កីឡាអន្តរជាតិ
អន្តរជាតិ
Rooney បង្ហាញខ្លួនឲ្យ DC United ចុងក្រោយក្នុងលទ្ធផលបរាជ័យធ្ងន់ធ្ងរ តែគ្រូនៅតែសរសើរ
× មួយប្រកួតចុងក្រោយរបស់ Wayne Rooney នៅលីគកំពូលអាមេរិក (Major League Soccer) បានត្រឹមបរាជ័យក្រោយក្រុមរបស់ខ្លួន DC United ចាញ់ Toronto FC ៥-១។ យ៉ាងណា អតីតខ្សែប្រយុទ្ធឆ្នើម Manchester United រូបនេះ នៅតែទទួលបានការសរសើរពីសំណាក់អ្នកចាត់ការ ថាបានជួយក្រុមលើសលុបចាប់តាំងពីចូលរួមជាមួយក្រុមរយៈពេលជិត២ឆ្នាំមកនេះ។
Rooney ដែលសព្វថ្ងៃមានវ័យ ៣៣ឆ្នាំ នឹងត្រូវត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញដោយត្រូវចូលរួមជាមួយ Derby County ក្រុមក្នុងក្របខណ្ឌ Championship នាខែមករាខាងមុខ ក្នុងតួនាទីជាគ្រូបង្វឹកផង និងកីឡាករផង។
លទ្ធផល ៥-១ ដែល DC United បរាជ័យក្រោមថ្វីជើងToronto FC នៅវគ្គ play-off ជាការប្រកួតបញ្ចប់អាជីពរបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសនៅលើទឹកដីអាមេរិកផងដែរ។ ប៉ុន្តែបរាជ័យដ៏ធ្ងន់ធ្ងrនេះ មិនបានធ្វើឲ្យអ្នកចាត់ការក្រុម DC United លោក Ben Olson ខកចិត្តឡើយ ផ្ទុយទៅវិញលោកថែមទៀត លើកសរសើរពីសមិទ្ធផលរបស់ Rooney ដែលបានជួយក្រុមកន្លងមក។
Wayne Rooney ជាមួយអ្នកចាត់ការទូទៅ DC United លោក Ben Olson
«Rooney បានជួយយើងច្រើនណាស់។ នេះជាការអះអាងរបស់អ្នកចាត់ការសញ្ជាតិអាមេរិក Ben Olson ស្របពេលដែលអតីតសមាជិកក្រុមបិសាចក្រហម និង Everton រូបនេះ វិលត្រឡប់ទៅអង់គ្លេសវិញក្រោយរួមរស់ជាមួយក្រុមមានមូលដ្ឋានក្នុងក្រុង Washington រយៈពេល ១៨ ខែ។
Rooney ដែលផ្លាស់ពី Everton កាលពីឆ្នាំ២០១៨ បានបង្ហាញខ្លួនឲ្យ DC United ចំនួន៤៨ប្រកួត ក្នុងនោះស៊ុតបញ្ចូលទីសរុប ២៣គ្រាប់។
សម្រាប់ Toronto FC ដែលទម្លាក់ DC United នៅវគ្គនេះ នឹងត្រូវទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុម New York City FC នៅថ្ងៃទី២៣ ខែតុលា ដើម្បីមានឱកាសទៅប្រកួតដណ្តើមពាន MLS ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Tag:
Wayne Rooney
DC United
© រក្សាសិទ្ធិដោយ thmeythmey.com