ជាតិ
សម្ដេច ហ៊ុន សែន ច្រានចោល​សំណើ​រដ្ឋមន្ត្រី​សុខាភិបាល ដោយសារ​បារម្ភ​ពី​បញ្ហា​ជំងឺ​ពុករលួយ​
22, Oct 2019 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោល​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដែល​ស្នើឱ្យ​រដ្ឋាភិបាល​កំណ​ត់ល​ក្ខ​ខណ្ឌ​ពិនិត្យ​សុខភាព​បេក្ខជន​ប្រឡង​ចូល​ក្របខ​ណ្ខ​រដ្ឋ​។ មូល​ហេតុដែល​សម្ដេច បដិសេធ​សំណើ​នេះ ដោយសារ​សម្ដេច បារម្ភ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​។​



​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នៅ​ព្រឹក​ថ្ងៃទី​២២ តុលា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ការកំណត់​លក្ខខណ្ឌ​ពិនិត្យ​សុខភាព​បេក្ខជន​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ វា​ជា​បន្ទុក​ធំ​មួយ សម្រាប់​អ្នកមាន​សមត្ថភាព​។ ម្យ៉ាងវិញទៀត​សម្ដេច ហ៊ុន សែន យល់ឃើញថា លក្ខខណ្ឌ​បែបនេះ វា​ក៏​ជា​ច្រក​ផ្លូវ ដែលនាំឱ្យ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ដែរ​។​




«​ក្នុង​ប៉ុន្មាន​ថ្ងៃមុន ខ្ញុំ​បាន​ទាត់ចោល​សំណើ​របស់​ក្រសួងសុខាភិបាល​មួយ ។ ក្រសួងសុខាភិបាល (​សំណើ​) ដើម្បី​សុំ​ធានា ដែល​គេ​ហៅថា សុខភាព​សាធារណៈ​។ (​ក្រសួងសុខាភិបាល​) ចង់​សុំឱ្យ​មានការ​ពិនិត្យ​សុខភាព​ទៅលើ​បេក្ខជន ដែល​ប្រឡង​ជាប់ ឬ​បេក្ខជន​ដែល​ត្រៀមប្រឡង មុននឹង​អនុញ្ញាត​ឱ្យចូល​ប្រឡង ក្រែងលោ​មាន​ជំងឺឆ្លង​។ អ៊ីចឹង​ទេ ហាក់ដូចជា​ដាក់បន្ទុក​បន្ថែម​ទៅលើ​បេក្ខជន​ដែល​ត្រូវ​ចូល​ប្រឡង ខ្លួន​មានចំណេះដឹង​គ្រប់ ប៉ុន្តែ​ស្រាប់តែ​ឧស្សាហ​ក្អក អត់​បាន​ជាប់​។ ប៉ុន្តែ​វា​មិនមែន​អ៊ីចឹង​ទេ ជួន​ការពិនិត្យ​សុខភាព វា​ជាការ​បង្កើត​ដើម្បី​សេវា​រកលុយ​…​។ រឿង​ដែល​សុំ​ផ្ដាំ​ទៅ​ក្រសួងសុខាភិបាល បញ្ហា​មិនមែន​ជំងឺ​ទេ អ្វីដែល​គួរ​ខ្លាច​គឺ​ជំងឺ​ពុករលួយ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី ។​

​សម្រាប់​មេដឹកនាំ​កម្ពុជា​រូបនេះ បញ្ហា​ជំងឺ​របស់​បេក្ខជន ដែល​ចូល​បម្រើ​ការងារ​នៅក្នុង​ក្របខណ្ឌ​រដ្ឋ វា​ជា​កាត​ព្វ​របស់​អង្គភាព និង​ស្ថាប័ន ត្រូវ​យកចិត្តទុកដាក់​តាម​ក្រោយ ពោលគឺ​នៅពេលដែល​បេក្ខជន​បានបង្ហាញ​សមត្ថភាព ឆ្លងកាត់​ការប្រឡង​ដោយ​ជោគជ័យ​។ «​ព្រោះ​ពេលដែល​ចូលធ្វើការ​ទៅ ពេលដែល​មាន​ជំងឺ​ស្អី​ទៅ ក្រសួង​យកចិត្តទុកដាក់​ពិនិត្យ មើលថែទាំ ថា​អាហ្នឹង​ត្រូវការ​ព្យាបាល​យ៉ាងម៉េច​? ហើយ​យើង​ចាំបាច់​ទៅ​ដាក់​លក្ខខណ្ឌ​ថា ត្រូវ​ពិនិត្យ​សុខភាព​សិន បាន​ឱ្យចូល​ប្រឡង អ៊ីចឹង​វា​ជា​ការបើក​កន្លែង​ដើម្បី​រកស៊ី​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែ​គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៊ីវិល នឹង​ឡើងជា​បន្តបន្ទាប់​ទៀត នាពេលខាងមុខ​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល បានដាក់​ចេញ​គោលនយោបាយ​កំណត់​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ ចាប់ពី​១​លាន​រៀល​ឡើងទៅ ក្រោយពី​ការតវ៉ា​ស្នើសុំ និង​ការរិះគន់​ចំពោះ​បញ្ហា​ប្រាក់ខែ​ទាប​នេះ ពី​សំណាក់​អ្នកនយោបាយ សហជីព និង​សង្គម​ស៊ីវិល​៕

Tag:
 ហ៊ុន សែន​
  ម៉ម ប៊ុនហេង​
  សុខាភិបាល​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com