ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ប្រកាស​បន្ត​គាំទ្រ​ការកសាង​កងទ័ព​កម្ពុ​ជា​
21, Oct 2019 , 3:51 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិកម្ពុជា និង រដ្ឋមន្រ្តីការពារជាតិចិន នាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ នៅថ្ងៃទី២0 ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងប៉េកាំង (រូបពីក្រសួងការពារជាតិកម្ពុជា)
រដ្ឋមន្រ្តីការពារជាតិកម្ពុជា និង រដ្ឋមន្រ្តីការពារជាតិចិន នាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ នៅថ្ងៃទី២0 ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងប៉េកាំង (រូបពីក្រសួងការពារជាតិកម្ពុជា)
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​ក​ម្ពុ​ជា ចុះផ្សាយ​ថា ចិន នៅតែ​បន្ត​ផ្តល់ជំនួយ​និង​គាំទ្រ ដល់​ការកសាង​កងទ័ព​និង​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ​កម្ពុជា​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ រដ្ឋមន្ត្រី​ការពារ​ជាតិចិន អះអាង​ដូច្នេះ ក្នុងជំនួប​ជាមួយ​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​។



​ក្នុងជំនួប​នោះ ភាគី​កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​សរសេរ​ពីស​ម្តី​របស់លោក វ៉េ ហ្វ៊ុ​ង​ហឺ យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជិតស្និទ្ធ និង​ទទួលបាន​សមិទ្ធផល​ធំធេង​ជាច្រើន ហើយ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ បានក្លាយ​ទៅជា​យន្តការ​មួយ ដែល​បាន​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​»​។​

​សម្តេច ទៀ បាញ់ ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន បាន​ឆ្លើយតប​ថា មិត្តភាព​រវាង​ប្រជាជន​និង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ត្រូវបាន​ពង្រឹង​ថែមទៀត ក្រោម​ការដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សម្តេច​រដ្ឋមន្ត្រី អរគុណ​ចិន ដែល​បាន​ជួយ​ជ្រោមជ្រែង​និង​ជួយឧបត្ថម្ភ​ក្នុងការ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព​ក​ម្ពុ​ជា​-​ចិន និង​ការបង្កើន​កម្រិត​នៃ​ការហ្វឹកហ្វឺន ការបណ្តុះបណ្តាល​ធនធាន​មនុស្ស រួមទាំង​កិច្ចសហប្រតិបត្តិការ​កម្រិត​តំបន់ និង​អន្តរជាតិ​ផងដែរ ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​កាន់តែ​រឹងមាំ​៕

Tag:
 ទៀ បាញ់​
  វិស័យ​យោធា​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com