ជាតិ
បុណ្យអុំទូក
ទណ្ឌិត​៥១២​នាក់ ស្ថិតក្នុង​បញ្ជី​សុំលើកលែងនិង​បន្ថយទោស នៅ​ថ្ងៃ​បុណ្យអុំទូក​
22, Oct 2019 , 5:22 pm        
រូបភាព
​ភ្នំពេញ​៖ ទណ្ឌិត​៥១២​នាក់ ស្ថិតនៅក្នុង​បញ្ជី​សុំ​បន្ធូរ​បន្ថយទោស នៅ​ថ្ងៃ​បុណ្យអុំទូក​ខាងមុខ​។ ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ រួមទាំង​ភាគី​ពាក់ព័ន្ធ កំពុង​ពិនិត្យ​លើ​ឯកសារ​ច្បាប់​អ្នកទោស​ទាំងនេះ​។​



​ថ្លែងពេលទៅចូលរួម​កិច្ចប្រជុំនៅក្រសួងយុត្តិធម៌ កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០១៩  លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា ទណ្ឌិត​ទាំង​៥១២​នាក់​នេះ (​ស្រី​៥៨​នាក់​) ត្រូវបាន​ពន្ធនាគារ​រាជធានី​-ខេត្ត​ចំនួន​២៣ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ដាក់សំណើទៅ​ក្រសួង ដើម្បី​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​។

​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ នឹង​ពិនិត្យ​សិក្សា​ផ្នែក​ច្បាប់ រួមផ្សំ​នឹង​ការអនុវត្ត​ទោស​របស់​ទណ្ឌិត​កន្លង​មក មុននឹង​ដាក់ជូន​នាយករដ្ឋមន្ត្រី ស្នើ​ទៅ​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​បន្ធូរបន្ថយ និង​លើកលែងទោស​។​

​បច្ចុប្បន្ន​កម្ពុ​ជាមាន​ចំនួន​អ្នកទោស​ឬ​ទណ្ឌិត​ជាង​៣​ម៉ឺន​៤​ពាន់​នាក់ ក្នុងនោះ​មាន​ស្រី្ត​មាន​ជាង​១​ពាន់​នាក់ ហើយ​មាន​ជនជាតិ​បរទេស​ជាង​១​ពាន់ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​។ ជនបរទេស​ជាង​១​ពាន់​នាក់ ដែល​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​ភាគច្រើន គឺ​ជន​ជាតិចិន​និង​វៀតណាម ក្នុងនោះ​មាន​ស្រី្ត​ជាង​៦០​នាក់​។ ជនបរទេស​ទាំងនោះ ភាគច្រើន​ប្រព្រឹត្ត​គ្រឿងញៀន និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ នេះ​បើតាម​លោក អ៊ុច ពង្ស អគ្គនាយករង​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំនោះដែរ។​

​សូមបញ្ជាក់ថា ទណ្ឌិត​នៅ​កម្ពុជា តែង​ទទួលបាន​ព្រះរាជទាន​លើកលែង​និង​បន្ធូរ​បន្ថយទោស ពី​ព្រះមហាក្សត្រ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា និង​ពិធី​បុណ្យអុំទូក​៕

Tag:
 ទណ្ឌិត​
  ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com