អន្តរជាតិ
មហាក្សត្រ​ថៃ ដក​បុណ្យ​សក្តិ​ស្នំ​ឯក ព្រោះ​មិន​ស្មោះត្រង់ និង​ចង់បាន​តំណែង​ខ្ពង់ខ្ពស់​
22, Oct 2019 , 12:39 pm        
រូបភាព
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងស្នំឯក ស៊ីនីនាថ ពិលាសកល្យាណី ដែលត្រូវដកតំណែង។ រូបភាពផ្សាយដោយរាជវាំងថៃ
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងស្នំឯក ស៊ីនីនាថ ពិលាសកល្យាណី ដែលត្រូវដកតំណែង។ រូបភាពផ្សាយដោយរាជវាំងថៃ
​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) បាន​ដកតំណែង​ស្នំ​ឯក​ពី​ព្រះ​នាង ស៊ី​នី​នាថ ពិលាស​កល្យាណី ក្រោម​ហេតុផល​ថា មិន​ស្មោះត្រង់​នឹង​ស្ដេច មិន​គោរព​ក្រម​ប្រតិបត្តិ​រាជវង្ស និង​ប្រើប្រាស់​មុខតំណែង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ នេះ​បើតាម​ការប្រកាស​របស់​រាជវាំង​ថៃ​ដែល​ចូល​ធរមាន​នៅ​ថ្ងៃទី​២១ ខែកក្កដា​។ ព្រះ​ស្នំ ស៊ី​នី​នាថ ជា​បុគ្គល​ដំបូង​គេ​ក្នុង​រយៈពេល​ជាង​មួយរយ​ឆ្នាំ​ដែល​ទទួលបាន​តំណែង​ជា​ស្នំ​ឯក​នេះ​។ 



​ជាមួយនឹង​ការជំទាស់​ការតែងតាំង​អគ្គមហេសី​ឥតឈប់ឈរ រួមទាំង​ការ​កេងចំណេញ​ផលប្រយោជន៍​ផង​នោះ មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​ដកតំណែង​ឃុន​ចៅ​ព្រះ (Royal Noble Consort) ពី​ស្នំ​ឯក ស៊ី​នី​នាថ ពិលាស​កល្យាណី ដកតំណែង​ក្នុង​ជួរ​កងទ័ព និង​ដកហូត​រាល់​គ្រឿង​ឥស្សរិយយស​ទាំង​អ​ម្ប៉ា​ល​ម៉ាន​ទៀតផង​។ ស្នំ​ឯកអង្គ​នេះ ទើប​ទទួល​តំណែង​នេះ​កាលពី​ខែកក្កដា​កន្លងទៅ ដែលជា​បុគ្គល​ដំបូង​ក្នុង​រយៈពេល​មួយរយ​ឆ្នាំ​ទទួល​តំណែង​នេះ​។​

​បើតាម​សេចក្ដី​រាជប្រកាស​ថ្ងៃទី​២១ ខែតុលា ស្នំ​ឯកអង្គ​នេះ ជំទាស់​ការតែងតាំង​ព្រះ​នាង សុធី​តា ជា​អគ្គមហេសី ដោយបាន​ជំទាស់​ការរៀបចំ​ពិធី​នេះ​ដោយ​ចំហ ហើយ​ប្រើប្រាស់​អំណាច​ដើម្បី​កុំ​ឲ្យ​ពិធី​នេះ​កើតឡើង​ទៀតផង​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ស្នំ​អង្គ​នេះ ចង់​ឲ្យ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ តែងតាំង​ខ្លួន​ជា​អគ្គមហេសី​ជំនួស​វិញ​។ លើសពីនោះ ព្រះ​នាង​អង្គ​នេះ ក៏បាន​បំពាន​អំណាច តាមរយៈ​ការចេញ​បញ្ជា​ផ្សេងៗ​ទាក់ទង​សកម្ម​របស់​មហាក្សត្រ​ផងដែរ​។​

​ក្នុង​រាជប្រកាស​ដដែល ដើម្បី​បញ្ចៀស​បញ្ហា និង​សកម្មភាព​ដែល​ប៉ះពាល់​មុខមាត់​រាជវង្ស ស្ដេច​រាមា​ទី​១០ ក៏​តែងតាំង​ព្រះ​នាង ជា​ចៅ​ឃុន​ព្រះ​ស៊ី​នី​នាថ ពិលាស​កល្យាណី ដើម្បី​ឲ្យ​ស្ងប់ចិត្ត​។ យ៉ាងណាមិញ កាសែត​ដដែល​បាន​ស្រង់​ព័ត៌មាន​ពី​រាជ​ប្រកាសថា ទោះ​បាន​ខ្ពង់ខ្ពស់​ក្ដី ស្នំ​ឯកអង្គ​នេះ នៅតែ​ចង់បាន​តំណែង​ជា​អគ្គមហេសី​ដដែល​។ ទ្រង់​ក៏បាន​ចេញ​បញ្ជា​នានា​ដើម្បី​លើក​ប្រជាប្រិយ​របស់ខ្លួន ក្នុងន័យ​ទាក់ទាញ​ព្រះទ័យ​មហាក្សត្រ​។​

​ដោយ​មិន​ពេញ​ព្រះទ័យ​នឹង​រឿងនេះ មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ក៏​ចេញ​រាជបញ្ជា​ដកហូត​តំណែង ដក​សក្តិ និង​គ្រឿង​ឥស្សរិយយស​ទាំងអស់​តែម្ដង​។ ស្នំ​ឯកអង្គ​នេះ ជា​ឧ​ត្ត​សេនីយ៍​ទោ​ក្នុង​ជួរ​អង្គរក្ស​ផ្ទាល់​របស់​ស្ដេច ហើយ​មាន​ទំនាក់ទំនង​សម្ងាត់​នឹង​គ្នា​អស់​ពេល​ជា​យូរ​មកហើយ​។ ការឡើង​តំណែង​ចា​ស្នំ​ឯក​នាពេល​កន្លងទៅ ក៏​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ ព្រោះ​ជា​រឿង​កម្រ​ដែល​ស្ដេច​ថៃ​មាន​មហេសី​ពីរ​អង្គជា​ផ្លូវការ​បែបនេះ​។​

​ក្សត្រ​ថៃ​បច្ចុប្បន្ន មហា វ​ជិ​រាល​ង្ក​រណ៍ ធ្លាប់មាន​មហេសី​បី​អង្គ​ទៅហើយ​។ អគ្គមហេសី​ទី​បួន សម្ដេចព្រះ​រាជិនី​នាថ សុ​ធិ​តា ក៏​ធ្លាប់ជា​យោធា​ក្នុង​ជួរ​អង្គរក្ស​ស្ដេច​ដែរ ហើយ​ក៏មាន​ទំនាក់ទំនង​ស្ងាត់ៗ​ផងដែរ មុននឹង​រៀប​អភិសេក​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ​៕

Tag:
 ថៃ​
  មហា វ​ជិ​រាល​ង្ក​រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com