សាំង​យន្តហោះ និង​សាំង​រថយន្ត​ខុសគ្នា​បែបណា​?
រថយន្ត
អន្តរជាតិ
សាំង​យន្តហោះ និង​សាំង​រថយន្ត​ខុសគ្នា​បែបណា​?
21, Oct 2019 , 7:39 pm        
រូបភាព
​លោកអ្នក​ប្រហែលជា​ធ្លាប់​សួរ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​យន្តហោះ​ត្រូវ​ប្រើប្រាស់​សាំង​ប្រភេទ​របស់​វា​? តើ​ឡាន ឬ​ម៉ូតូ​ធម្មតា​អាច​ដំណើរការ​ទៅមុខ​ដែរឬទេ បើ​គេ​ចាក់​សាំង​យន្ត​ហោះចូល​? និយាយ​ជារួម សាំង​ធម្មតា និង​សាំង​យន្តហោះ​មិនមាន​លក្ខណៈ​ខុសគ្នា​ខ្លាំងពេក​នោះទេ តែ​រថយន្ត​របស់​អ្នក​ក៏​ប្រហែលជា​មិនអាច​ដំណើរការបាន​ជាមួយនឹង​សាំង​យន្តហោះ​បានល្អ​នោះដែរ​។



​ដោយ​បកស្រាយ​ចេញពី​គេហទំព័រ Interesting Engineering សាំង​យន្តហោះ​គឺជា​សាំង​ដែលមាន​ការពិនិត្យ​យ៉ាងច្បាស់​លាស់​តាំងពី​ក្រម​ខ​ណ្ខ​ជាតិ រហូតដល់​ក្រ​មខ​ណ្ខ​អន្តរជាតិ​។ ឧទាហរណ៍​ដូចជា​នៅ​សហរដ្ឋអាមេរិក អង្គការ​មួយ​ដែលមាន​ឈ្មោះថា ASTM International មានមុខ​ងារ​ជា​អ្នកពិនិត្យ​សាំង​យន្តហោះ​បែប​ពាណិជ្ជកម្ម ចំណែកឯ​ក្រសួងការពារជាតិ​មាន​តួនាទី​ក្នុងការ​ពិនិត្យ​សាំង​សម្រាប់​យន្តហោះ​ចម្បង​។ គេ​ចែក​សាំង​យន្តហោះ​ជា​ពីរ​ប្រភេទ​ធំៗ​គឺ Jet A និង Jet B ។ ប្រភេទ Jet B ភាគច្រើន​គេ​ប្រើប្រាស់​នៅតាម​សមរភូមិ​សង្គ្រាម និង​កន្លែង​ពិបាកៗ​ជាច្រើន​ទៀត​។

​សាំង​រថយន្ត និង​សាំង​យន្តហោះ​គឺជា​ពពួក​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​ស្រដៀង​គ្នា​ទេ​។ អ្វីដែល​មិន​ដូចគ្នា​គឺ​ទម្រង់​ខុសៗ​នៃ​ខ្សែ​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​។ សាំង​ធម្មតា​មាន​អាតូម​កាបូន​ប្រមាណ​ជា​ពី​៧​ទៅដល់​១១​អាតូម​ក្នុង​មួយ​ខ្សែៗ​។ ចំណែកឯ​សាំង​យន្តហោះ​វិញ​អាចមាន​អាតូម​កាបូន​ពី​១២​ទី​ដល់​១៥​ក្នុង​មួយ​ខ្សែ​ម៉ូលេគុល​។ នេះ​គឺ​ដោយសារតែ​យន្តហោះ​ធ្វើដំណើរ​នៅក្នុង​ស្រទាប់​បរិយាកាស​ត្រជាក់ រហូត​ទៅដល់​៤០​អង្សារ​សេ​ក្រោម​សូន្យ​។

​ក្នុង​លក្ខ​ខ​ណ្ខ​បែបនេះ សាំង​ធម្មតា​អាច​កក​បាន​។ សាំង​ដែល​កក​មិនមាន​សុ​វត្តិភាព​នោះឡើយ​។ ម្យ៉ាងវិញទៀត សាំង​យន្តហោះ​មិន​ងាយ​ឆាប់ឆេះ​ដូច​សាំង​ធម្មតា​នោះដែរ​។ សារធាតុ​ពិសេសៗ​ផ្សេងៗ​ដូចជា សារធាតុ​ការពារ​ការងាយ​កក ការពារ​ច្រេះ ការពារ​អគ្គិសនី​ស្តាទិច និង​ការពារ​បាក់តេរី ក៏ត្រូវ​បាន​គេ​លាយ​ចូលទៅក្នុង​សាំង​យន្តហោះ​ដែរ ក្នុងការ​ធានា​នូវ​សុ​វត្តិភាព​បន្ថែម​នៅពេល​កំពុង​ហោះហើរ​។ តែ​ក្នុងករណី​លើកលែង​មួយចំនួន រថយន្ត Toyota Hilux ២០១២ នៅតាម​តំបន់​អា​ទិច​អាច​ប្រើប្រាស់​សាំង​យន្តហោះ​បាន ប៉ុន្តែ​លុះត្រាតែ​វា​ជា​ម៉ាស៊ីន​ឌី​សែ​ល​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com