រថយន្ត
អន្តរជាតិ
ប៉ូលិសអាល្លឺម៉ង់ហាមឃាត់រថយន្តពណ៌មាស ដោយសារពន្លឺចែងចាំងខ្លាំងពេក
× នាប្រតិបត្តិការ នៅតាមបណ្តោយផ្លូវក្នុងក្រុង Dusseldorf កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមប៉ូលិសអាល្លឺម៉ង់ បានរកឃើញមិនប្រក្រតីជាច្រើន ក្នុងនោះមានរថយន្ត BMW X5 ពណ៌មាសមួយគ្រឿងផងដែរ។ ពន្លឺពណ៌មាសភ្លឺផ្លេកខ្លាំង ជាមូលដ្ឋានដែលនាំឲ្យមានការហាមឃាត់ការធ្វើចរាចរណ៍។
បុរសដើមកំណើតកូសូវ៉ូម្នាក់ ខកចិត្តយ៉ាងខ្លាំង ដោយការតុបតែងរថយន្តពណ៌មាសរបស់ខ្លួន មិនជាទីគាប់ចិត្តរបស់មន្ត្រីប៉ូលិសនៅក្រុង Dusseldorf។ រថយន្តរបស់គាត់ត្រូវបានប៉ូលិសស្ទួចយកទៅទុក និងហាមឃាត់។ គាត់បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ប៉ូលិសចាត់ទុកខ្ញុំដូចជាឧក្រិដ្ឋជន ប៉ុន្តែខ្ញុំមិនមែនជាជើងកាងនោះឡើយ។ បើដូច្នោះមែននោះ ខ្ញុំច្បាស់ជាគេចខ្លួន មិនមែនធ្វើដំណើរក្នុងទីក្រុងដោយជិះរថយន្តពណ៌មាសបែបនេះទេ»។
យោងតាមការអះអាងរបស់អ្នកជំនាញ អ្នកនាំពាក្យប៉ូលិសក្រុង Dusseldorf បានបញ្ជាក់ថា ពន្លឺពណ៌មាសនៅរថយន្ត នាំឲ្យមានចំណាំងផ្លាតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់។
តាមពិតទៅ រថយន្ត BMW X5 នោះ មិនមែនស្រោបដោយមាសពិតប្រាកដនោះឡើយ ប៉ុន្តែជាការស្រោបប្លាស្ទិកពណ៌មាស ដោយម្ចាស់រថយន្តត្រូវបានតម្រូវឲ្យដកវាចេញ ប្រសិនបើគេចង់បន្តបើករថយន្តនោះនៅលើផ្លូវថ្នល់។
បើតាមសារព័ត៌មាន Stugarter Zeitung លោក Harald Schmidtke អ្នកជំនាញតុបតែងរថយន្តនៅអាល្លឺម៉ង់ បានថ្លែងប្រាប់ថាការស្រោបពណ៌មាសលើរថយន្តត្រូវចំណាយក្នុងរង្វង់ពី២៥០០ ទៅ៣០០០អឺរ៉ូ។ ដើម្បីកុំឲ្យមានករណីហាមឃាត់បែបនេះ កើតឡើង លោកចង់ឲ្យមានការកំណត់គោលការណ៍ឲ្យបានច្បាស់លាស់លើការតុបតែងរថយន្ត។
ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ dpa ក៏បានបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះឡើយ ដែលមានការហាមឃាត់រថយន្តពណ៌មាស កន្លងមក ប៉ូលិសក្រុង Hamburg ក៏ធ្លាប់ហាមឃាត់រថយន្ត Porsche Panamera ផងដែរ ដោយម្ចាស់រថយន្តសុទ្ធតែអត់ដឹងថា ទង្វើរបស់ខ្លួនខុសនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com