ពីនេះ ពីនោះ
«​ប៉ាន​»​មានន័យ​ខុសពី​«​ប៉ាន់​»​បែបណា​?
22, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ប៉ាន​» សំដៅលើ​ពាស​ពីលើ​,​ស្រោប​ថែម​,​ដាក់ ឬ​ពាក់​ប្រដាប់ ដែល​ហៅថា ប៉ាន​។ បើ​ពាក្យ​«​ប៉ាន់​»​វិញ មានន័យថា សូន​ធាតុដី​ជ្រាយ​ឲ្យ​កើត​បានជា​រូប​។



​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​បញ្ជាក់ថា «​ប៉ាន​»​ជា​កិរិយាសព្ទ មានន័យថា ពាស​ពីលើ ស្រោប​ថែម​។ ត្រូវប៉ាន​ដែកថែប​មួយ​ផ្ទាំង​ទៀត​, ប្រយ័ត្ន​! ក្បាល​អ្នកឯង​មិនមែន​ប៉ាន​ដែក​ទេ កុំ​ហ៊ាន​ពេក​។ «​ប៉ាន​»​ជា​នាមសព្ទ​មានន័យថា ប្រដាប់​សម្រាប់​គ្រប រឺ​សម្រាប់​ប៉ះ​ភ្ជាប់​។ ប៉ានមុខគោ​,​ប៉ានដៃ​។

​រីឯ​កិរិយាសព្ទ​«​ប៉ាន់​»​វិញ សំដៅលើ សូន​ធាតុដី​ជ្រាយ​ឲ្យ​កើតជា​រូប​អ្វីៗ​។ ប៉ាន់រូប​។ «​ប៉ាន់​»​មានន័យ​ម្យ៉ាង​ទៀតថា បែងចែក​,​បូកបោះ​,​លៃ​មើល​។ ប៉ាន់​មើលទៅ​ឃើញ​អស់ប្រាក់​ចំនួន​២០០០​រៀល​។ និយាយ​ជា បូកប៉ាន់ ក៏បាន​។

​ប្រើ​«​ប៉ាន់​»​ជា​នាមសព្ទ​វិញ មានន័យថា ជា​ភាជនៈ​ធ្វើ​ដោយ​ដៃ​វិសេស មាន​ដៃ មាន​ចំពួយ សម្រាប់​ឆុងតែ​។ ប៉ាន់តែ តែមួយ​ប៉ាន់​។ «​ប៉ាន់​»​ប្រើ​ជា​គុណសព្ទ​វិញ មានន័យថា វៀច ទ្រេត ផត​។ ក្បាល​ប៉ាន់​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com