ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភ្នាក់ងារ​ចារកម្ម​តួ​ក​គី បាន​ចាប់ខ្លួន​អតីត​នាយក​សាលា​ហ្សា​ម៉ាន់​នៅ​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ភេរវកម្ម​
21, Oct 2019 , 1:10 pm        
រូបភាព
រូបពីប្រភពវេបសាយក្នុងប្រទេសតួកគី ulusal.com.tr
រូបពីប្រភពវេបសាយក្នុងប្រទេសតួកគី ulusal.com.tr
ភ្នំពេញ​៖ ភ្នាក់ងារ​ចារកម្ម​តួ​ក​គី បាន​ចាប់ខ្លួន​លោក អូស្មាន់ កា​រា​ខា (Osman Karaca) អតីត​នាយក​សាលា​ហ្សា​ម៉ាន់​(​បច្ចុប្បន្ន​សាលា​ផា​រ៉ា​ហ្គ​ន​)​នៅ​កម្ពុជា ដើម្បី​យកទៅអនុវត្ត​ទោស​នៅ​តួ​ក​គី​។ លោក Osman Karaca ត្រូវបាន​រដ្ឋាភិបាល​តួ​ក​គី ចោទប្រកាន់ថា ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នៅ​តួ​ក​គី កាលពី​ឆ្នាំ​២០១៦ ដែល​បង្កឡើង​ដោយ​ក្រុម​ចលនា​ភេរវកម្ម ដែល​ដឹកនាំ​លោក Fethullah Gulen​។​

 
​លោក ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​កម្ពុជា និង​តួ​ក​គី បាន​សហការ​ចាប់ខ្លួន​លោក Osman Karaca បញ្ជូនទៅ​តួ​កគី កាលពី​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៩ តាម​សំណើ​របស់​រដ្ឋាភិបាល​តួ​ក​គី​កន្លងមក​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​មនុស្ស​(​លោក Osman Karaca) ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ គឺ​តួ​ក​គី​ស្នើសុំ​យើង​យូរហើយ ហើយ​ក៏មាន​ឯកសារ​គ្រប់គ្រាន់ យើង​ក៏​សហការ​ចាប់​បញ្ជូនទៅ​តួ​ក​គី​តែ​ប​ណ្ណឹ​ង​ទេ​»​។​
 
​ទូរទស្សន៍​កាតា Aljazeera បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២០ តុលា​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី​បាន​ចាប់ខ្លួន​លោក Osman Karaca សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​ដើមកំណើត​តួ​ក​គី​ពី​ប្រទេស​កម្ពុជា ហើយ​នាំទៅ​ឃុំខ្លួន​នៅ​ប្រទេស​តួ​ក​គី ក្រោម​បទ​ចោទ «​បង្កើត និង​រៀបចំ​ផែនការ​រដ្ឋប្រហារ​» ជាមួយ​បណ្ដាញភេរវកម្ម​មួយ ដឹកនាំ​ដោយ​លោក Fethullha Gulen ដែល​កំពុង​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក​។​
 
​ក្រុម​ភេរវកម្ម​ហ្វេ​ក​តូ ដែល​រដ្ឋាភិបាល​តួ​គី តាម​កម្ចាត់​នេះ ដោយសារក្រុមបានធ្វើ​រដ្ឋប្រហារ​នៅ​ក្នុងប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៦ ដែល​បង្ក​ឲ្យ​មាន​អ្នកស្លាប់​២៥១​នាក់ និង​អ្នករបួស​ជិត​២,២០០​នាក់​។ ក្រោយ​បង្ក​ភេរវកម្ម​ហើយ រដ្ឋាភិបាល​តួ​ក​គី និង​កម្ពុជា បានព្រមព្រៀងគ្នា សហការ​ទប់ស្កាត់​ក្រុម​នេះ ​ក្រោយ​ដឹងថា មាន​បណ្ដាញ​ចលនា​ភេរ​វករ ដែល​ចង់មក​សម្ងំ​លាក់ខ្លួន​នៅ​កម្ពុជា​។ 
 
