អន្តរជាតិ
តើ​ភ្នំ​ហិមាល័យ​កើតចេញពី​បាតុភូតធម្មជាតិ​អ្វី​?
20, Oct 2019 , 10:59 pm        
រូបភាព
​បើ​គេ​និយាយ​អំពី​ជួរ​ភ្នំ​ដែល​ខ្ពស់​ជាងគេ និង​ធំជាងគេ គេ​តែង​នឹកឃើញ​ជួរ​ភ្នំ​ហិមាល័យ ជាមួយនឹង​កំពូល​ដែល​ខ្ពស់​ផុត​គេ​មាន​ឈ្មោះថា​កំពូល​«​អេ​វើ​រ៉េ​ស​»​។ ជួរ​ភ្នំ​ហិមាល័យ​លាត​សន្ធឹង​ប្រមាណ​ជា​២៩០០​គីឡូម៉ែត្រ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន ចិន និង​ណេ​ប៉ាល់ ជាមួយនឹង​អរិយធម៌ ថែមទាំង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​យ៉ាងយូរ​។



​កំពូល​ដែល​ខ្ពស់​ជាងគេ អេ​វើ​រ៉េ​ស មាន​កម្ពស់​រហូត​ទៅដល់​៨៨៤៨​ម៉ែត្រ​ពី​នា​វ៉ូ​ទឹកសមុទ្រ ជាមួយនឹង​កំពូល​ប៉ុន្មាន​ទៀត​ដែលមាន​កម្ពស់​មិន​ក្រោម​៨០០០​ពាន់​ម៉ែត្រ​នោះឡើយ​។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​លាន​ឆ្នាំមុន ភ្នំ​អេ​វើ​រ៉េ​ស​មិនទាន់មាន​វត្តមាន​ជា​ភ្នំ​នោះទេ​។ តំបន់​នេះ កាលពី​ដើមឡើយ​គឺជា​តំបន់​ទឹកសមុទ្រ​ប៉ុណ្ណោះ​។ តើ​ហេតុអ្វី​បានជា​ជួរ​ភ្នំ​អេ​វើ​រ៉េ​ស​បានកកើតឡើង​រហូត​មកដល់​ក្លាយជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​ឃើញ​សព្វថ្ងៃ​? តើ​បាតុភូតធម្មជាតិ​អ្វី​ជា​អ្នកបង្កើត​សណ្ឋាន​ដី​ដ៏​ធំធេង​នេះ​ឡើង​?

​បើ​សិក្សា​អំពី​លក្ខណៈ​ចម្បង​នៃ​ធរណីវិទ្យា មួយផ្នែក​ដែល​សិក្សា​អំពី​សណ្ឋាន​ដី គេ​អាច​ដឹងបាន​ថា ដី​ទ្វីប និង​ដី​នៅ​បាតសមុទ្រ​មិន​នៅ​ស្ងៀម​នោះទេ​។ សណ្ឋាន​ដី​ដ៏​ធំ​មហិមា​ទាំងនេះ ដែល​អ្នក​ធរណី​វិទូ​ហៅថា​«​ផ្លាក​»​មាន​ចលនា​គ្រប់ពេលវេលា​ជាមួយនឹង​ទិសដៅ​ខុសៗ​គ្នា​។ គេ​ហៅ​លំនាំ​នេះ​ថា​«​ចលនា​ផ្លាក​តិច​តូ​និ​ច​»​។

​ដី​ហាក់បីដូចជា​នៅ​ស្ងៀម បើ​សង្កេត​ពី​ទិដ្ឋភាព​នៃ​ការរស់នៅ​របស់​អាយុ​ម​នុស្ស​។ ប៉ុន្តែ​នៅក្នុង​អំឡុងពេល​កាន់តែ​យូរ ចលនា​របស់​ដី​នឹងមាន​ភាពងាយស្រួល​សម្រាប់​ធរណី​វិទូ​សិក្សា​។ គេហទំព័រ Today I Found Out បានធ្វើការ​ពន្យល់ថា កាលពី​រយៈពេល​២២០​លាន​ឆ្នាំមុន ឧបទ្វីប​ឥណ្ឌា​ធ្លាប់​នៅ​ជា​កោះ​ដែលមាន​វត្ត​មាននៅ​កណ្តាល​មហាសមុទ្រ​ប៉ុណ្ណោះ​។

