ជាតិ
ក្រុម​មុនី​វឌ្ឍន៍ ជាប់​លេខ​១ លើ​ការជជែក​ដេញដោល​វគ្គ​ផ្ដាច់ព្រ័ត្រ​ស្ដីពី «​ចំណូល​ថវិកាជាតិ​» ឆ្នាំ​២០១៩
21, Oct 2019 , 9:19 pm        
រូបភាព
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ អង្គការ​តម្លាភាព​កម្ពុ​ជា បានរៀបចំ​ការប្រកួត​ប្រជែង​ជជែក​ដេញដោល​វគ្គ​ផ្ដាច់ព្រ័ត្រ​ស្ដីពី ចំណូល​ថវិកាជាតិ របស់​ក្រុមយុវជន​ដែលជា​និស្សិត​មកពី​មហាវិទ្យាល័យ​ខុសៗ​គ្នា​នៅ​រា​ធានី​ភ្នំពេញ លើ​ប្រធានបទ «​រាជរដ្ឋាភិបាល​កម្ពុជា​គួរ​បង្កើន​ការយកពន្ធ​ផ្ទាល់​បន្ថែមទៀត​»  កាលពី​ថ្ងៃទី​១៨ តុលា​។ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះដែរ មាន​យុវជន​ចំនួន​៤​ក្រុម ហើយ​ក្នុង​មួយក្រុម​មាន​សមាជិក​៤​រូប ដែល​ធ្វើការ​ប្រកួត​ដេញដោល​។



​អង្គការ​តម្លាភាព​កម្ពុ​ជា រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ពង្រឹង​ការចូលរួម​របស់​យុវជន​ក្នុង​កិច្ចពិភាក្សា​ទៅលើ​គោលនយោបាយ​ស្ដីពី​សារពើពន្ធ និង​បង្កើត​ឲ្យ​មាន​សំឡេង​យុវជន​ដែល​បង្ហាញ​ពី​ទស្សនៈ និង​គំនិត​យោបល់​ផ្សេងៗ​គ្នា លើ​បញ្ហា​និង​ការអភិវឌ្ឍ​ប្រទេស​។ ជាពិសេស​លើកកម្ពស់​ការយល់ដឹង​ពាក់ព័ន្ធ​នឹង​ចំណូល​ថវិកាជាតិ និង​វែកញែក​រក​ដំណោះស្រាយ​បញ្ហា​ដោយ​ក្រុមយុវជន​។​



​កញ្ញា ថេ​ង លី​ហួង ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ មកពី​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ​កម្ពុជា ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​មុនី​វឌ្ឍន៍ ដែល​ទទួលបាន​ជ័យលាភី​លេខ​១ បាន​លើកឡើងថា​ប្រធានបទ​«​ចំណូល​ថវិកាជាតិ​»​នេះ​គឺ​ល្អ និង​ពិត​ជាមាន​សារៈសំខាន់ ព្រោះ​ពេលដែល​មានការ​គ្រប់គ្រង​ថវិកាជាតិ ការចំណាយ និង​ចំណូល​បាន​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ការបង់ពន្ធ​បានច្បាស់លាស់​នោះ គឺអាច​ជំរុញ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​។​

​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« តាំងពី​ចូល​ប្រកួត​មក​មាន​បញ្ហា​ខ្លះៗ គឺ​សមាជិក​ក្រុម​ត្រូវ​ស្វែងរក​ឯកសារ​ដែល​ទាក់ទង​និង​ប្រធានបទ​ហើយ​ស្រប​នឹង​គំនិត និង​មាន​ពេលវេលា​តិច​ដែល​បាន​ជុំគ្នា ។​ប៉ុន្តែ​ក្នុង​ក្រុម​របស់ខ្ញុំ​មិនមាន​ជា​បញ្ហា​អ្វី​ទេ ដោយសារ​សមាជិក​យល់​ពីគ្នា​បាន​ច្រើន ហើយ​វា​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុម​ទទួលបាន​ជ័យលាភី​លេខ​១​ផងដែរ​។ 



​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម​ដែល​ទទួលបាន​ជ័យលាភី​លេខ​១​នោះ គឺ​ក្រុម​មុនី​វឌ្ឍន៍ ហើយ​ជ័យលាភី​លេខ​២​គឺ​ក្រុម Magnified និង​ក្រុម The Influential ទទួលបាន​ជ័យលាភី​លេខ​៣ ហើយ​ក្រុម Girl-Units ទទួលបាន​ជ័យលាភី​លេខ​៤ (​ពានរង្វាន់​កិត្តិយស​)​។ បន្ថែម​ពីលើ​រង្វាន់​ដែល​ទទួលបាន ក្រុមយុវជន​ដែល​ទទួលបាន​ជ័យជំនះ ក៏​នឹង​មានឱកាស​ចែករំលែក​ចំណេះដឹង នឹង​បទពិសោធន៍​ទៅកាន់​យុវជន ក៏ដូចជា​និស្សិត​ផ្សេងៗ​ទៀត​នៅតាម​បណ្ដា​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​អង្គការ​តម្លាភាព​ក​ម្ពុ​ជា​បានរៀបចំ​កម្ម​ពិធី​ប្រកួត​ជជែក​ដេញដោល​រវាង​យុវជន​ស្ដីពី​បញ្ហា​សារពើពន្ធ​៕






© រក្សាសិទ្ធិដោយ thmeythmey.com