ជាតិ
សេដ្ឋកិច្ច
ហេតុអ្វី​មេ​ពន្ធដារ ចូល​ឆ្លើយ​សំណួរ​សាធារណជន​ដោយផ្ទាល់ ក្នុង Facebook Live ?
21, Oct 2019 , 6:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក គង់ វិបុល គឺជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលជា​ស្ថាប័ន​ដ៏​សំខាន់​របស់​រដ្ឋ​ក្នុងការ​ប្រមូល​ចំណូល​ថវិកាជាតិ​។ នៅ​ព្រឹក​ថ្ងៃទី​២១​ខែតុលា​នេះ លោក​បាន​ចូលខ្លួន​ឆ្លើយតប​នឹង​សំណួរ​អ្នក​ជាប់ពន្ធ និង​សាធារណជន​ដោយផ្ទាល់ តាមរយៈ​កម្មវិធី​ស្ដីពី​ពន្ធដារ​កម្ពុជា ដែល​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក (Facebook Live) របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​



​គ្មាន​ពិធីករ គ្មាន​អ្នកសម្របសម្រួល លោក គង់ វិបុល ធ្វើ​គារវៈកិច្ច​ដោយផ្ទាល់​ទៅ​សាធារណជន និង​ទទួល​ការហៅ​ចូល ទទួល​សារ​ជា​សំណួរ អាន​ខំ​មិន (Comment) រួច​ឆ្លើយតប​នឹង​សំណួរ​ទាំងនោះ​។

​លោក គង់ វិបុល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ខ្សែ​ទូរ​សព្ទ​ក្រោយ​បញ្ចប់​កម្មវិធី​ផ្សាយ​ផ្ទាល់​ថា  ការរៀបចំ​កម្មវិធី​នេះ​ឡើង ក៏ដូចជា​ការដែល​លោក​ចូលខ្លួន​ឆ្លើយ​សំណួរ​សាធារណ​ជននេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការផ្ដល់សេវា​ពន្ធដារ​កា​ន់​តែ​ល្អប្រសើរ​។ លោក​គូសបញ្ជាក់​ដូច្នេះ​ថា​«​ក្នុង​គោលដៅ បង្កើន​នូវ​ការពង្រឹង​ការផ្ដល់សេវា​ដល់​អ្នកជា​ប់ព​ន្ធ ពង្រឹង​ការយល់ដឹង​ដល់​អ្នក​ជាប់ពន្ធ ជារួម​គឺ​ពង្រឹង​ការផ្ដល់សេវា​ដល់​អ្នកជា​ប់​ពន្ធ​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស​ផ្ដល់ព័ត៌មាន​ផ្សេងៗ​ទៀត​»​។​

​ប្រសាសន៍​លោក គង់ វិបុល ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​៖




​សំណួរ​ជាទូទៅ​ពី​សាធារណជន គឺជា​សំណួរ​បច្ចេកទេស​ក្នុង​វិស័យ​ពន្ធដារ ឬ​សំណួរ​អំពី​នីតិវិធី​ពាក់ព័ន្ធ​ការបង់ពន្ធ​។ លោក គង់ វិបុល ដែលជា​អ្នកទទួល​សំណួរ​ទាំងនោះ បាន​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ក្នុងនាម​ជា​ប្រធាន​អង្គភាព​ស្ថាប័ន​មួយ គឺ​ត្រូវតែ​អាច​ក្ដោប​ក្ដាប់​កិច្ចការ​ក្នុង​វិស័យ​ដែល​ខ្លួន​គ្រប់គ្រង​។ លោក​មានប្រសាសន៍​ដូចនេះ​ថា​៖«​ធម្មតា ខ្ញុំ​ជា​អ្នកដឹកនាំ​បច្ចេកទេស​ដែរ ប៉ុន្តែ​បើសិនជា ខ្ញុំ​ដឹកនាំ​ការដ្ឋាន​ធ្វើ​ការងារ​បច្ចេកទេស​តែបើ​ខ្ញុំ​អត់​ដឹង ដឹកនាំ​គេ​ម្ដេច​នឹង​កើត ដូចនេះហើយ​ខ្ញុំ​ត្រូវតែ​ឆ្លើយ ហើយ​ណាមួយ​ចង់​បង្រៀន​មន្ត្រី​យើងខ្ញុំ​ដែរ ឲ្យ​ចេះ​របៀប​ធ្វើការ​ប្រសើ​ជាង​មុន​»​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក គង់ វិបុល ចូលខ្លួន​ឆ្លើយ​សំណួរ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​។ តែ​ក្រៅពីនេះ លោក​ក៏បាន​ដោះស្រាយ​ចម្ងល់​របស់​អ្នក​ជាប់ពន្ធ​តាម​កម្មវិធី​សិក្ខាសាលា​មួយចំនួន​ក្នុងពេល​កន្លងមក​ផងដែរ​។ លោក​បញ្ជាក់ថា ការបញ្ជ្រាប​ការយល់ដឹង និង​ដោះស្រាយ​ចម្ងល់​របស់​អ្នក​ជាប់ពន្ធ គឺជា​កិច្ចការ​មួយ​ដើម្បី​ពង្រឹង​នូវ​តម្លាភាព​សម្រាប់​អ្នក​ជាប់ពន្ធ និង​ពង្រឹង​អភិបាលកិច្ច​របស់​រដ្ឋា​ភិ​បាល​។ លោក​ឲ្យ​ដំណឹង​ថា លោក​នឹង​ឆ្លៀតពេល​ដើម្បី​ចូលខ្លួន​ឆ្លើយ​សំណួរ​របស់​សាធារណជន​នៅលើ​ក​ក្រោយៗ​ទៀត​។​

​គួរ​បញ្ជាក់ថា ក្រៅពី​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​រៀបចំ​ឲ្យ​មន្ត្រី​បច្ចេកទេស​តាម​ផ្នែក​នីមួយៗ ជាអាទិ៍​ផ្នែក​ពន្ធ​ពាក់ព័ន្ធ​អចលនទ្រព្យ ចូលខ្លួន​មក​ដោះស្រាយ​ចម្ងល់​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​៕

Tag:
 ពន្ធ​
  គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com