ជាតិ
ក្រសួងមហាផ្ទៃជំរុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ កុំឲ្យប៉ះពាល់ពលរដ្ឋ រូបពីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃជំរុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ ពិសេសតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីកុំឲ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន ។ នេះបើតាមព័ត៌មានផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងមហាផ្ទៃ។
ការជំរុញឲ្យដោះស្រាយបញ្ហាបាក់ច្រាំងទន្លេនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ បាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកម៊ិញយី នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី១៨ ខែតុលា។ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចុះសិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀស និងកាត់បន្ថយរាល់គ្រោះថ្នាក់កើតឡើងចំពោះពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្រសួងបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះធ្វើឡើង ដើម្បីសិក្សាអំពីវឌ្ឍភាព បន្ទាប់ពីក្រុមការងារ អន្តរក្រសួងបានចុះធ្វើការសិក្សាស្រាវជ្រាវ អំពីលក្ខណៈបច្ចេកទេស និងការងារសាងសង់ច្រាំងការពារ បង្គោលព្រំដែន ហើយតំណាងស្ថាប័ននីមួយៗ ត្រូវធ្វើបទបង្ហាញអំពីលទ្ធផល នៃការចុះសិក្សាពីស្ថានភាព និងបញ្ហាប្រឈមនានា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ អង្គប្រជុំយកមកពិភាក្សាដោះស្រាយរួមគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com