ONE Championship
កីឡាជាតិ
ជាតិ
បន្ទាប់ពីឈ្នះខ្សែក្រវាត់អធិរាជគុនខ្មែរ ឡៅ ចិត្រា ដាក់គោលដៅយកមេដាយមាសនៅស៊ីហ្គេម
×
អត្ថបទ៖ ស៊ីធី
ជើងខ្លាំងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា ដែលកំពុងកសាងឈ្មោះល្បីល្បាញក្នុងស្រុក និង ឆាកអន្តរជាតិបានដាក់គោលដៅ យកមេដាយមាស នៅស៊ីហ្គេមលើកទី៣០ ចុងឆ្នាំ ២០១៩នេះឲ្យបាន។ ចិត្រា ដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធិ កាលស៊ីហ្គេមឆ្នាំ ២០១៧ នៅម៉ាឡេស៊ីនោះ តាំងចិត្តដូច្នេះ ក្រោយគ្រងខ្សែក្រវាត់អធិរាជគុនខ្មែរ ISI របស់ភីអិនអិននាពេលថ្មីៗនេះ។
ឡៅ ចិត្រា ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ម្ដងនោះបានអះអាងថា៖«ខ្ញុំចង់បានមេដាយ ហើយ ជាមេដាយខ្ពស់បំផុតសម្រាប់កម្ពុជា គឺ មេដាយមាសក្នុងកម្មវិធី ប្រកួត Kickboxing។ ខ្ញុំយល់ឃើញកម្លាំងដៃរបស់ខ្ញុំធ្ងន់ជាងមុន ខ្ញុំត្រៀមខ្លួនបានល្អជាងស៊ីហ្គេមលើកមុននៅម៉ាឡេស៊ី»។ ឡៅ ចិត្រា ឈ្នះខ្សែក្រវាត់នៅ ភីអិនអិន តាមរយៈការផ្ដួលកីឡាករទាំងនីមួយៗ ត្រឹមទឹកទី២ប៉ុណ្ណោះ បើគិតចាប់តាំងពីខែ ឧសភា រហូតដល់វគ្គផ្ដាច់ព្រ័ត្រនាពាក់កណ្ដាលខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ។
ចិត្រា បានតាំងចិត្តរួចហើយដោយដាក់ទិសដៅដើរតាមគន្លងរបស់ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០១៧ ឃីម ឌីម៉ា ឬ ឃុន ឌីម៉ា។ ឌីម៉ា ជាបុរសម្នាក់គត់ដែលបង្កើតប្រវត្តិសាស្ត្រជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ក្នុងវិញ្ញាសា Kickboxing។
សិស្សគុននៃក្លិបឆត្រយោង៩១១ បានគូសបញ្ជាក់ថា៖«ខ្ញុំត្រៀមខ្លួនបានល្អ ទាំងការហូបចុក តមអាហារ និង ការហ្វឹកហាត់។ ក្នុងនោះ ខ្ញុំតមគ្រឿងកំប៉ុងដែរចៀសវាងការពិនិត្យទៅឃើញសារធាតុប៉ូវកម្លាំង។ ម្ហូបអាហារខាងមជ្ឈមណ្ឌលប្រមូលផ្ដុំ...គេធ្វើឲ្យហូបគ្រប់គ្រាន់»។
គេនៅចាំបានថា ចិត្រា មានក្បាច់ប្រកួតប្រដេញគ្នា ពេលចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Ain Bin កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមឆ្នាំ ២០១៧ ដោយរូបគេដើរចូលវ៉ៃបុករហូត ប៉ុន្តែបែរជាចាញ់។ បែបណាក្ដី កូនសិស្សលោក ហង្ស ស៊ឺន បានរៀនសូត្រ និង មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីកែប្រែឲ្យល្អប្រសើរ។ ក្រៅពីនេះ ប្អូនបង្កើត ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា ក៏បានទទួលបទពិសោធន៍ល្អពីកីឡាករថៃ Superlek Kiatmoo9 ផងដែរ ពេលរងបរាជ័យនៅសង្វៀន ONE Championship កាលខែកុម្ភៈ នៅប្រទេសថៃ។ ជើងឯកគុនខ្មែរនៅសង្វៀនស្ថានីយទូរទស្សន៍បាយ័ន និង ភីអិនអិន បានហាត់បង្កើនក្បាច់ជើង ទម្ងន់ដៃ និង បង្កើនភាពរហ័សរហួន ក្រោយវ៉ៃ Superlek មិនត្រូវដែលបណ្ដាលឲ្យចាញ់ពិន្ទុ។
គួររំលឹកថា ឡៅ ចិត្រា មានឈ្មោះទៅប្រកួត Kickboxing លើកទី២ក្នុងចំណោមកីឡាករ ៥ នាក់ផ្សេងទៀត ហើយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានតែងតាំងលោក ហង្ស ស៊ឺន ជាគ្រូបង្ហាត់កីឡាករគុនខ្មែរទៅប្រកួតនៅស៊ីហ្គេមចុងឆ្នាំនេះ។ កាលឆ្នាំ ២០១៧ ឃីម ឌីម៉ា បានដណ្ដើមមេដាយមាសជូនជាតិមាតុភូមិក្រោយឈ្នះ កីឡាករថៃ Chonlawit ខណៈដែល ឡៅ ចិត្រា ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈ្នះត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់ កីឡាករម្ចាស់ផ្ទះ ម៉ាឡេស៊ី Ain Bin Kamaprudin ដោយពិន្ទុ។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMAwww.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
© រក្សាសិទ្ធិដោយ thmeythmey.com