អន្តរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដេសព្រមផ្លាស់ប្តូរទៅលើកោះ ខណៈជំរំភៀសខ្លួនកាន់តែណែន
×
ដោយ៖ ងួន សុភាវត្តី
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ដែលកំពុងស្នាក់នៅជំរំភៀសខ្លួនក្នុងទឹកដីបង់ក្លាដែស បានយល់ព្រមផ្លាស់ប្តូរទៅរស់នៅលើកោះក្នុងឈូងសមុទ្រ Bengal បើទោះជាតំបន់នោះ ងាយរងគ្រោះដោយសារទឹកជំនន់ក្តី។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរបង់ក្លាដែសនៅថ្ងៃទី២០ខែតុលានេះ។ ស្ថានភាពណែនណាន់ក្នុងជំរំ និងលក្ខខណ្ឌរស់នៅមិនសូវល្អ ទំនងជាមូលហេតុនៃការផ្លាស់ប្ដូរនេះ។
គម្រោងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងទៅកាន់កោះនៃឈូងសមុទ្រ Bengal ត្រូវបានបង់ក្លាដែសគិតគូរទុកយូរមកហើយ ខណៈចំនួនជនភៀសខ្លួនកើនឡើងខ្លាំង។ រដ្ឋាភិបាលក្រុងដាក្កា ចង់ឲ្យជនភៀសខ្លួនជាងមួយសែននាក់ទៅរស់នៅលើកូនកោះតូចៗវិញ ដើម្បីសម្រាលភាពកកស្ទះនៅតាមព្រំប្រទល់ជាមួយមីយ៉ាន់ម៉ាបានខ្លះ ខណៈដែលពេលនេះ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងរស់នៅក្នុងជំរំជិតមួយលាននាក់ឯណោះ។
ជនមូស្លីមភាគតិចរ៉ូហ៊ីងយ៉ាជាង៧៤ម៉ឺននាក់បានបង្ខំចិត្តភៀសខ្លួនទៅបង់ក្លាដេស បន្ទាប់ពីមានការវាយប្រហារពីកងកម្លាំងយោធាមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំ២០១៧កន្លងទៅ។ គម្រោងធ្វើមាតុភូមនិវត្តន៍ ក៏រងបរាជ័យជាបន្តបន្ទាប់ ក្រោយអាជ្ញាធរមីយ៉ាន់ម៉ា មិនអនុវត្តតាមការទាមទាររបស់ក្រុមភៀសខ្លួនមួយនេះ។
ប្រធានគណៈកម្មាធិការរៀបចំជនភៀសខ្លួនបង់ក្លាដែស លោកMahbub Alam និយាយថា អាជ្ញាធរនឹងរៀបចំផ្លាស់ប្តូរទីកន្លែងស្នាក់នៅទៅលើកោះ Bhashan Char នៅប៉ុន្មានថ្ងៃទៀតនេះ។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជា៦ពាន់ទៅ៧ពាន់នាក់បានយល់ព្រមរើទៅនៅលើកោះនោះ ហើយចំនួននេះនឹងអាចកើនឡើងបន្ថែមទៀត។
បង់ក្លាដេសបានរៀបចំផែនការនេះចាប់តាំងពីឆ្នាំមុនមកម្លេះ ក្នុងការផ្លាស់អោយប្រជាជនរ៉ូហ៊ីងយ៉ាទៅនៅលើកោះនេះ។ យ៉ាងណាមិញ ក្រុមសិទ្ធិមនុស្សធ្លាប់ព្រមានហើយថា កោះនេះទើបតែផុសឡើងពីសមុទ្រជិតពីរទសវត្សរ៍នេះប៉ុណ្ណោះ ហើយវាប្រហែលជាមិនអាចទ្រាំទ្រនឹងព្យុះបានទេ។ ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន ព្យុះកំបុតត្បូងបានវាយប្រហារនៅតំបន់កោះនោះ នឹងបានសម្លាប់មនុស្សជាច្រើនពាន់នាក់។
ទោះជាយ៉ាងណា លោក Alam បញ្ជាក់ថា មេដឹកនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានឹងទៅកោះ Bhashan Char ដើម្បីពិនិត្យលើទីតាំងដោយផ្ទាល់។ លោកបានបន្ថែមថា ផ្នែករៀបចំសុវត្ថិភាពនៅទីនោះ នឹងរៀបចំធ្វើទំនប់នៅតាមបរិវេណកោះដើម្បីការពារពីព្យុះ រួមជាមួយឃ្លាំងផ្ទុកអាហារដែលអាចហូបបានរយៈពេលមួយខែទៀតផង។
ការរៀបចំរបស់បង់ក្លាដេសនេះនៅមិនទាន់ឃើញមានការប្រតិកម្មអ្វីមួយពីអង្គសហប្រជាជាតិនៅឡើយទេ បើទោះបីជាបង់ក្លាដេសបាននិយាយថា នឹងរង់ចាំគណៈប្រតិភូតអង្គការសហប្រជាជាតិចុះទៅមើលតំបន់នេះនៅប៉ុន្មានសប្តាហ៍ទៀតក្តី៕
© រក្សាសិទ្ធិដោយ thmeythmey.com