាប្រចាំ​រវាង​រដ្ឋមន្ត្រី​ទាំងពីរ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​សិង្ហ​បុរី លោក​រដ្ឋមន្ត្រី Ng Eng Hen បាន​កត់សម្គាល់ថា កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​រវាង​អាមេរិក​-​ចិន​នោះទេ​។ លោក​រដ្ឋមន្ត្រី បានប្រកាសថា សិង្ហ​បុរី ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ហើយ​កិច្ចព្រមព្រៀង​ជាមួយនឹង​ចិន​នេះ គឺជា​ការទទួលខុសត្រូវ​រួម​ក្នុង​ការរក្សា​ស្ថិរភាព​ក្នុង​តំបន់ និង​ជាពិសេស​នោះ​លើ​បញ្ហា​សន្តិសុខ​តែម្តង​។

​លោក​រដ្ឋមន្ត្រី​ដដែល​នោះ ក៏បាន​សង្កត់ធ្ងន់ថា លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ ក៏​ជាការ​ឆ្លុះបញ្ចាំង​មួយ នៃ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំងពីរ ក្នុងការ​រក្សា​ឲ្យ​បាន​មិត្តភាព​កក់ក្តៅ និង​ជិតស្និទ្ធ ដែល​អតីត​មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​កសាងឡើង​រាប់​ទសវត្សរ៍​មកហើយ​នោះ​។ ហើយ​ឆ្លៀតឱកាស​នោះ មេដឹកនាំ​ទាំងពីរ ក៏បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ តាមរយៈ​ក្របខណ្ឌ​អាស៊ាន និង​ដៃគូ​របស់​អាស៊ាន​ដូចគ្នា​ផងដែរ​។​

​គួរ​បញ្ជាក់ថា សិង្ហ​បុរី គឺជា​រដ្ឋ​មួយ ដែលមាន​សក្តានុពល​នៅក្នុង​តំបន់​។ ជា​រដ្ឋ​ដែល​តូច​ជាងគេ​នៅក្នុង​តំបន់ សិង្ហ​បុរី តែងតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ឥរិយាបថ​ការទូត និង​ជាពិសេស​នោះ​ក្នុង​ការធ្វើ​កិច្ច​សហ​ប្រិត​ប​ត្តិ​ការ​យោធា​ជាមួយនឹង​ដៃគូ រាប់បញ្ចូល​ទាំង​ប្រទេស​មហាអំណាច​ចិន និង​អាមេរិក​ជាដើម​។​

​កន្លងមក អាមេរិក បានប្រកាស​ច្បាស់​រួចហើយ​ថា​យក សិង្ហ​បុរី គឺជា​ដៃគូ​ស្នូល​មួយ​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី ខណៈ​ចិន ក៏បាន​ប្រកាស​ជំហរ​ដូចគ្នា​ចាត់ទុក​សិង្ហ​បុរី​ជា​មិត្ត និង​អ្នកជិតខាង​ល្អ ដែលមាន​វប្បធម៌ និង​ទំនៀមទម្លាប់​ស្រដៀង​គ្នា​។ ចំណុច​នេះហើយ ដែល​ធ្វើ​សិង្ហ​បុរី ត្រូវមាន​ស្វ័យ​ក្រើនរម្លឹក​ជានិច្ច​ក្នុងការ​ពេលធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​មហាអំណាច​ទាំងពីរ​៕








Tag:
 សិង្ហ​បុរី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com