កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​គ្រង​ជើងឯក​លី​គ​កំពូល​សាជាថ្មី ក្រោយ​ខកខាន​៥​ឆ្នាំ​
21, Oct 2019 , 11:29 am        
រូបភាព
ក្រុមព្រះខ័នរាជស្វាយរៀងគ្រងជើងឯកលីគកំពូលឆ្នាំ២០១៩
ក្រុមព្រះខ័នរាជស្វាយរៀងគ្រងជើងឯកលីគកំពូលឆ្នាំ២០១៩
ដោយ:
​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៩ ក្រោយ​ពួកគេ​ខកខាន​អស់​រយៈពេល​៥​ឆ្នាំ​។ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​លី​គ​កំពូល​កម្ពុជា ដ្បិត​ក្រុម​ក្រោម​ការដឹកនាំ​គ្រូបង្វឹក Conor Nester រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ក្នុង​ការប្រកួត​២៤​លើក​។ ក្លិប​នេះ​នឹង​ប្រារព្ធ​ពិធី​លើក​ពាន​ខ្លួន​នៅ​ថ្ងៃទី​២៧ តុលា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​។ 



​ក្រោយ​ខកខាន​ឱកាស​អស់​រយៈពេល​៥​ឆ្នាំ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​គ្រង​ឯក​លី​គ​កំពូល​សាជាថ្មី​នៅ​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៤-២ នៅលើ​ទឹកដី​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​។ ការលើក​ពាន​ទាំង​នៅសល់​ពីរ​ប្រកួត​នេះ គឺ​បន្ទាប់ពី​លំដាប់​ពិន្ទុ​របស់​ពួកគេ ខ្ពស់ជាង​គូប្រជែង​រហូត​៨​ពិន្ទុ​។ បច្ចុប្បន្ន​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​កំពូល​តារាង​មាន​៦២​ពិន្ទុ ខណៈ​ក្រុម​លេខ​២​វិសាខា​មាន​៥៤​ពិន្ទុ​។ 



​តាំងពី​ពានរង្វាន់​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ វា​ជា​លើក​ទី​២​សម្រាប់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ បន្ទាប់ពី​ពួកគេ​បាន​គ្រង​ជើងឯក​លើកដំបូង​នៅ​ឆ្នាំ​២០១៣​។ ការ​ឈ្នះ​ជើងឯក​របស់​ពួកគេ​នៅ​លើក​នេះ វា​ក៏​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​លី​គ​កំពូល​កម្ពុជា​ផងដែរ ដែលមាន​ក្រុម​ជើងឯក​ទាំង​មិន​ស្គាល់​បរាជ័យ​។ ក្នុងចំណោម​២៤​ប្រកួត ក្រុម​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Conor Nester ទទួលបាន​ជ័យជម្នះ​១៩​លើក និង​ស្មើ​៥​លើក​។

​បើតាម​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នឹង​ប្រារព្ធ​ពិធី​លើក​ពាន​ក្រោយ​ជំនួប​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ សម្រាប់​ជំនួប​ចុងក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​តទល់​ជាមួយ​ណាហ្គា​វើ​ល ដែល​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅ​ជើង​ទី​១​។

​នា​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​វិសាខា​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៥-១ ដើម្បី​ឡើងឈរ​លំដាប់​លេខ​២​បណ្តោះអាសន្ន​ដោយមាន​៥៤​ពិន្ទុ​។ ជ័យជម្នះ​នេះ ក៏​ជួយ​ឲ្យ​ពួកគេ​អាច​សងសឹក​អាស៊ី​អឺរ៉ុប ដែល​បាន​យកឈ្នះ​ខ្លួន ៣-១ នៅ​ជើង​ទី​១​បានសម្រេច​ផងដែរ​។

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​ក្រុម​ម្ចាស់ផ្ទះ​បឹងកេត​បាន​វាយបក​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្នុង​លទ្ធផល ៣-២ ដើម្បី​ឡើងមក​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​៤៦​ពិន្ទុ​។ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​កំពង់ចាម​ក្នុង​លទ្ធផល ៤-១៕

Tag:
 Cambodian League 2019
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com