អន្តរជាតិ
លោកស្រី ស៊ូជី ទទូចឲ្យប្រជាជនពួតដៃគ្នាដើម្បីប្រយោជន៍ជាតិ ហើយបញ្ឈប់វប្បធម៌វាយប្រហារគ្នា
× បន្ទាប់ពីបាត់មុខមួយរយៈក្នុងការថ្លែងសុន្ទរកថាជាសាធារណៈ លោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានបង្ហាញមុខជាសាធារណៈជាថ្មី ដោយបានផ្តាំផ្ញើឲ្យប្រជាជនទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានល្អ និងបញ្ឈប់ការវាយបកគ្នាទៅវិញទៅមុខ ដោយសារតែរឿងបន្តិចបន្តួច។
តាមរយៈសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពីការអភិវឌ្ឍសាកលវិទ្យាល័យរបស់ប្រទេស លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃ១៧ តុលាកន្លងទៅបានទទូចឲ្យប្រជាជនទាំងអស់រួមដៃគ្នាក្នុងការបន្តបម្រើផលប្រយោជន៍ជាតិ និងត្រូវបញ្ឈប់វប្បធម៌នៃការឈ្លោះគ្នា ឬវាយបកគ្នាដោយសារតែបញ្ហាបន្តិចបន្តួច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times។
តាមប្រភពព័ត៌មានដដែលនោះ លោកស្រី បានដាស់តឿសដាស់តឿនដល់អ្នកជំនាន់ក្រោយ ដោយមិនគួរដណ្តើមគ្នាធ្វើជាមេដឹកនាំនោះទេ។ លោកស្រី សង្កត់ធ្ងន់ថា៖«មនុស្សជាច្រើន ចង់ធ្វើជាមេដឹកនាំ ដូចជា មេដឹកនាំយុវជន មេដឹកនាំស្ត្រី មេដឹកនាំក្រុមជនជាតិភាគតិច មេដឹកនាំនយោបាយ និងមេដឹកនាំសេដ្ឋកិច្ច។ ហើយបើគ្រប់គ្នា ធ្វើជាមេដឹកនាំ តើមាននរណាធ្វើជាអ្នកអនុវត្ត?»
ការណ៍ដែលលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ថ្លែងបែបនេះ មិនមែនចង់បន្ទោសបង្អាប់អ្នកបន្តវេនឲ្យប្រឹងប្រែងក្នុងការដឹកនាំឡើយ ក៏ប៉ុន្តែលោកស្រី ចង់ឃើញពួកគេ ចេះសហប្រតិបត្តិការគ្នា និងធ្វើការជាក្រុមជាជាងការប្រជែងដើម្បីទទួលបានជួរមុខ។
ប្រមុខដឹកនាំមីយ៉ាន់ម៉ារូបនេះ ក៏បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយកែតម្រូវចំណុចខ្វះខាតរបស់ខ្លួន ខណៈប្រើប្រាស់សក្តានុពលរបស់ខ្លួនឲ្យអស់លទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការ។ លោកស្រី សង្កត់ធ្ងន់ថា នៅពេលយុវជន រឹងមាំ និងមានជំនាញសមត្ថភាពច្បាស់លាស់ នោះប្រទេសនឹងអាចអភិវឌ្ឍឲ្យកាន់តែទំនើបបានហើយ។
គួរជម្រាបថា ក្រោយការប្រកាសឯករាជ្យពីម្ចាស់អាណានិគមអស់រាប់ទសវត្សរ៍មកហើយនោះ មីយ៉ាន់ម៉ា នៅតែមិនទាន់អាចមានសាមគ្គីភាពផ្ទៃក្នុងបាននៅឡើយនោះទេ។ ជាប្រទេសដែលមានចម្រុះជាតិសាសន៍ច្រើនស្រាប់នោះ មីយ៉ាន់ម៉ា មកទល់ពេលនេះ នៅតែបន្តជាប់កម្អែលរបស់យោធាក្នុងប្រព័ន្ធដឹកនាំ ដែលចំណុចនេះ ធ្វើរដ្ឋាភិបាលស៊ីវិលលើកដំបូងរបស់លោកស្រី ស៊ូជី ពិបាកក្នុងការដឹកនាំ និងសម្រេចចិត្តក្នុងការអភិវឌ្ឍប្រទេស៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com