ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ ពោតមានលក្ខណៈពិសេសផ្សេងៗគ្នា ហើយអាចកែច្នៃជាផលិតផលច្រើនបែបទៅតាមតម្រូវការ។ ពោតជារុក្ខជាតិគ្មានឫសកែវ គឺមានតែឫសយោងដែលមានលក្ខណៈជាសរសៃឆ្មារៗ ហើយឫសវា អាចលូតលាស់ អាស្រ័យដោយលក្ខខណ្ឌក្សេត្របរិស្ថាននិងអាកាសធាតុ។ បច្ចុប្បន្ន គេបានចាត់ថ្នាក់ពោតជាគ្រាប់ធញ្ញជាតិទី២ ដែលមានសារៈសំខាន់បំផុតបន្ទាប់ពីដំណាំស្រូវ។
ដំណាំពោតត្រូវបានគេស្គាល់ចាប់តាំងពីសតវត្សរ៍ទី១៧ ហើយនៅប្រទេសកម្ពុជា កសិករដាំពោត ដើម្បីច្នៃធ្វើចំណីសត្វ និងបរិភោគជាអាហារបន្ថែមលើអាហារមូលដ្ឋាន ដូចជា ដុត ស្ងោរ អាំង លីញ ឆា អន្លក់សម្រាប់ស្នៀត និងធ្វើជាម្សៅពោត នំពោតជាដើម។ មិនតែប៉ុណ្ណោះ ផលិតផលពោតត្រូវបានផលិតជាអាហារកំប៉ុងសម្រាប់ទុកបរិភោគក្នុងរយៈពេលវែង និងនាំចេញទៅក្រៅប្រទេសផងដែរ។
នៅឆ្នាំ១៩១០ ដោយមានការប្រមូលទិញពីប្រទេសបារាំង សម្រាប់ធ្វើជាចំណីសត្វ ធ្វើឲ្យផ្ទៃដីដាំដុះដំណាំពោត ត្រូវបានពង្រីកជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ននេះ គេបានចាត់ថ្នាក់ពោតជាគ្រាប់ធញ្ញជាតិទី២ ដែលមានសារៈសំខាន់បំផុតបន្ទាប់ពីដំណាំស្រូវ។
លើសពីនេះទៅទៀត ពោតត្រូវគេយកទៅធ្វើជាវត្ថុធាតុដើមសម្រាប់រោងចក្រ ដូចជាដើម ឬស្នូល អាចធ្វើជាក្រដាស ខ្សែ ឬដុត។ ចំពោះគ្រាប់ពោតគេអាចយកទៅកិនធ្វើជាចំណីសត្វ និងកិនជាម្សៅធ្វើកែវស្អិត គ្រឿងតម្បាញសាប៊ូ ចម្រាញ់យកជាតិប្រូតេអ៊ីន និងអាមីដុងសម្រាប់ធ្វើឱសថ កែច្នៃធ្វើជានំបុ័ង ប្រេងឆា ទឹកសេរ៉ូ សារធាតុអតាណុលជាដើម។ល។
បន្ថែមទៀតនោះ តម្រូវការបរិស្ថានរបស់ដំណាំពោតផ្អែមអាចដុះលូតលាស់នៅលើដីមាន pH ពី ៥.៥ ទៅ ៨ តែ pH ដែលសមស្របសម្រាប់ដំណាំពោតផ្អែមគឺចន្លោះពី ៦ទៅ ៧ ហើយសំណើមដែលសមស្របសម្រាប់ឲ្យគ្រាប់ពោតដុះពន្លកបានល្អកម្រិតសំណើមអាចពី២៥-៦០ ភាគរយ។ ក្នុងនោះដែរ សីតុណ្ហភាពសមស្រប សម្រាប់ការដុះលូតលាស់ របស់ដំណាំពោតផ្អែមគិតជាមធ្យមគឺ ២២អង្សាសេ។
ពោតជាដំណាំមួយប្រភេទដែលត្រូវការពន្លឺជាចាំបាច់ ជាពិសេស ដំណាក់កាលលូតលាស់មុនពេលចេញផ្កា។ ដើម្បីឲ្យដំណាំពោតដុះលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់ គឺនៅពេលចេញផ្កាត្រូវមានរយៈពេលថ្ងៃវែង ១២-១៤ ម៉ោងក្នុងមួយថ្ងៃ រយៈពេលនេះអាចធានាបាននូវគុណភាពក្នុងការបង្កើតផ្កា ផ្លែ។
ក្នុងនោះខ្យល់មានទំនាក់ទំនងជិតស្និត ជាមួយការដុះលូតលាស់របស់ដំណាំពោត។ បើខ្យល់បក់ខ្លាំងបណ្ដាលឲ្យហួតទឹកពីក្នុងដី និងពីក្នុងដើម ហើយអាចបណ្ដាលឲ្យដើមពោតដួល។ ពេលខ្យល់បក់ក្នុងល្បឿនមធ្យមបង្កលក្ខណៈងាយស្រួលដល់ដំណើរការបង្កាត់លំអងផ្កាឈ្មោល និងផ្កាញី។ បើខ្យល់មានចំហាយក្ដៅ និងស្ងួតអាចបណ្ដាលឲ្យខូចដំណើរការបង្កាត់រវាងផ្កាឈ្មោល និងផ្កាញី។
ទន្ទឹមនឹងនេះ ទឹកក៏មានទំនាក់ទំនងជិតស្និត ជាមួយសារធាតុចិញ្ចឹម ទៅលើដំណាំពោតនិងនៅក្នុងដី។ សំណើមដែលសមស្របសម្រាប់ដំណាំពោតគឺ៦០-៧០ ភាគរយនៅក្នងដី។ តាមការពិសោធន៍បានឲ្យដឹងថា ដើម្បីទទួលបានទិន្នផល ៥តោនក្នុង១ ហិចតា ដំណាំពោតត្រូវការទឹកប្រមាណជា ៣០០០ម៉ែត្រ។
ដើម្បីឲ្យដំណាំពោតផ្អែមទទួលបានផលល្អ នៅរដូវវស្សាកសិករគួរដាំ ចាប់ពីចុងខែមេសា ដល់ពាក់កណ្ដាលខែឧសភានិងប្រមូលផលនៅដើម ខែសីហា ចំពោះដីនៅតាមតំបន់ដងទន្លេ ហើយចាប់ពីខែឧសភា ដល់ខែកក្កដា និងប្រមូលផលនៅដើមខែសីហា ដល់ដើមខែតុលា ចំពោះតំបន់ដីក្រហម។ កសិករដែលដាំនូវប្រាំងគឺ ត្រូវចាប់ដាំពីរដូវទឹកសម្រក គឺចាប់ពីខែមករា ហើយការប្រមូលផលអាចធ្វើបាននៅដើមខែកុម្ភៈ និងដើមខែមេសា៕
(សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅស្ដីពី ដំណាំពោតផ្អែម ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បោះពុម្ពផ្សាយដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឆ្នាំ២០១៧)