ជាតិ
ព្រះមហាក្សត្រ
​ព្រះមហាក្សត្រ​យាង​ទៅ​ចូលរួម​ពិធី​រាជាភិសេក​ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhiro
21, Oct 2019 , 8:53 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា នេះ ស្តេចយាង​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ពិធី​រាជាភិសេក ព្រោះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន គឺ​ព្រះ​ចៅ​ណា​រ៉ូ​ហ៊ី​តុ (Naruhito)​។ ព្រះរាជ​ពិធី នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែតុលា​។​



អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​៣០ ខែមេសា អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ បានដាក់​រាជ្យ​ជា​ផ្លូវការ​ហើយ​។ ព្រះអង្គ​ក្លាយជា​អធិរាជ​ជប៉ុន​ទីមួយ​ក្នុង​រយៈពេល​ជាង​ពីរ​រយ​ឆ្នាំ​ដែល​ដាក់រាជ្យ​បែបនេះ ខណៈ​ច្បាប់​ជប៉ុន​ចែងថា អធិរាជ​ត្រូវ​សោយរាជ្យ​អស់​មួយ​ព្រះជន្ម​។ ណា​រ៉ូ​ហ៊ី​តុ ឡើង​គ្រងរាជ្យ​បន្ត​ពី​បិតា​ក្នុង​ពិធី​ដែល​ធ្វើ​នៅ​ថ្ងៃទី​១ ខែឧសភា មុន​ឈាន​រាជាភិសេក​ផ្លូវការ​នា​ថ្ងៃទី​២២ ខែតុលា​។​

 អធិរាជ អាគី​ហ៊ី​តុ ដែលជា​អធិរាជ​ជំនា​ន់ទី​១២៥ របស់​ជប៉ុន ឡើង​គ្រងរាជ្យ​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៨៩ បន្ត​ពី​បិតា​អធិរាជ ហ៊ី​រ៉ូ​ហ៊ី​តុ ដែល​ដឹកនាំ​ជប៉ុន​ប្រយុទ្ធ​ក្នុងសម័យ​សង្គ្រាមលោក​។ រជ្ជកាល Heisei ដែលមាន​រយៈពេល​៣០​ឆ្នាំ ៤​ខែ របស់​អធិរាជ អាគី​ហ៊ី​តុ ក៏ត្រូវ​បានបញ្ចប់​ផងដែរ​កាលពី​ថ្ងៃទី​៣០ ខែមេសា​។​
 

​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​រយ​ឆ្នាំ​ដែល​អធិរាជ​ជប៉ុន​ដាក់រាជ្យ នៅពេលដែល​ច្បាប់​ប្រទេសមួយ​នេះ​កំណត់​ឲ្យ​អធិរាជ​ប្រថាប់​លើ​បល្ល័ង្ក Chrysanthemum មួយ​ព្រះជន្ម​។ ព័ត៌មាន​នៃ​ការដាក់រាជ្យ ត្រូវបាន​បញ្ចេញ​ដោយ​អធិរាជ អាគី​ហ៊ី​តុ ផ្ទាល់​ក្នុង​ឆ្នាំ​២០១៦ ដោយ​ទ្រង់​បាន​លើក​ហេតុផល​នៃ​ការចុះ​ខ្សោយ​ព្រះ​សុខភាព​។ មាន​ព្រះជន្ម​៨៥​វស្សា ប្រមុខរដ្ឋ​ជប៉ុន​អង្គ​នេះ ធ្លាប់​ទទួលបាន​ការព្យាបាល​មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ឆ្លង​ការវះកាត់​ជំងឺ​បេះដូង​ផង​។​

​រាជបុត្រ​របស់​ទ្រង់ គឺ​រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ ដែលមាន​ព្រះជន្ម​៥៩​វស្សា បាន​ឡើង​គ្រង​បន្ត​ជា​អធិរាជ​ទី​១២៦ របស់​ជប៉ុន​ក្នុង​កម្មវិធី​តាម​ប្រពៃណី​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​១ ខែឧសភា​។ រជ្ជកាល​ថ្មី មាន​ឈ្មោះថា Reiwa ដែល​មានន័យថា សុខដុម​។

​កម្មវិធី​គ្រងរាជ្យ​ផ្លូវ​ការដែល​ចូលរួម​ភ្ញៀវ​អន្តរជាតិ​ធំៗ​ដែល​ក្នុងនោះ​មាន​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ផងដែរ​នោះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែតុលា​៕

Tag:
 អធិរាជ​ជប៉ុន​
  Naruhito
© រក្សាសិទ្ធិដោយ thmeythmey.com