​លោក Osman Karaca គឺ​បាន​បម្រើ​ការងារ​នៅ​សាលា​ហ្សា​ម៉ាន់​អន្តរជាតិ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០០២ ដល់​២០១១ រហូត​ក្លាយជា​នាយក​គ្រប់គ្រងសាលា​នេះ​។ បច្ចុប្បន្ន​សាលា​ហ្សា​ម៉ាន់​អន្តរជាតិ បាន​លក់ ហើយ​ប្ដូរ​ឈ្មោះ​ទៅជា​សាលា​ផា​រ៉ា​ហ្គ​ន​អន្តរជាតិ​វិញ បន្ទាប់ពី​មាន​សម្ពាធ និង​រង​ការចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ក្រុម​ភេរវកម្ម​របស់​បុព្វ​ជិត Fethullha Gulen ពី​សំណាក់​រដ្ឋាភិបាល​តួ​ក​គី​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់ទូរ​ទស្សន៍ Aljazeera ដែល​បាន​ស្រង់​សម្តី​ភរិយា​របស់លោក Osman Karaca គឺ​អ្នកស្រី Grace បាន​បញ្ជាក់ថា ប្តី​របស់ខ្លួន​ត្រូវបាន​បញ្ជូន​ដល់​ប្រទេស​តួ​ក​គី​ហើយ​។ អ្នកស្រី Grace បាន​និយាយថា ទោះបីជា​នាង​និង​ស្វាមី​លោក Karaca ធ្លាប់បាន​ជួយ​ដល់​លោក Gulen ក៏ដោយ ប៉ុន្តែ​នាង​និង​ប្តី មិនបាន​ប្រព្រឹត្តបទល្មើស​អ្វី​នោះទេ​។ «​អ្វីដែល​យើង​ធ្វើ​កន្លងមក គឺ​ការងារ​ជួយ​សិស្ស ដែល​មិនមាន​ប្រាក់​ដើម្បី​សិក្សា​ប៉ុណ្ណោះ​»​។ នេះ​ជាស​ម្តី​របស់​ភរិយា​លោក Karaca ដែលបាន​ថ្លែងប្រាប់ Aljazeera​ ថា នាង​មានការ​ភ័យខ្លាច​ចំពោះ​ការចាប់​បញ្ជូន​ស្វាមី​ខ្លួន ទៅកាន់​ប្រទេស​តួ​ក​គី ក្រោម​ការចោទប្រកាន់​គាំទ្រ​សកម្មភាព​ភេរវកម្ម​របស់លោក Gulen នេះ​។​
 
​អង្គការ​លើកលែងទោស​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​១៨ តុលា ដោយបាន​ហៅ​ករណី​ចាប់ខ្លួន​លោក Osman Karaca ដែលជា​អតីត​នាយក​គ្រប់គ្រង​សាលា​ហ្សា​ម៉ាន់​អន្តរជាតិ​នៅ​កម្ពុជា​នេះ ​ថា ជាការ​បាត់​ខ្លួន​ដោយ​បង្ខំ​។ ទូរទស្សន៍ Aljazeera បាន​ស្រង់​សម្តី លោក Nicholas Bequelin នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក យ៉ាង​ដូច្នេះ​ថា​៖« ប្រទេស​កម្ពុជា​មានកំណត់​ត្រា​គួរឱ្យ​អាម៉ាស់​នៃ​ការឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ផ្សេងទៀត ដើម្បី​ប្រគល់​មកវិញ​នូវ​បុគ្គល​ដែល​ចង់បាន​ដោយ​មិនមាន​នីតិវិធី​ត្រឹមត្រូវ​»​។​
 
​លោក Nicholas Bequelin បាន​សង្កត់ធ្ងន់ថា​៖«​ប្រសិនបើ​គាត់​ត្រូវបាន​គេ​បង្ខំ​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​តួ​ក​គី​វិញ​ គាត់​ប្រឈម​នឹង​ហានិភ័យ​ពិតប្រាកដ​នៃ​ការ​ធ្វើបាប​ និង​ការរំលោភ​សិទ្ធិមនុស្ស​ថែមទៀត​។ ប្រទេស​កម្ពុ​ជាមាន​កាត​ព្វ​កិច្ចការពារ​គាត់​ពី​ការ​ធ្វើទុក្ខបុកម្នេញ មិនមែន​ការឃុបឃិត​ធ្វើបាប​ឡើយ​»​។​
 
