ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ សមត្ថកិច្ច​គ្រប់​ថ្នាក់ កំពុង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នកចូលរួម​ធ្វើ​រដ្ឋប្រហារ​
20, Oct 2019 , 5:59 pm        
រូបភាព
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
ដោយ: ថ្មីៗ
​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​យក​វីដេអូ​ឃ្លី​ប​របស់លោក សម រង្ស៊ី ដែល​និយាយ​ក្នុង​វិទ្យុ​អាស៊ីសេរី​នាពេល​ថ្មីៗ​នេះ មក​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយ​លោក ចាត់ទុក​សម្តី​របស់លោក សម រង្ស៊ី ក្នុង​វីដេអូ​ឃ្លី​ប​នោះ ថា​ជា​ផែនការ​មួយ​ក្នុងចំណោម​ផែនការ​ផ្សេងទៀត ដែល​លោក សម រង្ស៊ី និង បក្សពួក ប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។



​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក សម រង្ស៊ី ព្យាយាម​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ងើបឡើង​ជាមួយ​លោក ពេល​លោក មកដល់​កម្ពុជា នោ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លោក ថ្លែង​ដូច្នេះ​ថា​៖«​តាម​ភូមិ​នីមួយៗ ប្រជារាស្ត្រ​ត្រូវតែ​ងើបឈរ​។ យើង ទៅ​ព័ទ្ធ​ផ្ទះ​មេភូមិ​។ យើង​ទៅ​ព័ទ្ធ​ស្នងការ​ប៉ូលិស កន្លែង​ប៉ូលិស​ប្រមូលផ្តុំ​។ ខ្ញុំ ជឿថា អ្នក​ដែល​នៅ​ស្មោះត្រង់​ជាមួយ ហ៊ុន សែន គឺ​ពេល​ហ្នឹង រត់ចោលជួរ ឬមួយ ពួកគាត់ មក​រួម​កម្លាំង​ជាមួយ​ប្រជារាស្ត្រ​...»​។​

​លោក គឹម សន្តិភាព សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ តប​នឹង​ការ​សម្តី​របស់លោក សម រង្ស៊ី ក្នុងន័យ​ព្រមាន​បែបនេះ​ថា​៖«​សមត្ថកិច្ច​គ្រប់​លំ​ដាក់​ថ្នាក់ គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ កំពុង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង ចំពោះ​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ ទប់ស្កាត់ និង បំផ្លាញចោល​រាល់​សកម្មភាព​ទាំងនេះ​»​។ លោក ដាស់តឿន​ជាថ្មី​ថា​៖«​ការសារភាព មិន​ចូលរួម​នឹង​សកម្មភាព​ទាំងនេះ ជា​ជម្រើស​តែមួយគត់ ដើម្បី​ការពារ​អ្នក​ឲ្យ​រួច​ផុតពី​ទោសទណ្ឌ​»​។

​លោក សម រង្ស៊ី និង មនុស្ស​៨​នាក់​សំខាន់​២​ទៀត​របស់លោក ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឧបឃាត ដែល​សំដៅលើ​ការរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​។ ចំណែក អ្នកគាំទ្រ​មួយចំនួន​របស់លោក នៅក្នុង​ស្រុក រង​ការ​ចោទ​ពីបទ​រួមគំនិត​ក្បត់ជាតិ ដែល​សំដៅលើ​ការចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​របស់លោក សម រង្ស៊ី​៕




Tag:
 គឹម សន្តិភាព​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com