​នៅក្នុងពេល​ជាមួយគ្នា​នោះដែរ ឧបទ្វីប​ឥណ្ឌា​ក៏បាន​នឹង​កំពុងធ្វើដំណើរ​ទៅ​ទិស​ខាងជើង ឆ្ពោះទៅរក​ទ្វីបអាស៊ី ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជា​៦០០០​គីឡូម៉ែត្រ​។ រហូតមកដល់​រយៈពេល​ពី​៤០​ទៅ​៥០​លាន​ឆ្នាំមុន ទើប​ឧបទ្វីប​ឥណ្ឌា​បានធ្វើ​ដំណើរ​មក​ប៉ះ​ជាមួយនឹង​ទ្វីបអាស៊ី​។

​នៅពេល​ដែក​ផ្លាក​ទាំងពីរ​ប៉ះគ្នា ផ្លាក​ទ្វីប​របស់​ឧបទ្វីប​ឥណ្ឌា​ធ្លាកចុះ​ទៅខាង​ក្រោម និង​រុញ​ផ្លាក​របស់​ទ្វីបអាស៊ី​ឡើងទៅ​ខាងលើ​។ នេះ​គឺ​ដោយសារតែ​ផ្លាក​ឧបទ្វីប​ឥណ្ឌា​មាន​លក្ខណៈ​រឹង និង​ធ្ងន់​ជាង​ផ្លាក​របស់​ទ្វីបអាស៊ី​។ ការលើកឡើង​នៃ​ដី​ទ្វីបអាស៊ី​ដោយ​ឧបទ្វីប​ឥណ្ឌា​នេះហើយ​ដែលជា​កាតាលីករ​ដែល​ជំរុញ​ឲ្យ​មានការ​កើតឡើង​នៃ​ជួរ​ភ្នំ​ហិមាល័យ​។

​ហិមាល័យ​គឺជា​ជួរ​ភ្នំ​មួយ​ក្នុងចំណោម​ជួរ​ភ្នំ​មួយចំនួនទៀត​ដែលមាន​ការរីកលូតលាស់​លឿន​។ ទោះបី​ក្នុងពេល​សព្វថ្ងៃ ជួរ​ភ្នំ​ហិមាល័យ​រីក​កម្ពស់​ប្រមាណ​១​សង់ទីម៉ែត្រ​ជា​រៀងរាល់ឆ្នាំ​។ គេ​ដឹងថា​វា​នៅមាន​ចលនា​មមាញឹក​នៅឡើយ ដោយសារតែ​សកម្មភាព​រញ្ជួយ​ដី​ដែល​ឧស្សាហ៍​កើត​មាននៅ​ទីនោះ​។ ប៉ុន្តែ​ភ្នំ​មួយ​នេះ​មិនមែន​រីកលូតលាស់​ដោយ​គ្មាន​ឧបសគ្គ​មករា​រាំង​នោះទេ​។ ទំនាញផែនដី សំនឹក​ពី​បរិស្ថាន ដូចជា​ខ្យល់ ភ្លៀង ព្យុះ និង​ការរីកមាឌ​តាម​ទិសដៅ​ផ្តេក​ក៏​ជា​ហេតុផល​មួយចំនួន​រាំងស្ទះ​ការលូតលាស់​នៃ​ភ្នំ​នេះដែរ​។

​តើ​ក្នុង​ពេលខាងមុខ ភ្នំ​នេះ​នឹង​ទៅជា​យ៉ាងណា​? បើតាម​ការសិក្សា​ពី​ទិន្នន័យ​បច្ចុប្បន្ន គេ​អាច​និយាយបានថា ភ្នំ​ហិមាល័យ​នឹងមាន​កម្ពស់​កាន់តែ​ខ្ពស់​ទៅៗ ដោយសារតែ​ផ្លាក​ឧបទ្វីប​នៅតែមាន​ចលនា​ទៅ​ទិស​ខាងជើង​ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com