​ត្រង់ចំណុច​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់ថា ការចាប់ខ្លួន​លោក Osman Karaca នេះ គឺជា​ការអនុវត្ត​ច្បាប់​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​រដ្ឋ​និង​រដ្ឋ​។ នៅពេល​សួរថា តើ​កម្ពុជា និង​តួ​ក​គី មាន​កិច្ចព្រមព្រៀង​បត្យាប័ន បញ្ជូន​ជនសង្ស័យ ឬ​អ្នកទោស​ដែរ​ទេ​? លោក ឆាយ គឹម​ឃឿន បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ទាំងពីរ មិនទាន់មាន​កិច្ចព្រមព្រៀង​នេះ​ទេ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា អាចអនុវត្ត​វិធានការ​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់ តាម​សំណើ​របស់​រដ្ឋាភិបាល​ប្រទេស​នោះបាន ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​អាំងទែ​ប៉ូល ។ «​កិច្ចសហប្រតិបត្តិការ​របស់​កម្លាំង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន ឥឡូវនេះ​គេ​មាន​ប្រព័ន្ធ​ច្រើនណាស់​។ ពេល​ចាប់​គេ​ស្នើ​យើង​តាម​និ​វាទ​ក្រហម​អាំងទែ​ប៉ូល ដូច្នេះ​យើង​អនុវត្តបាន​ចំណុច​ហ្នឹង​។ ហើយ​យើង​គ្រាន់តែ​ចាប់​ប​ញ្ចូ​ន​ចេញ​ទេ គេ​យក​ទៅណា​ទៅៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ គឹម​ឃឿន​។​
 
​កាលពី​ថ្ងៃទី​៣០ កក្កដា ឆ្នាំ​២០១៩ កម្ពុជា និង​តួ​ក​គី បាន​ប្ដេជ្ញា​ប្រឆាំង​ភេរវកម្ម​រួមគ្នា ដើម្បី​រក្សា​សន្តិសុខ​ជាតិ​។ ការប្ដេជ្ញា​នេះ​ធ្វើឡើង​រវាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង និង​លោក Suleyman Soylu រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី នៅក្នុង​ពិធី​ចុះហត្ថលេខា​ពង្រឹង​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ នាទី​ក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី ។​
 
 
​ក្នុង​កិច្ចប្រជុំ​ទ្វេរ​ភាគី​គ្រានោះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​អំពី​ការងារ​ប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម រួមទាំង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទាំងពីរ​នេះ ឲ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ជាមួយគ្នានោះ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​តួក​គី ក៏បាន​សរសើរ​កម្ពុជា ក្នុង​ការសហការ​បង្ក្រាប​ចលនា​ភេរវកម្ម​ហ្វេ​ក​តូ ដែល​បាន​សម្ងំ​លាក់ខ្លួន​នៅ​កម្ពុជា​កន្លងមក​ផងដែរ​។​
 
«​អ្វីៗ​គឺ​ភាគី​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​អនុវត្ត​ហើយ នៅឡើយ​តែ​ការអនុវត្ត​ជាក់ស្ដែង​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​បន្ថែមថា កិច្ចព្រមព្រៀង​សន្តិសុខ​នេះ នឹង​ជួយ​លើកស្ទួយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​បន្ថែមទៀត​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា​-​តួ​ក​គី បាន​ពង្រឹង​ទំនាក់​ទំនងជា​បន្តបន្ទាប់ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​តួ​ក​គី​កាលពី​ខែតុលា ឆ្នាំ​២០១៨​កន្លងមក ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រួមទាំង​ការជួបគ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan នៅក្នុង​កិច្ចប្រជុំ នៃ​ប្រទេស​តា​ហ្សី​គី​ស្ថាន កាលពី​ខែមិថុនា ឆ្នាំ​២០១៩​នេះ​ជាដើម​៕

Tag:
 ឆាយ គឹម​ឃឿន​
  ភេរវកម្ម​
  ចារកម្ម​
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com