អន្តរជាតិ
ជប៉ុន៖ ផ្ទុះការខ្វែងគំនិតគ្នាដ៏កម្រជុំវិញបញ្ហាថវិកាសម្រាប់ពិធីគ្រងរាជ្យសម្បត្តិ
×
ដោយ៖ ឈូន ឈីវអ៊ីង
នៅពេលនិយាយដល់គ្រួសាររាជវង្សរបស់ជប៉ុន ការប្រឆាំងនឹងរាជានិយមស្ទើតែមិនដែលកើតឡើងនោះទេ។ ប៉ុន្តែ នៅក្នុងឆ្នាំនេះ បញ្ហាថវិការបស់រដ្ឋាភិបាលសម្រាប់ពិធិរាជាភិសេកអធិរាជ ណារូហ៊ីតុ បានធ្វើឲ្យផ្ទុះឡើងការខ្វែងគំនិតគ្នាដ៏កម្រមួយឡើង។
នៅថ្ងៃទី២២ តុលា អធិរាជណារ៉ូហ៊ីតុ នឹងប្រកាសឡើងសោយរាជ្យជាផ្លូវក្រោយពីការដាក់រាជ្យរបស់បិតាទ្រង់កាលពីដើមឆ្នាំនេះ។ នៅខែវិច្ឆិកាខាងមុខទ្រង់ក៏បានគ្រោងនឹងប្រារព្ធពិធីថ្លែងអំណរគុណ Daijosai ។ រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បានបញ្ចេញថវិកា៦៤លានដុល្លារសម្រាប់រៀបចំពិធីដ៏អធិកអធមនេះ ពិសេសពិធីខែតុលា ដែលនឹងមានភ្ញៀវធំៗមកពីជុំវិញពិភពលោកចូលរួម។
រឿងលុយកាក់នេះ ក៏នាំឲ្យមានពាក្យរិះគន់ទៅលើរាជានិយមជប៉ុន។ ក្រុមអ្នករិះគន់អះអាងថា ពិធីខែតុលា និងខែវិច្ឆិកា ជាពិធីផ្នែកសាសនាសុទ្ធសាធ ហើយការយកលុយជាតិទៅចំណាយលើពិធីនេះ ជារឿងខុសរដ្ឋធម្មនុញ្ញ ដែលបែងចែកដាច់គ្នារវាងរដ្ឋ និងសាសនា។ មេដឹកនាំសាសនាគ្រិស្តប្រូតេស្តង់ម្នាក់និយយថា ពិធីខែវិច្ឆិកា គ្មានអ្វីលើសពីពិធីសាសនាស៊ិនតូឡើយ។
ក្នុងទំនាក់ទំនងរវាងរដ្ឋ និងសាសនានេះ រដ្ឋធម្មនុញ្ញចែងថា៖ «រដ្ឋ គួរនៅឆ្ងាយពីការអប់រំផ្នែកសាសនា ឬសកម្មភាពសាសនាឯទៀត។» ចំណុចនេះហើយដែលក្រុមអ្នកប្រឆាំងនាំគ្នាមិនពេញចិត្តការយកលុយរដ្ឋទៅចំណាយលើពិធីគ្រងរាជ្យសម្បត្តិរបស់អធិរាជ ណារូហ៊ីតុ នោះ។ មិនមែនតែសហគមន៍គ្រិស្តឡើយ សូម្បីតែក្រុមសាសនាព្រះពុទ្ធ និងសាស្រា្តចារ្យសាកលវិទ្យាល័យនានាប្រមាណបីពាន់ ក៏ដាក់ពាក្យតផងវ៉ាដែរ។
ដើមបណ្ដឹងឈ្មោះ Koichi Shin ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការចេញលុយកាក់របស់រដ្ឋាភិបាល ជាការលើកកម្ពស់សាសនារដ្ឋ។ មិនមែនពិធីរាជាភិសេកនេះឡើយ លោក Shin ថែមទាំងជឿថា វាក៏ជាបញ្ហាផងដែរ នៅពេលសកម្មភាពទាំងអស់រាជវង្សជប៉ុន ពឹងផ្អែកលើលុយសាធារណៈនោះ ពិសេសពិធីទាំងពីរដែលគ្រោងនឹងធ្វើនេះ ដែលមានទំហំ និងការចំណាយក៏ច្រើនទៅទៀត ដូចនេះវាបង្កផលប៉ះពាល់ខ្លាំងដល់សង្គម។
ទាក់ទងបញ្ហានេះ រដ្ឋាភិបាលជប៉ុនបកស្រាយថា កម្មវិធីសាសនានេះ ជាព្រឹត្តិការណ៍សាធារណៈដែលអាចប្រើប្រាស់លុយសាធារណៈដើម្បីរៀបចំបាន។ អ្វីគួរឲ្យចាប់អារម្មណ៍ ថ្លៃចំណាយខាងលើនេះ ជាផ្នែកមួយនៃការចំណាយដ៏ធំសម្រាប់ពិធីពាក់ព័ន្ធទាំងអស់ដែលត្រូវចំណាយដល់ទៅ១៤៧,២លានដុល្លារឯណោះ។
បណ្តឹងជាច្រើនប្រឆាំងនឹងការចំណាយ កំពុងស្ថិតដំណើរការតាមផ្លូវច្បាប់ ប៉ុន្តែគ្មានសង្ឃឹមច្រើនទេ ព្រោះអ្នកគាំទ្រការប្ដឹងមានតិចតួច បើប្រៀបធៀបនឹងប្រជាប្រិយភាពរបស់រាជវង្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com