ជាតិ
សេដ្ឋកិច្ច
លោក ចូកូ ជំរុញវិស័យដឹកជញ្ជូនផ្លូវដែក ផ្លូវទឹក រវាងឥណ្ឌូណេស៊ីនិងកម្ពុជា បន្ទាប់ពីមានជើងហោះហើរត្រង់ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូណេស៊ី មានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាលើវិស័យមួយចំនួននាពេលបច្ចុប្បន្ននេះ តែបន្ថែមលើនេះ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ីជំរុញទំនាក់ទំនងថែមទៀតដល់ផ្នែកដឹកជញ្ជូន។ នេះបើតាមប្រកាសព័ត៌មាននៅលើហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ដែលបានផ្សព្វផ្សាយ បន្ទាប់ពីសម្ដេចបានចូលជួបជូនពរ និងពិភាក្សាការងារជាមួយលោក ចូកូ នៅថ្ងៃទី២០ ខែតុលា ។
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលទើបចូលកាន់តំណែងសម្រាប់អាណត្តិថ្មីរូបនេះ បានមើលឃើញពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូណេស៊ីលើវិស័យមួយចំនួនមានភាពល្អប្រសើរ និងចង់ជំរុញបន្ថែមទៀតលើវិស័យដឹកជញ្ជូន។ ប្រកាសព័ត៌មានដដែលបានឲ្យដឹងដូច្នេះថា៖«សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញ ប្រធានាធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។
ប៉ុន្តែលោកមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពលហើយត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម»។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ក្នុងពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី ទាំងផ្នែករដ្ឋ និងឯកជន និងបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងវិនិយោគទាក់ទិនការដឹកជញ្ជូនតាមផ្លូវដែក ព្រមទាំងស្នើបង្កើនកិច្ចសហការលើវិស័យកំពង់ផែនជាមួយកម្ពុជា។
ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយបើប្រៀបធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ នៅក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួន ៥៥៨ លានដុល្លារ កើនឡើងចំនួន៣ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅឥណ្ឌូណេស៊ីមានតែ ៣៣ លានដុល្លារអាមេរិក និងនាំចូលពីឥណ្ឌូណេស៊ីចំនួន ៥២៥ លានដុល្លារអាមេរិក។ ចំពោះវិនិយោគវិញនៅមានកំរិតតិចតួចនៅឡើយ។ នេះបើតាមតួលេខដែលផ្សព្វផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ។ សូមបញ្ជាក់ផងដែរថា កម្ពុជា និងឥណ្ឌូណេស៊ី ទើបភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នាឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ៕
Tag:
ផ្លូវដែក
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com