លោក ស សុខា​៖ Soccer League ជា​ថ្នាល​បណ្តុះ​ធនធាន​កីឡាករ​ឲ្យ​ឈានទៅរក​កម្រិត​អាជីព​
កីឡាជាតិ
ជាតិ
លោក ស សុខា​៖ Soccer League ជា​ថ្នាល​បណ្តុះ​ធនធាន​កីឡាករ​ឲ្យ​ឈានទៅរក​កម្រិត​អាជីព​
22, Oct 2019 , 11:49 am        
រូបភាព
​ជា​ពាន​ពាក់កណ្តាល​អាជីព​ក៏ពិតមែន តែ Soccer League ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្រុមបាល់ទាត់​នានា​។ ជាក់ស្តែង​នៅ​ឆ្នាំនេះ ពានរង្វាន់​បង្កើតឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាមួយនេះ បាន​ទាក់ទាញ​ក្រុម​ចំនួន​៧២​ឲ្យ​ចូលរួម ដែលមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ក្រៅពី​រួមចំណែក​ជួយ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា Soccer League បានផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ជួបជុំគ្នា និង​បង្ហាញ​សមត្ថភាព ដើម្បី​សម្រេច​គោលបំណង​របស់​ពួកគេ ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​។​



​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បាន​និយាយថា ព្រឹត្តិការណ៍ Soccer League ដែលជា​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​ដ៏​ធំ​មួយ​នៅ​កម្ពុជា បានរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​កម្ពុជា​។ លោក កត់សម្គាល់​ឃើញថា កីឡាករ​មួយចំនួន ដែល​ចូលរួម​លេង​ក្នុង​ពានរង្វាន់​នេះ កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​។


លោក ស សុខា អស់សំណើចពេលចាប់ឆ្នោតប៉ះក្រុមស.ស.យ.ក ខេត្តព្រៃវែង

«​អ្វីដែល​យើង​បាន​រកឃើញ​ក្នុងចំណោម​កីឡាករ Soccer League ដែល​យើង​បាន​បង្កើត​មាន​មួយចំនួន​បច្ចុប្បន្នកំពុង​លេង​លី​គជា​មួយ​ក្លិប​អាជីព​។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញថា កីឡាករ​ដែល​ចូលរួម​លេង​នៅ​ឆ្នាំនេះ អាចនឹងទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​ក្លិប​នានា ដើម្បី​យកទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម​ឲ្យ​ឈានទៅរក​កម្រិត​អាជីព​»​។ លោក ស សុខា លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន និង​ពិធី​ចាប់ឆ្នោត​ពានរង្វាន់ Soccer League 2019 កាលពី​ថ្ងៃទី​២០ តុលា នា​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ប្រធាន​គណៈកម្មការ​រៀប​ចំ​ពានរង្វាន់ Soccer League រូបនេះ​បាន​សង្កត់ធ្ងន់ថា ពានរង្វាន់​នេះ​មិនមែន​បង្កើតឡើង​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ ឬ​ផ្តល់​ផលប្រយោជន៍​ឲ្យ​បុគ្គល​ណា​ឡើយ ពោលគឺ​ដើម្បី​យុវជន​កម្ពុជា​ទាំងអស់គ្នា​។ តាមរយៈ​ព្រឹត្តិការណ៍​នេះ​លោក​រំពឹងថា នឹង​ក្លាយជា​ចលករ​ក្នុងការ​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡាបាល់ទាត់​កាន់តែច្រើន​។


លោក ហ៊ុន ម៉ានី ពេលចូលរួមចាប់ឆ្នោតការប្រកួតពានរង្វាន់ Soccer League ប្រចាំឆ្នាំ២០១៩

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ពានរង្វាន់ Soccer League ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១២ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​យុវជន ដែល​មិនមែនជា​កីឡាករ​អាជីព​បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ជាដើម​។​

​ក្នុងឱកាស​ធ្វើជា​ធិបតី​ក្នុង​ពិធី​ចាប់ឆ្នោត​ប្រកួត លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា​៖«​គោលបំណង​នៃ​ការប្រកួត គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ក្នុងការ​ជួបជុំគ្នា រឹតចំណង​មិត្តភាព សាមគ្គីភាព និង​បង្កើន​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការប្រកួត​បាល់ទាត់​។ ពិសេស​ដើម្បី​ជំរុញ​ទឹកចិត្ត​យុវជន​ដែល​មិនមែនជា​កីឡាករ​អាជីព​ឲ្យ​លេង​កីឡា ដើម្បី​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ក៏ដូចជា​ផ្តល់ឱកាស​ដល់​យុវជន​បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ជាដើម​»​។


លោក ហ៊ុន ម៉ានី លើកបង្ហាញក្រដាសឈ្មោះក្រុមក្នុងពិធីចាប់ឆ្នោតការប្រកួត Soccer League

​លោក​បាន​បន្ថែមថា​៖«​កីឡា​ក៏​នឹង​រួមចំណែក​អប់រំ​ស្មារតី​យុវជន​ឲ្យ​ប្រើប្រាស់​ពេលវេលា​ទំនេរ​ពី​ការសិក្សា និង​ការងារ​របស់ខ្លួន​មកលេង​កីឡា ជាជាង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​ដូចជា​ការសេព​គ្រឿងញៀន ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ និង​សង្គម ការលេង​ល្បែង​ពាលា​អាវ៉ាសែ​ជាដើម​»​។​

​ទ​ន្ទឺ​ម​នឹង​នេះ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូបនេះ ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​គោរព​លក្ខខណ្ឌ និង​បទបញ្ជា​ការប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​ក្រោម​ស្មារតី​លេង​ដោយ​យុត្តិធម៌ និង Fair Play​។ ទោះបី​ពានរង្វាន់​នេះ​បាន​ប្រព្រឹត្តទៅ​៤​លើក​រួចមកហើយ​ក្តី តែ​លោក ហ៊ុន ម៉ា​នី ជឿជាក់ថា កំហុសឆ្គង​អាច​នឹង​បន្ត​កើតមាន​ចំពោះ​ការរៀបចំ​ពានរង្វាន់​មួយ​នេះ​។ 

​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៩ មាន​ក្រុម​ចូលរួម​ប្រកួតប្រជែង​ចំនួន​៧២​ក្រុម ដោយ​បែង​ចែកជា​១៦​ពូ​ល​(A-P)​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី​២ ខែវិច្ឆិកា ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​។ កាលពី​ឆ្នាំ​២០១៦ មាន​ក្រុម​ចូលរួម​ចំនួន​៦០​ក្រុម ២០១៥​មាន​៤៧​ក្រុម ២០១៣​មាន​៤០​ក្រុម និង​២០១២ មាន​២០​ក្រុម​៕ 














Tag:
 Soccer League 2019
  ស សុខា​
  ហ៊ុន ម៉ា​នី
© រក្សាសិទ្ធិដោយ thmeythmey.com