ជាតិ
រថយន្ត
​ឆៀករថយន្ត​ចល័ត​នៅ​ឧ​ត្ត​រ​មានជ័យ កោះកុង ត្បូងឃ្មុំ និង​ស្វាយរៀង​ដល់​ថ្ងៃទី​២៥ តុលា​
21, Oct 2019 , 7:19 pm        
រូបភាព
កម្ម​វិធីឆៀក​រថយន្តចល័ត​កន្លងមករបស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ រូបថត MPWT
កម្ម​វិធីឆៀក​រថយន្តចល័ត​កន្លងមករបស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ រូបថត MPWT
ដោយ:
​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៥ ខែតុលា នេះ ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន រៀបចំ​កាលវិភាគ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ចល័ត​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កោះកុង ត្បូងឃ្មុំ និង​ស្វាយរៀង មុន​បន្ត​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។​



​ដូចជា​ការគ្រោងទុករ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បានរៀបចំ​កាលវិភាគ​ស​ម្រា​ប់​ចុះទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ចល័ត​នៅតាម​បណ្តា​ខេត្ត តាំងពី​ដើមឆ្នាំ​២០១៩​មក​។ មកដល់​ខែតុលា​នេះ គឺ​ដល់​វេន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្បូងឃ្មុំ កោះកុង និង​ស្វាយរៀង​។

​ថ្ងៃទី​២៨ ខែតុលា ដល់​ថ្ងៃទី​០១ ខែវិច្ឆិកា នឹង​ចុះ​ទៅដល់​ខេត្តស្ទឹងត្រែង ព្រៃវែង តាកែវ និង​កំពង់ធំ​។ សម្រាប់​ខេត្តមណ្ឌលគិរី កំពង់ធំ ត្បូងឃ្មុំ និង​តាកែវ នឹង​ត្រួតពិនិត្យ​បច្ចេកទេស​យានជំនិះ​នៅ​ថ្ងៃទី​៤-៨ ខែវិច្ឆិកា​។ នៅ​ថ្ងៃទី​១៨-២២ ខែវិច្ឆិកា ដល់​វេន​ខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ ស្វាយរៀង និង​កំពត​។ រហូតដល់​ថ្ងៃទី​២៥-២៩ ខែវិច្ឆិកា បន្ត​ដល់​ឧ​ត្ត​រ​មានជ័យ កំពត ស្វាយរៀង និង​ពោធិ៍សាត់ ដដែល​។



​សម្រាប់​ខែធ្នូ ក្រសួង​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ ចាប់ពី​ថ្ងៃទី​២-២៧​។ នៅ​ខេត្តព្រៃវែង ប៉ៃលិន កែប និង​តាកែវ ថ្ងៃទី​០២-០៦​។ ថ្ងៃទី​០៩-១៣ ខេត្តកោះកុង កំពត បន្ទាយមានជ័យ និង​ត្បូងឃ្មុំ​។ រួច​បន្ត​មក​ខេត្ត​កែប បន្ទាយមានជ័យ កំពង់ធំ និង​តាកែវ វិញ​នៅ​ថ្ងៃទី​១៦-២០​។ រហូតដល់​ថ្ងៃទី​២៣-២៧​ចុងឆ្នាំ​២០១៩ ត្រឡប់មក​ត្រួតពិនិត្យ​នៅ​ខេត្តតាកែវ បន្ទាយមានជ័យ កោះកុង និង​កំពង់ធំ​។

​បើតាម​សេចក្ដីប្រកាស​ក្រសួង​សាធារណការ ការចុះ​ត្រួតពិនិត្យ​បច្ចេកទេស​យានជំនិះ​ដែល​ចល័ត​តាម​បណ្តា​ខេត្ត​នេះ គឺ​ដើម្បី​បង្ខិត​សេវាសាធារណៈ ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ចំណេញ​ពេលវេលា និង​ថវិកា ដោយ​ម្ចាស់​យានយន្ត​មិនចាំបាច់​ធ្វើដំណើរ​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​ភ្នំពេញ​ដូច​មុន​ទៀតឡើយ​។

​ក្រសួង​សាធារណការ បាន​បញ្ជាក់ថា ចំពោះ​យានយន្ត​ដែល​បាន​ចុះបញ្ជី​រួច​(​មាន​ស្លាក​លេខ​)​ត្រូវ​ភ្ជាប់​មក​នូវ ពាក្យសុំ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​១​ច្បាប់​, ប័ណ្ណ​សម្គាល់​យានយន្ត ១​ច្បាប់​,​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​១​ច្បាប់ និង​បង្កាន់ដៃ​បង់ប្រាក់​១​ច្បាប់​។

​បើ​ករណី​ម្ចាស់​យានយន្ត មិនទាន់​ចុះបញ្ជី​សុំ​សា្ល​ក​លេខ ត្រូវ​ភ្ជាប់​មកជា​មួយ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតឆ្លងដែន ឬ​ប័ណ្ណ​ប៉ាតង់ ១​ច្បាប់ បង្កាន់ដៃ​ពន្ធ​នាំចូល​១​ច្បាប់ បង្កាន់ដៃ​បង់ប្រាក់​១​ច្បាប់ និង​ពាក្យសុំ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​១​ច្បាប់​។ នេះ​បើ​សេចក្តីប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕




© រក្សាសិទ្ធិដោយ thmeythmey.com