អន្តរជាតិ
ចិន ចេញមុខ​ការពារ​​ការជ្រើសរើស​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​សមាជិក​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​
20, Oct 2019 , 4:59 pm        
រូបភាព
ដោយ:
​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UNHRC) ថ្មីៗ​នេះ បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​មួយចំនួន​សម្រាប់​អាណត្តិ​ថ្មី ដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងនោះ សមាជិក​ថ្មី​ដែល​ទើប​ជ្រើសរើស ក៏មាន​ប្រទេស​ដែល​កំពុងតែ​មានរឿង​អាស្រូវ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផងដែរ​។ ទោះ​បែបនេះ​ក្តី សមាជិក​ថ្មី​ទាំងនេះ ទទួលបាន​ការគាំទ្រ​ផង និង​ជំទាស់​ផង​ពី​មហាអំណាច​ពិភពលោក​អាមេរិក និង​ចិន​។



​វេ​ណេ​ស៊ុយ​អេ​ឡា គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ទាំង​១៤ ដែល​ត្រូវបាន​បោះឆ្នោត​គាំទ្រ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ តាមរយៈ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ នៅ​ថ្ងៃ​១៧ តុលា​កន្លងទៅ​។ គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការជ្រើសរើស​វេ​ណេ​ស៊ុយ​អេ​ឡា​ពេលនេះ មា​នភា​ឆ្គាំឆ្គង​ខ្លះ ដ្បិត​ចុង​ក្រោយនេះ មេដឹកនាំ​របស់​រដ្ឋកំ​ពុង​ជាប់ផុង​វិបត្តិ​សេដ្ឋកិច្ច​មួយ​នេះ មាន​ជាប់​ក្នុង​របាយការណ៍​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ផង​។

​ជុំវិញ​សេចក្តីសម្រេច​នេះ មាន​មហាអំណាច​ពិភពលោក​ពីរ បាន​ចេញមុខ​ប្រតិកម្ម​។ អាមេរិក តាមរយៈ​រដ្ឋមន្ត្រី​ការ​បរ​ទស Mike Pompeo បាន​អះអាងថា ចិន និង​រុស្ស៊ី បាន​លើក​បន្ទប់​វេ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស គឺជា​រឿង​គួរ​អស់សំណើច​មួយ​។ ប្រមុខ​ការទូត​រូបនេះ  ក៏បាន​បន្ថែមថា កម្សោយ និង​ចន្លោះប្រហោង​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បែបនេះហើយ ទើបបាន​អាមេរិក ដក​សមាជិកភាព​រប​ស់​ខ្លួន​ចេញពី​ក្រុមប្រឹក្សា​នៅ​ឆ្នាំ​២០១៨​កន្លងទៅ​។​

​ការលើកឡើង​បែបនេះ ប្រាកដ​ណាស់​ថា ចិន មិនអាច​ទទួលយកបាន​នោះទេ​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​ចិន នៅ​ថ្ងៃ​១៨ តុលា​កន្លងទៅ រដ្ឋាភិបាល​ចិន បាន​ហៅ​ការចោទប្រកាន់​របស់​អា​មេ​រិ​ក ថា​ជា​រឿង​មិន​ត្រឹមត្រូវ​។  អ្នកនាំពាក្យ បន្តថា ការបោះឆ្នោត​ជ្រើសរើស​វេ​ណា​ស៊ុយ​អេ​ឡា គឺ​ស្របតាម​នីតិវិធី​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ហើយ​អ្នក​ដែល​ជំទាស់​លទ្ធផល​នេះ អ្នកនាំពាក្យ​ចោទ​ជា​សំណួរ​ថា​តើ​កំពុងតែ​ព្យាយាម​ជំទាស់​ជាមួយនឹង​អំណាច​របស់​មហាសន្និបាត​ឬ​យ៉ាងណា​?

​បន្ទាប់ពី​អះអាង​ពី​ភាពស្របច្បាប់​នៃ​លទ្ធផល​ជ្រើសរើស​វេ​ណេ​ស៊ុយ​អេ​ឡា​រួចហើយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ដដែល បានផ្តល់​យោបល់​ឲ្យ​អាមេរិក​បញ្ឈប់​ធ្វើជា​ម្ចាស់ ឬ​បញ្ជា​ប្រទេស​ដទៃ​ធ្វើបែបនេះ ឬ​បែប​នោះ និង​ជាពិសេស​នោះ​កុំ​ទាញ​រឿង​សិទ្ធិមនុស្ស​ជាមួយនឹង​នយោបាយ ហើយ​បញ្ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ក្រោម​ឆ​ត្រ័​រឿង​សិទ្ធិមនុស្ស​តទៅទៀត​។

​សម្រាប់​ក្រុង​ប៉េកាំង ការណ៍​ដែល​ក្រុង​វ៉ា​ស៊ិន​តោន​ធ្វើបែបនេះ គឺ​ដើម្បី​ព្យាយាម​យកមុខ​មាត់ ក៏ប៉ុន្តែ នឹង​បង្ក​ឲ្យ​មានការ​ខ្វែងគ្នា​ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕



Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com